ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (SMD) បានចាត់ទុកថា គណបក្សប្រជាជនកម្ពុជា ដែលមានអាយុ ៧០ឆ្នាំនេះជាគណបក្សដែលកើតពីវៀតណាម បម្រើវៀតណាម ហើយបំផ្លាញខ្មែរ។
ក្រុមនេះចាត់ទុកគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន គ្រាន់តែជាឧបករណ៍ដើម្បីសម្រេចវត្ថុបំណងលុកលុយឈ្លានពានរបស់កងទ័ពវៀតណាម ចូលកាន់កាប់ប្រទេសកម្ពុជា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ តែប៉ុណ្ណោះ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលគណបក្សប្រជាជនកម្ពុជា បានប្រារព្ធខួបលើកទី៧០ ដែលសមាជិកនៃបក្សនេះបានធ្វើពិធីអបអរសាទរនៅថ្ងៃចន្ទ សប្តាហ៍នេះ យ៉ាងគគ្រឹកគគ្រេង។
សេចក្តីថ្លែងការណ៍របស់ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលធ្វើឡើងចំថ្ងៃខួបកំណើតរបស់គណបក្សប្រជាជនកម្ពុជា ២៨ មិថុនា នេះ បង្ហាញថា គណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា «បក្សប្រជាជនបដិវត្តន៍កម្ពុជា» បានដើរតួនាទីដ៏មានប្រសិទ្ធភាពក្នុងការប្រឆាំងផលប្រយោជន៍ជាតិខ្មែរ ដើម្បីបំពេញមហិច្ឆតាឈ្លានពានរបស់វៀតណាម មកលើទឹកដីកម្ពុជា ដែលធ្វើឲ្យកម្ពុជារអិលចូលក្នុងវិបត្តិគ្រប់បែបយ៉ាង ពិបាកនឹងដកខ្លួនដូចសព្វថ្ងៃនេះ។
ប្រភពដដែលអះអាងថា រដ្ឋាភិបាលនៃគណបក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលជាអាយ៉ងរបស់រដ្ឋាភិបាលកុម្មុយនីស្តវៀតណាម បានជួយសម្រេចមហិច្ឆតាដល់រដ្ឋាភិបាលក្រុងហាណូយ យ៉ាងច្រើនមហិមា ដែលបង្ហាញឲ្យពលរដ្ឋខ្មែរបានឃើញយ៉ាងច្បាស់ថា ពួកគេពិតជាបម្រើបរទេសឈ្លានពានបានយ៉ាងល្អឥតខ្ចោះ ដែលជាការបង្កើតស្នាដៃបំផ្លាញកម្ពុជាគួរឲ្យរន្ធត់ទៅវិញ។
សេចក្តីថ្លែងការណ៍ខាងលើបញ្ជាក់ថា ដើម្បីរក្សាផែនការបម្រើមហិច្ឆតារបស់វៀតណាម ឲ្យបានរលូនតាមអំពើចិត្តទៅថ្ងៃមុខ មេដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសលោក ហ៊ុន សែន បានរៀបចំស្ថាប័នរដ្ឋទាំងអស់ ដូចជាស្ថាប័នព្រឹទ្ធសភា រដ្ឋសភា តុលាការ ក្រុមប្រឹក្សាធម្មនុញ្ញ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អង្គភាពប្រឆាំងអំពើពុករលួយជាដើម ធ្វើជាសេនាធិការរបស់ខ្លួនដើម្បីជួយជ្រោមជ្រែងសម្រេចផែនការឈ្លានពាននោះ។
គណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា «គណបក្សប្រជាជនបដិវត្តន៍កម្ពុជា» ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥១ ដោយលោក សឺន ង៉ុកមិញ ហៅអាចារ្យ មៀន ដែលមានឈ្មោះជាភាសាវៀតណាម ថា ផាម យ៉ាំង ហួ (Phạm Văn Hua) ប៉ុន្តែលោក ផាម យ៉ាំង ហួ ឬអាចារ្យ មៀន នេះមានប្រវត្តិពិត គឺជាអតីតសមាជិកបក្សកុម្មុយនីស្តឥណ្ឌូចិន ដែលត្រូវបានបង្កើតឡើងដោយមេដឹកនាំវៀតណាម លោក ហូ ជីមិញ (Ho Chi Minh) តាំងពីឆ្នាំ១៩៣០ មកម្ល៉េះ។
នៅឆ្នាំ១៩៩១ ឈ្មោះបក្សប្រជាជនបដិវត្តន៍កម្ពុជា ត្រូវបានគេប្ដូរទៅជាគណបក្សប្រជាជនកម្ពុជា ជំនួសវិញ បន្ទាប់ពីអតីតកម្មាភិបាលខ្មែរក្រហម ដូចជាលោក ហ៊ុន សែន លោក ហេង សំរិន និងលោក ជា ស៊ីម ជាដើម បាននាំគ្នារត់ទៅពឹងវៀតណាម ឲ្យជ្រោមជ្រែងពួកគេបង្កើតចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ និងទទួលបានជោគជ័យក្នុងការវាយបកលើកម្លាំង ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រួចមក។
នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នេះ គណបក្សប្រជាជនកម្ពុជា បានចេញសារក្នុងទិវារំឭកខួបទី៧០ នៃថ្ងៃបង្កើតគណបក្សនេះថា គណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ គឺមានប្រភពពីចលនាតស៊ូរបស់ប្រជាជនកម្ពុជា ប្រឆាំងអាណានិគមនិយមដើម្បីឯករាជ្យ។
