កងទ័ពអាមេរិកដែលបានដាក់ពង្រាយនៅប្រទេស អាល្លឺម៉ង់ អាចមួយចំនួនធំនឹងបញ្ជូនទៅបន្ថែមនៅលើទឹកដីនៃប្រទេសប៉ូឡូញវិញ ដើម្បីជួយបន្ថែមវត្តមានកងទ័ពអាមេរិក ក្នុងក្រមខណ្ឌអង្គការ ណាតូ ដែលមានស្រាប់នៅក្នុងប្រទេសអឺរ៉ុបខាងកើតនេះ មានជាង៥ពាន់នាក់ហើយនោះ។នាយករដ្ឋមន្ត្រីនៃប្រទេស ប៉ូឡូញ Mateusz Morawiecki បានស្នើថាកងទ័ពអាមេរិក ដែលបំរុងនឹងដកចេញពីប្រទេសអាល្លឺម៉ងគួរ មកបំពេញបន្ថែមសម្រាប់មូលដ្ឋានកងទ័ពរបស់ខ្លួននៅប៉ូឡូញ ។
លោកបញ្ជាក់ថា នេះជាការពង្រឹង កងកម្លាំងណាតូនៅ អឺរ៉ុបខាងកើត។កងទ័ពអាមេរិក ដែលស្ថិតក្នុងក្រមខណ្ឌរបស់អង្គការណាតូ មានចំនួន ៣ម៉ឺន ៤ពាន់ ៥០០នាក់ ក្នុងប្រទេសអាល្លឺម៉ង ហើយបើតាម ផែនការរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ គឺអាមេរិកបានចាប់ផ្ដើមដកដំបូង៥ពាន់នាក់ហើយ នឹងដកអោយអស់នៅឆ្នាំ២០២០នេះ។
នាយករដ្ឋមន្ត្រីប៉ូឡូញ កាលពីសៅរិ៍សប្ដាហ៍មុននេះ បានប្រាប់ក្រុមអ្នកសាព័ត៌មានថា លោកនឹងសុំបើកការចរចា អំពីបញ្ហាវត្តមានកងទ័ពអាមេរិក ដែលនឹងដកចេញពីប្រទេសអាល្លឺម៉ង់ ហើយសង្ឃឹមថាកងទ័ពអាមេរិក ក្នុងក្រមខណ្ឌអង្គការណាតូ គួរដាក់ពង្រាយ អោយបានច្រើននៅអឺរ៉ុបខាងកើត។អឺរ៉ុបខាងកើត គឺជាតំបន់ ដែលមានព្រំដែនជាប់នឹងប្រទេសរុស្ស៊ី ដែលជាអតីតសហភាពសូវៀតធ្លាប់ ច្បាមយកប្រទេសមួយនេះចូលក្នុង សម្ព័ន្ធភាព នៃប្លុកសង្គមនិយម។
លោក Morawiecki បានអះអាងថា បើកងទ័ពអាមេរិក មានវត្តមានកាន់តែច្រើននៅអឺរ៉ុបខាងកើត គឺជាកម្លាំងរឹងមាំមួយរបស់អង្គការណាតូ ដើម្បីស្ថិរភាពអឺរ៉ុបទាំងមូល។ ទោះជាបែបណាក៏ដោយ សម្រាប់អាល្លឺម៉ង់ បានព្រមានពីការចុះខ្សោយ កងកម្លាំងណាតូនៅអឺរ៉ុប ខាងកើតដែលរុស្ស៊ីកំពុងគំរាមកំហែង។
ក្រសួងការពារជាតិ របស់អាល្លឺម៉ង់បានដាក់ការព្រួយបារម្ភពីឥទិ្ធពលរបស់ មហាអំណាចយោធាណាតូដែលអាចនឹងចុះខ្សោយបើសហរដ្ឋអាមេរិកដកទ័ពរបស់ខ្លួនតាមផែនការរបស់លោកត្រាំមែននោះ។គេហទំព័រ Military.com បានចុះផ្សាយថា អាមេរិកនឹងដកទ័ពនៅ អាល្លឺម៉ង់ដែលមានសរុបពី៣ម៉ឺន ៤៥០០នាក់ ដោយទុក ២ម៉ឺន៥ពាន់នាក់ប៉ុណ្ណោះក្នុងទឹកដីអាល្លឺម៉ង់។ តែរដ្ឋមន្រ្ដីក្រសួង ការពារជាតិអាល្លឺម៉ង់អ្នកស្រី Annegret Kramp-Karrenbauer ប្រាប់អ្នកសារព័ត៌មានថាក្រុងប៊ែរឡាំង មិនទាន់ទទួល បានការជូនដំណឹង នេះនៅឡើយទេ។
អ្នកស្រី បន្តថាផែនការដក នេះអាចកើតឡើងគ្រប់ពេល ហើយអានុភាពនឹងចុះខ្សោយ។អ្នកស្រីបន្ថែមថាបើអាមេរិកធ្វើបែបនេះមែន គឺនឹងប៉ះពាល់ដល់អង្គការណាតូ ទាំងមូល ជាជាងកិច្ចការពារផ្ទាល់ខ្លួនអាមេរិកដែលអ្នកស្រីអះអាង ថា ការពិតគឺថាវត្តមានកងទ័ពអាមេរិកនៅអាល្លឺម៉ង់គឺបម្រើដល់សន្ដិសុខសម្ព័ន្ធភាពអាល្លឺម៉ង់ផង និងសន្ដិសុខអាមេរិកព្រមទាំងអឺរ៉ុបផងដែរ។
ចំណែក Peter Beyer អ្នកសម្របសម្រួលកិច្ចការរដ្ឋាភិបាលនៃទំនាក់ទំនងដែនដីអាត្លង់តិច គិតថា បើសិនផែនការនេះត្រូវបានបញ្ជាក់មែន គឺមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ពីព្រោះវាគ្រាន់តែជាកង្វល់ដំបូងក្នុងប្រព័ន្ធផ្សព្វផ្សាយ ។ ជា ច្រើន ទសវត្សទៅហើយដែលទ័ពអាមេរិកសម្រេចចិត្តដាក់មូលដ្ឋានលើទឹកដីអាល្លឺម៉ង់ច្រើនជាងគេជាប្រវត្តិសាស្រ្ដដើម្បីទប់ទល់នឹងសត្រូវចាស់ គឺសហភាពសូវៀតដែលមាននៅមូលដ្ឋាន Ramstein Air Base និងជាមជ្ឈមណ្ឌលយុទ្ធសាស្រ្ដនៅអាហ្រ្វិកនិងមជ្ឈឹមបូព៌ា។
ខណៈនេះអ្វីគ្រប់យ៉ាងកើតឡើងដោយមិនច្បាស់នៅឡើយប៉ុន្ដែការសម្រេចចិត្តរបស់ត្រាំដូចនេះ បន្ទាប់ពីអធិការបតីអាល្លឺម៉ង់អ្នកស្រីអង់ហ្កាឡាម៉ាគែល បដិសេធក្នុងការទៅចូលរួមនឹងកិច្ចប្រជុំ G-7ជាជំនួបពិសេសដែលធ្វើឡើងក្នុងស្ថានការណ៍កូវីដ-១៩ ដោយសារលោកត្រាំ បានអញ្ជើញមេដឹកនាំ ប្រទេសរុស្ស៊ី លោក វ្លាឌីមៀពូទីន និងប្រទេសកូរ៉េខាងត្បូង លោកមូនចែអ៊ីន ចូលរួម៕