មន្ត្រីសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកមួយរូប បាននិយាយកាលពីថ្ងៃចន្ទ ទី៧ ខែមីនា ថា គណៈប្រតិភូសហរដ្ឋអាមេរិកមួយក្រុមបានធ្វើដំណើរទៅកាន់រដ្ឋធានីការ៉ាកាស នៃប្រទេសវេណេហ្ស៊ុយអេឡា ដោយបានជួបពិភាក្សាជាមួយមន្ត្រីរបស់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដើម្បីសិក្សាអំពីជំហររបស់រដ្ឋាភិបាលក្រុងការ៉ាកាស ថាតើយល់ឃើញដូចម្ដេច ប្រសិនបើអាមេរិកលើកលែងការដាក់ទណ្ឌកម្មទៅលើប្រទេសអាមេរិកខាងត្បូងមួយនេះ ដោយការស្នើទិញប្រេង និងឧស្ម័នពីប្រទេសនេះឡើងវិញ។
តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia ក្រុមប្រឆាំងនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា បាននិយាយថា ខ្លួនគេក៏បានជួបផងដែរជាមួយគណៈប្រតិភូអាមេរិកដែលមកកាន់រដ្ឋធានីការ៉ាកាស ហើយបានពិភាក្សាអំពីជំហររបស់អាមេរិកដែលបានលើកលែងការដាក់ទណ្ឌកម្មលើរបបលោក ម៉ាឌូរ៉ូ ដោយក្រុមប្រឆាំងសម្ដែងការយល់ព្រមដោយប្រុងប្រយ័ត្ន។
តែបែបនេះ អ្នកសង្កេតការណ៍មើលឃើញថា ការដែលរដ្ឋការលោកប្រធានាធិបតី ចូ បៃដិន សម្រេចដូចនេះ គឺទីមួយ ក្រុងវ៉ាស៊ីនតោន ចង់ផ្សារភ្ជាប់ឡើងវិញនូវទំនាក់ទំនងសហប្រតិបត្តិការពាណិជ្ជកម្ម និងការទូតដែលរដ្ឋការនៃអតីតប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើទៅលើរបបលោក ម៉ាឌូរ៉ូ ក្នុងហេតុផលដែលជនផ្ដាច់ការនៅវេណេហ្ស៊ុយអេឡា បំបិទសេរីភាពក្រុមប្រឆាំង និងទីពីរ គឺសហរដ្ឋអាមេរិកត្រូវការប្រេងពីប្រទេសវេណេហ្ស៊ុយអេឡា ដើម្បីកាត់បន្ថយ ឬក៏ព្យួរការនាំប្រេងពីរុស្ស៊ី ដែលអាមេរិកតម្រូវការប្រេងពីប្រទេសមហាអំណាចមួយនេះរហូតដល់ទៅ ៣០%។
ចំណែកសភាសហរដ្ឋអាមេរិក កំពុងព្រាងច្បាប់មួយអនុម័តឱ្យរដ្ឋការលោក បៃដិន ផ្អាកការនាំប្រេងទាំងស្រុងពីប្រទេសរុស្ស៊ី ដែលប្រទេសនេះកំពុងធ្លាក់ក្រោមទណ្ឌកម្មរបស់សហគមន៍អន្តរជាតិករណីលើកទ័ពឈ្លានពានប្រទេសអ៊ុយក្រែន។ តែយ៉ាងណាក៏ដោយ លទ្ធផលវិជ្ជមានពីរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា អាចនឹងមានតែក្នុងកម្រិតណាមួយ។ នេះបើតាមប្រភពរបស់មន្ត្រីសេតវិមាន។
ការពិតទៅ របបលោក ម៉ាឌូរ៉ូ តែងតែទាមទារឱ្យអាមេរិក និងសហភាពអឺរ៉ុប អង់គ្លេស កាណាដា លើកលែងការដាក់ទណ្ឌកម្ម ព្រោះទណ្ឌកម្មរយៈពេល ៤ឆ្នាំចុងក្រោយនេះ បានធ្វើឱ្យសេដ្ឋកិច្ចនៃប្រទេសវេណេហ្ស៊ុយអេឡា ដែលជាប្រទេសផលិតប្រេងធំទី៤ នៃពិភពលោកសឹងតែរលំទៅហើយ។
ទណ្ឌកម្មនេះ សូម្បីប្រទេសចិន ឥណ្ឌា ជាប្រទេសនាំប្រេងដ៏ធំទីពីរ ប្រទេសវេណេហ្ស៊ុយអេឡា ក៏មិនអាចនាំប្រេងចេញពីប្រទេសនេះបានដែរ ព្រោះអាមេរិកហ៊ុមព័ទ្ធសេដ្ឋកិច្ចលើប្រទេសនេះមិនត្រឹមទៅលើផលិតផលប្រេងនោះទេ គឺទៅលើប្រព័ន្ធចរាចរប្រាក់ដុល្លារអាមេរិកផងដែរ។
អ្នកនាំពាក្យសេតវិមាន Jen Psaki បានឱ្យដឹងថា គោលបំណងនេះ គឺរដ្ឋការលោក បៃដិន ត្រូវការធានាសុវត្ថិភាពថាមពលសម្រាប់ផ្គត់ផ្គង់ឧស្សាហកម្មរបស់សហរដ្ឋអាមេរិក ដោយជំនួសការនាំប្រេងពីប្រទេសរុស្ស៊ី។ ប៉ុន្តែបញ្ហាប្រជាធិបតេយ្យ គឺអាមេរិកនៅតែជំរុញឱ្យវេណេហ្ស៊ុយអេឡា បើកចំហសម្រាប់ក្រុមប្រឆាំង និងសម្រាប់ការបោះឆ្នោតប្រធានាធិបតី ឬសមាជិកសភានៅខាងមុខនេះ។
អ្នកនាំពាក្យរូបនេះថា រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ បានសាទរសហរដ្ឋអាមេរិកដែលបានលើកលែងទណ្ឌកម្មដូចនេះ។ យ៉ាងណា អ្នកនាំពាក្យមិនបានលម្អិតថា អាមេរិកលើកលែងទណ្ឌកម្មលើរបបលោក ម៉ាឌូរ៉ូ ទាំងស្រុង ឬក្នុងកម្រិតណានោះទេ។
នៅមុនសង្គ្រាមរុស្ស៊ីលើកទ័ពឈ្លានពានអ៊ុយក្រែន លោក ម៉ាឌូរ៉ូ បានគាំទ្រផែនការរបស់ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ដែលហ៊ានប្រឈមនឹងក្រុមបស្ចិមប្រទេស និងកងទ័ពណាតូ។ រុស្ស៊ី និងវេណេហ្ស៊ុយអេឡា ជាសម្ពន្ធមិត្តយុទ្ធសាស្ត្រនឹងគ្នាក្នុងការធ្វើឱ្យមានតុល្យភាពឥទ្ធិពលរុស្ស៊ី នៅក្នុងទ្វីបអាមេរិកខាងត្បូង។
សម្រាប់សហរដ្ឋអាមេរិក នៅតែគាំទ្រខ្លាំងក្រុមប្រឆាំងដឹកនាំដោយ Juan Guaido ដែលអាមេរិកសង្ឃឹមថាក្រុមនេះអាចនឹងមានឱកាសដឹកនាំប្រទេសវេណេហ្ស៊ុយអេឡា ទៅថ្ងៃខាងមុខ នៅក្រោមការបោះឆ្នោតមួយដ៏ត្រឹមត្រូវ និងបើកចំហសេរីភាពរបស់ប្រជាជន៕