ប្រភពដដែលអះអាងថា រយៈពេល ៤២ឆ្នាំកន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសកម្ពុជាសម្រេចបានសមិទ្ធផលដ៏ធំធេង ដោយការទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងអនុវត្តតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលនាំមកនូវសន្តិភាព ស្ថិរភាព និងការរីកចម្រើនសម្រាប់ប្រជាជនកម្ពុជាទាំងមូល។
យ៉ាងណាក៏ដោយ សកម្មជនបក្សសង្គ្រោះជាតិ លោក ហ៊ុន កុសល បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨ ខែមិថុនា នេះថា ការបង្កើតគណបក្សប្រជាជនបដិវត្តន៍កម្ពុជា គឺជាការបង្កើតរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់ក្រោមការរៀបចំដោយគណបក្សកុម្មុយនីស្តឥណ្ឌូចិនរបស់ ហូ ជីមិញ ក្នុងគោលបំណងលេបយកទឹកដីខ្មែរឲ្យបាន។
លោកអះអាងថា ការរំឭកខួបឆ្នាំទី៧០ របស់បក្សកាន់អំណាច គឺជាការអបអរសាទរ និងជាការរំឭកនូវចរិតវាទីនិយម និងមហិច្ឆតារបស់ ហូ ជីមិញ ដើម្បីគ្រប់គ្រងកម្ពុជាទៅថ្ងៃមុខ ហើយក៏ជាចេតនាដ៏ទុច្ចរិតដើម្បីចងព្រលឹងពូជពង្សខ្មែរឲ្យដឹងគុណវៀតណាមទៀតផង ដូចជាការសង់ស្តូបដឹងគុណវៀតណាមនៅទូទាំងប្រទេសកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះជាដើម។
ចំណែកអ្នកវិភាគនយោបាយនិងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា លោកចង់ឃើញសារមួយផ្ដោតលើខ្លឹមសារដែលមានសារសំខាន់ចំពោះការគោរព និងអនុវត្តតាមរដ្ឋធម្មនុញ្ញនៅក្នុងឱកាសទិវារដ្ឋធម្មនុញ្ញ ២៤ កញ្ញា ជំនួសវិញ។
ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា ចាប់តាំងពីឆ្នាំ១៩៨៥ ក្រោយលោក ហ៊ុន សែន ត្រូវបានរដ្ឋាភិបាលវៀតណាម លើកបន្តុបជានាយករដ្ឋមន្ត្រីខ្មែរមក ត្រូវគេមើលឃើញថា រដ្ឋាភិបាលកម្ពុជាបានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងសន្ធិសញ្ញា និងឯកសារខុសច្បាប់គ្រប់បែបយ៉ាងជាមួយរដ្ឋាភិបាលវៀតណាម ដែលសុទ្ធសឹងតែជាលក្ខខណ្ឌក្នុងការកាត់ទឹកដី និងដាក់អធិបតេយ្យភាពរបស់ខ្លួនឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាមទាំងស្រុង។
ក្នុងនោះរួមមាន៖
- ការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព សន្តិភាព និងសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ដែលដាក់កម្ពុជា ឲ្យទៅជាចំណុះក្រោមការត្រួតត្រារបស់វៀតណាម នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៧៩
- កិច្ចព្រមព្រៀងស្ដីពីព្រំដែនទឹកឆ្នាំ១៩៨២
- សារាចរអនុញ្ញាតឲ្យជនជាតិវៀតណាម អាចចូលកម្ពុជាទាំងខុសច្បាប់អន្តោប្រវេសន៍របស់ខ្លួនកាលពីឆ្នាំ១៩៨៦
- កិច្ចព្រមព្រៀងស្ដីពីលក្ខន្តិកៈព្រំដែនឆ្នាំ១៩៨៣
- សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ជាដើម។
ក្រោមកិច្ចព្រមព្រៀងខុសច្បាប់ទាំងនេះ ប្រទេសវៀតណាមបានកាត់ឆ្វៀលយកទឹកដីខ្មែរជាច្រើនអន្លើ ក្នុងនោះមាន៖
- កោះត្រល់
- ចង្កោមកោះក្រចកសេះ
- គ្រប់គ្រងដែនអាកាស
- ព្រមទាំងដាក់ផ្ទៃសមុទ្រទំហំ ១ម៉ឺនគីឡូម៉ែត្រក្រឡាដែលជាកម្មសិទ្ធិរបស់កម្ពុជា ឲ្យទៅជាដែនទឹករួមគ្នាជាមួយវៀតណាម ផងដែរ។
កាលពីខែកក្កដា ឆ្នាំ២០២០ អគ្គលេខាធិការមជ្ឈិមបក្សវៀតណាម និងជាប្រធានរដ្ឋវៀតណាម លោក ង្វៀន ភូទ្រង់ បានជំរុញឲ្យលោក ហ៊ុន សែន បន្តអនុវត្តកិច្ចសន្យារវាងកម្ពុជា-វៀតណាម ឲ្យបានល្អបន្តទៀត៕