កូនប្រុសលោកហ៊ុន សែនគឺលោកហ៊ុន ម៉ានិតអះអាងថា ព័ត៌មានដែលថា លោកមាន១០០លានដុល្លារក្នុងធនាគារTDBank របស់អាមេរិកជាព័ត៌មានក្លែងក្លាយ។
ចំណែកលោកហ៊ុន សែនវិញក៏កំពុងមានវិធានការផ្លូវច្បាប់លើអង្គការមួយឈ្មោះ«ខ្ញុំខ្មែរ»ដោយលោកចោទប្រកាន់ថា ជាអ្នកដែលបញ្ចេញព័ត៌មានមិនពិតនេះមុនគេ។ លោកហ៊ុន សែនអះអាងថា មន្រ្តីគណបក្សប្រឆាំងដែលលោកហៅថា ជាគណបក្សព្រះអាទិត្យលិច និងតំណាងអង្គការ«ខ្ញុំខ្មែរ»ឈ្មោះTor Nimolជាអ្នកបញ្ចេញព័ត៌មាននេះ។
កូនប្រុសមេដឹកនាំរបបក្រុងភ្នំពេញដែលមានតួនាទីជា អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចរបស់ក្រសួងការពារជាតិរូបនេះសរសេរលើហ្វេសប៊ុករបស់លោកថា លោកគ្មានប្រាក់១០០លានដុល្លារនៅក្នុងធនាគារអាមេរិកឡើយ។
កូនប្រុសទីពីររបស់លោកហ៊ុន សែនរូបនេះ ចាត់ទុកថាព័ត៌មានដែលបង្ហោះចែកចាយលើបណ្ដាញសង្គមនេះ បង្កើតឡើងដោយក្រុមប្រឆាំងក្នុងគោលបំណងបង្ខូចឈ្មោះ លាបពណ៌ បង្កើតជាការសង្ស័យពីសារធារណជន។
លោកបន្តថា ពេលនេះលោកកំពុងតែពិចារណាថាតើគួរប្រើនីតិវិធីជាមួយអង្គការ«ខ្ញុំខ្មែរ»នេះឬក៏ទុកចោល? ដោយសារករណីបែបនេះមិនមែនជាលើកទី១ទេ។
ទោះជាយ៉ាងណាក៏ដោយលោកជា និច្ច ដែលជាប្រធានអង្គការ«ខ្ញុំខ្មែរ»បានចេញវីដេអូឃ្លីប បដិសេធថា អ្នកដែលបញ្ចេញព័ត៌មានដែលថា លោកហ៊ុន ម៉ានិតមានលុយ១រយលានដុល្លារក្នុងធនាគារអាមេរិកនោះមិនមែនជាបុគ្គលិកអង្គការរបស់លោកទេ។ លោកបន្តថា បុគ្គលរូបនោះគ្រាន់តែពាក់អាវសរសេរថា«ខ្ញុំខ្មែរ»ហើយរិះគន់រដ្ឋាភិបាលប៉ុណ្ណោះ។ លោកបន្តថា អង្គការរបស់លោកមិនមែនជាអង្គការប្រឆាំងនឹងរដ្ឋាភិបាល ឬគ្រួសាររបស់លោកហ៊ុន សែននោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ កាលពីខែកក្កដាឆ្នាំ២០១៦អង្គការឃ្លាំមើលពិភពលោកGlobal Witnessបានរកឃើញថា ក្រុមគ្រួសាររបស់លោកហ៊ុន សែនកំពុងកាន់កាប់ក្រុមហ៊ុន និងភាគហ៊ុនដោយសម្ងាត់ជាច្រើន ដែលក្រុមហ៊ុនខ្លះកំពុងរំលោភសិទ្ធិមនុស្សហើយខ្លះទៀតកំពុងរំលោភច្បាប់។ ប៉ុន្តែទាំងមន្រ្តីរដ្ឋាភិបាលនិងក្រុមគ្រួសារលោកហ៊ុន សែនតែងចេញមុខឆ្លើយបដិសេធ។
Global Witnessរកឃើញថា គ្រួសារត្រកូល«ហ៊ុន»បានកាន់កាប់ផ្ទាល់ ឬកាន់កាប់ដោយផ្នែកក្នុងក្រុមហ៊ុនជាច្រើនដែលមានដើមទុនចុះបញ្ជីជាង២០០លានដុល្លារសហរដ្ឋអាមេរិក ហើយបានដាក់ភាគហ៊ុនជាមួយក្រុមហ៊ុនបរទេសដែលមានយីហោល្បីៗដូចជា Apple, Unilever,Visa,Nestle, Honda និងក្រុមហ៊ុនចំនួន១១៤ផ្សេងទៀតនៅក្នុងប្រទេស។ ចំនួនទឹកប្រាក់ជាង២០០លានដុល្លារនេះជាចំនួនទឹកប្រាក់ដែលដាក់ចេញឲ្យឃើញក្នុងក្រុមហ៊ុនរបស់ត្រកូល«ហ៊ុន»ដែលបានចុះបញ្ជីក្នុងក្រសួងពាណិជ្ជកម្ម ប៉ុន្តែអង្គការGlobal Witnessអះអាងថា ពួកគេមានភាគហ៊ុនច្រើនជាងនេះហើយដែលមិនប្រកាសឲ្យដឹងជាតម្លាភាព ប៉ុន្តែប្រើអ្នកក្លែងក្លាយ និងជ្រកក្រោមផ្លាកក្រុមហ៊ុនផ្សេងៗ៕