មន្ត្រីជាន់ខ្ពស់គណបក្សខ្មែរស្រឡាញ់ជាតិ អំពាវនាវឲ្យអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលចេញទៅបើកបក្សនយោបាយថ្មីៗ ឲ្យចូលតុជជែកគ្នារកការរួបរួមជាកម្លាំងនយោបាយដ៏ស្មោះត្រង់ធំមួយ ដើម្បីទៅយកតួនាទីមេឃុំ និងក្រុមប្រឹក្សាឃុំ-សង្កាត់ដែលត្រូវគេរំលាយកាលពីពេលកន្លងទៅជូនប្រជាពលរដ្ឋវិញ។
អគ្គហេរញ្ញិកគណបក្សខ្មែរស្រឡាញ់ជាតិ លោក សៀវ វិសុទ្ធ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៧ ខែកក្កដា ថា មកដល់ពេលនេះ គណបក្សខ្មែរស្រឡាញ់ជាតិ បានសាងកម្លាំងនយោបាយដ៏រឹងមាំមួយតាមរយៈនៃការចងក្រងបណ្ដាញសកម្មជនមូលដ្ឋានរបស់អតីតគណបក្សសង្គ្រោះជាតិ ស្ទើរតែគ្រប់ខេត្ត-ក្រុងទៅហើយ។
លោកអះអាងថា ក្នុងពេលបច្ចុប្បន្ននេះមានតែគណបក្សខ្មែរស្រឡាញ់ជាតិប៉ុណ្ណោះ ដែលមានការចូលរួមពីអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ តាំងពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន ខណៈគណបក្សដែលបានបង្កើតថ្មីៗដោយអតីតមន្ត្រីបក្សប្រឆាំងផ្សេងទៀតនៅមិនទាន់មានកម្លាំងចូលរួមគ្រប់គ្រាន់នៅឡើយ។
លោក សៀវ វិសុទ្ធ បញ្ជាក់ថា មន្ត្រីបក្សប្រឆាំងដែលចេញទៅបើកបក្សនយោបាយទាំងអស់ គួរតែសហការគ្នាក្រោមដំបូលគណបក្សខ្មែរស្រឡាញ់ជាតិជាមួយគ្នា ដើម្បីបន្តស្មារតីដើម និងដួងព្រលឹងគណបក្សសង្គ្រោះជាតិ ដើម្បីកសាងប្រជាធិបតេយ្យស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា និងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។
ការលើកឡើងរបស់លោក គឺបន្ទាប់ពីសង្កេតឃើញថា អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បាននាំគ្នាសុំសិទ្ធិធ្វើនយោបាយឡើងវិញ និងដាក់ពាក្យទៅក្រសួងមហាផ្ទៃ ដើម្បីបង្កើតគណបក្សនយោបាយដោយខ្លួនឯងជាបន្តបន្ទាប់។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៧ កក្កដា ដែរថា ការបង្កើតគណបក្សនយោបាយច្រើនទាំងចាស់ទាំងថ្មីមិនមែនជាបញ្ហានោះទេ ព្រោះថាគណបក្សនយោបាយនីមួយៗសុទ្ធតែមានលក្ខណៈពិសេស និងចំណុចខ្លាំងរៀងៗខ្លួន ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សនីមួយៗត្រូវចៀសវាងការប្រកាន់ជំហរនយោបាយជ្រុលនិយមរហូតបណ្តាលឲ្យមានការបែកបាក់ជាតិ។
លោកអះអាងថា ប្រវត្តិនៃការប្រឈមមុខដាក់គ្នារវាងប៉ូលធំៗពីរ គឺគណបក្សកាន់អំណាច និងគណបក្សសង្គ្រោះជាតិ បានបង្កឲ្យមានហានិភ័យវិបត្តិនយោបាយយ៉ាងខ្លាំងសម្រាប់កម្ពុជា ជាពិសេសការធ្វើនយោបាយដែលមានលក្ខណៈបុគ្គលនិយម និងផ្ដាច់មុខនិយម ដែលប្រកាន់គំនិតមានមួយអត់មួយ។
បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់ថា ការបង្កើតឡើងរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺក្នុងគោលបំណងកសាងជម្រើសថ្មីមួយក្នុងការកសាងសង្គមប្រជាធិបតេយ្យសេរីពហុបក្ស ដោយលើកស្ទួយគោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស និងប្រជាធិបតេយ្យពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ ដោយការចាប់ផ្តើមកសាងភូមិឃុំគំរូជាជំហានៗ ដែលធ្វើឲ្យភូមិឃុំសម្បូរសប្បាយរហូតដល់ប្រទេសជាតិសម្បូរសប្បាយផងដែរ។
មន្ត្រីជាន់ខ្ពស់បក្ស GDP រូបនេះ ស្វាគមន៍ការប្រកួតប្រជែងនយោបាយដោយឈរលើស្មារតីសហការគ្នារវាងគណបក្សនយោបាយទាំងអស់ក្នុងការលើកស្ទួយគុណតម្លៃ «សាមគ្គីជាតិ និងឯកភាពជាតិ» ក្នុងសង្គមសេរីពហុបក្ស ដើម្បីឆ្ពោះទៅរកការឯកភាពជាតិ និងវឌ្ឍនភាពជាតិរបស់កម្ពុជាទាំងមូល។
ក្រោយតុលាការកំពូលប្រកាសរំលាយគណបក្សសង្គ្រោះជាតិ និងបានហាមប្រាមសិទ្ធិនយោបាយមន្ត្រីបក្សប្រឆាំងចំនួន ១១៨រូប កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនោះ ត្រូវគេមើលឃើញថា មន្ត្រីជាន់ខ្ពស់បក្សនេះបានបែកខ្ញែកគ្នាជាបន្តបន្ទាប់ ក្នុងនោះមន្ត្រីខ្លះរត់ចេញទៅក្រៅប្រទេស អ្នកខ្លះទៀតចុះចូលជាមួយបក្សកាន់អំណាច ចំណែកមួយចំនួនទៀតបាននាំគ្នាសុំសិទ្ធិធ្វើនយោបាយឡើងវិញ និងបង្កើតគណបក្សថ្មីដោយខ្លួនឯងផងដែរ។
គិតត្រឹមខែកក្កដា ឆ្នាំ២០២១ នេះ បក្សនយោបាយដែលបង្កើតឡើងដោយអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ មានចំនួន ៦គណបក្សហើយ ក្នុងនោះរួមមានគណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សខ្មែរអភិរក្ស គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា គណបក្សបេះដូងជាតិ និងគណបក្សកម្ពុជានិយម ដែលបានបង្កើតឡើងដោយលោក យ៉ែម បុញ្ញឫទ្ធិ កាលពីពេលថ្មីៗនេះ។
កាលពីចុងឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានបង្ហាញរបាយការណ៍របស់ខ្លួនថា កម្ពុជាមានគណបក្សនយោបាយជាង ៤០គណបក្សហើយដែលបានចុះបញ្ជីជាផ្លូវការ ខណៈមន្ត្រីបក្សប្រឆាំងដែលបានសុំសិទ្ធិធ្វើនយោបាយឡើងវិញមួយចំនួនកំពុងតែស្វះស្វែងដាក់ពាក្យស្នើសុំបង្កើតបក្សនយោបាយជាបន្តបន្ទាប់នៅពេលនេះ៕