មន្ត្រីក្រសួងពាណិជ្ជកម្មជាច្រើនរូបចោទថា អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងពាណិជ្ជកម្ម កំពុងប្រព្រឹត្តអំពើពុករលួយកិបកេងលុយជាតិរាប់សិបម៉ឺនដុល្លារ ក្រោមគម្រោងជាច្រើន ព្រោះសម្អាងថាខ្លួនមានលោក ប៉ាន សូរស័ក្តិ និងលោក ហ៊ុន ម៉ាណែត ជាអ្នកកាងការពារពីក្រោយសកម្មភាពនោះ។
ការចោទប្រកាន់នេះ ធ្វើឡើងដើម្បីជំរុញឲ្យលោក ហ៊ុន សែន ចាត់វិធានការស៊ើបអង្កេតលើមន្ត្រីពុករលួយក្នុងស្ថាប័នរដ្ឋដែលកំពុងបំផ្លាញផលប្រយោជន៍ជាតិ និងចាប់ខ្លួនផ្ដន្ទាទោសទៅតាមច្បាប់។
មន្ត្រីក្រសួងពាណិជ្ជកម្ម បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ថា អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម លោក ផាន អូន បានក្តោបក្តាប់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដែលហៅកាត់ថា អគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម យ៉ាងណែនក្នុងដៃ ដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងពេញទំហឹង។
ប្រភពដដែល អះអាងថា ចាប់តាំងពីលោក ផាន អូន បានឡើងកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងពាណិជ្ជកម្ម អស់រយៈពេលជាង ១ឆ្នាំមកនេះ លោកបានរៀបចំផែនការ និងរចនាសម្ព័ន្ធចាត់តាំងដែលជាបណ្ដាញទាក់ទងក្នុងការប្រព្រឹត្តអំពើពុករលួយយ៉ាងរឹងមាំនៅក្នុងស្ថាប័ននេះ។
មន្ត្រីក្រសួងពាណិជ្ជកម្មទាំងនោះ អះអាងថា ដើម្បីងាយស្រួលក្នុងការរៀបចំឯកសារកិបកេងថវិកាជាតិពីគម្រោងផ្សេងៗ លោក ផាន អូន បានដកអតីតប្រធានការិយាល័យគណនេយ្យចេញពីតំណែង ហើយដាក់ប្អូនប្រុសបង្កើតរបស់ខ្លួនឯង គឺលោក សុផាន ឌឿ ជំនួសវិញ។
ប្រភពដដែលបញ្ជាក់ថា មានគម្រោងជាច្រើនដែលលោក ផាន អូន កិបកេងលុយរាប់សិបម៉ឺនដុល្លារអាមេរិក ដូចជាគម្រោងថវិកាទិញឧបករណ៍ និងសម្ភារៈសម្រាប់មន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានប្រចាំឆ្នាំ ដែលមានថវិការាប់លានដុល្លារក្នុង១ឆ្នាំៗ គម្រោងសាងសង់អគារមន្ទីរពិសោធន៍ខ្នាតតូចតាមបណ្តាសាខារាជធានី-ខេត្តដែលមានតម្លៃស្នើសុំជិត ២០ម៉ឺនដុល្លារ ប៉ុន្តែតម្លៃសាងសង់អគារជាក់ស្តែងអស់ថវិកាប្រហែល ៤ ទៅ ៥ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ។
បញ្ហានេះ លោក ផាន អូន តែងតែអួតថា លោកមិនខ្វល់នូវពាក្យរិះគន់នោះទេ ព្រោះលោកមានខ្នងបង្អែកពីក្រោយ គឺរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ និងលោក ហ៊ុន ម៉ាណែត ជាអ្នកការពាររូបលោក។
ប្រភពដដែលបានឲ្យដឹងទៀតថា ជាងនេះទៀតក៏មានការដកយកលុយពីគម្រោងទិញរថយន្តមន្ទីរពិសោធន៍ចល័ត និងរថយន្តប្រតិបត្តិការ ដែលលោកបានដាក់តម្លៃស្នើលើសតម្លៃពិតជាក់ស្តែងដល់ទៅពាក់កណ្តាលឯណោះ។ បន្ថែមពីនេះ ក៏មានការកិបកេងកាត់លុយដែលជាប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែរបស់មន្ត្រីក្រោមឱវាទ ៥០% ដែលរដ្ឋបានពីការប្រមូលកម្រៃ និងសេវារបស់ក្រសួងជារៀងរាល់ខែ ដែលក្រសួងត្រូវផ្តល់ឲ្យដល់មន្ត្រីក្នុងស្ថាប័នស្មើៗគ្នា និងគ្រប់គ្នានាពេលកន្លងមក។
ជាក់ស្តែង មន្ត្រីរាជការម្នាក់ត្រូវទទួលបានប្រាក់រង្វាន់លើកទឹកចិត្តបាន ៥០ម៉ឺនរៀលក្នុងម្នាក់ៗ ប៉ុន្តែមន្ត្រីផ្នែកអគ្គនាយកដ្ឋាន ក.ប.ប ម្នាក់ៗទទួលបានត្រឹមតែ ២៥ម៉ឺនរៀលប៉ុណ្ណោះ បញ្ហានេះលោក ផាន អូន អះអាងថាលោកកាត់លុយនេះ គឺដើម្បីទុកពង្រឹងអង្គភាព។
ដោយឡែកមន្ត្រីក្នុងក្រសួងនេះត្រូវបើកប្រាក់រង្វាន់ទាំងនោះតាមប្រព័ន្ធធនាគារគ្រប់ផ្នែកទាំងអស់ ប៉ុន្តែមន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប គឺត្រូវបើកផ្ទាល់ពីលោក ផាន អូន ទៅវិញ ព្រោះថាការធ្វើបែបនេះអាចឲ្យគាត់អាចកាត់លុយមន្ត្រីក្រោមឱវាទបានដោយងាយ។
មន្ត្រីរដ្ឋាភិបាលទាំងនោះបញ្ជាក់ថា ដើម្បីអាចបន្តផែនការប្រព្រឹត្តអំពើពុករលួយរបស់ខ្លួនបានកាន់តែយូរ និងស្របច្បាប់ លោក ផាន អូន បានសហការជាមួយអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ លោក ឡាយ សុខគន្ធា និងប្រធាននាយកដ្ឋានហិរញ្ញវត្ថុ លោក គឹម រស្មី ដែលកំពុងតែនាំគ្នារៀបគម្រោងចូលលុយទិញដី និងសង់ផ្ទះនៅម្តុំមាត់ទន្លេ ក្នុងខណ្ឌឫស្សីកែវ ដែលមានតម្លៃជាង ១លានដុល្លារ ដើម្បីសូកប៉ាន់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ដែលបានគាំទ្រអំពើពុករលួយរបស់ពួកគេក្នុងពេលបច្ចុប្បន្ននេះ។
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីរាជការរបស់ក្រសួងពាណិជ្ជកម្ម ចំនួន ៧០០នាក់ បានសរសេរលិខិតមកកាន់សារព័ត៌មាន The Cambodia Daily ឲ្យជួយផ្សព្វផ្សាយនូវទង្វើទុច្ចរិតរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងពាណិជ្ជកម្ម លោក ផាន អូន ឲ្យបានដឹងដល់លោក ហ៊ុន សែន ដើម្បីបើកការស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់លើមន្ត្រីពុករលួយរូបនេះជាបន្ទាន់។
កាលពីដើមឆ្នាំ២០២០ លោក ផាន អូន ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ជំនួសលោក ម៉ក់ ពេជ្ជរិទ្ធ ដែលបានចូលនិវត្តន៍។
បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម បានប្តូរឈ្មោះថ្មីទៅជាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដែលហៅកាត់ថា អគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម។
យ៉ាងនេះក្តី សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចមានប្រភពទាក់ទងលោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ឬហៅកាត់ថា ក.ប.ប (អតីតកាំកុងត្រូល) នៃក្រសួងពាណិជ្ជកម្ម ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់បានទេនៅថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១។
ក្រុមអ្នកឃ្លាំមើលសង្គម រិះគន់ថា អំពើពុករលួយនៅកម្ពុជា កំពុងតែចាក់ឫសយ៉ាងជ្រៅចូលទៅក្នុងស្ថាប័នជាតិរបស់កម្ពុជា ដែលកំពុងទាញទម្លាក់កម្ពុជាចូលទៅក្នុងចំណោមប្រទេសក្រីក្រដែលងើបមុខមិនរួច ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនមានវិធានការច្បាប់ច្បាស់លាស់លើមន្ត្រីខិលខូចដែលកំពុងចងបណ្ដាញ ដើម្បីបំផ្លាញជាតិក្នុងស្ថាប័នរដ្ឋទេនោះ៕