លោក ហ៊ុន ណេង គឺជាមន្ត្រីជើងចាស់មួយរូបរបស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវបានបង្កើតឡើង និងជួយជ្រោមជ្រែងដើម្បីបានគ្រប់គ្រងអំណាចក្នុងប្រទេសកម្ពុជាដោយរដ្ឋាភិបាលវៀតណាម។
លោកបានទទួលមរណភាពកាលពីថ្ងៃទី៥ ខែឧសភា កន្លងទៅ។ ក្រោយមរណភាព តើលោក ហ៊ុន ណេង បានបន្សល់ទុកនូវប្រវត្តិផ្ទាល់ខ្លួន ឬប្រវត្តិគ្រួសារយ៉ាងដូចម្តេច?
លោក ហ៊ុន ណេង ជាបងប្រុសបង្កើតរបស់លោក ហ៊ុន សែន បានទទួលមរណភាពកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៣ឆ្នាំ។ លោក ហ៊ុន ណេង ដែលមានឈ្មោះដើម ហ៊ុន ឡុងសេង បានកើតនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩៥០ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សារព័ត៌មានគាំទ្រគណបក្សកាន់អំណាចនានាបានផ្សាយថា លោក ហ៊ុន ណេង បានរៀនចប់កម្រិតបឋមសិក្សាក្នុងវ័យកុមារភាព និងបានបន្តការសិក្សាយកសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងសេដ្ឋកិច្ច និងរដ្ឋបាលក្នុងឆ្នាំ១៩៩៧។ ជាទូទៅ មន្ត្រីធំៗនៃប្រទេសកម្ពុជាមានភាពងាយស្រួលក្នុងការទទួលយកសញ្ញាបត្រខ្ពស់ៗពីគ្រឹះស្ថានសិក្សាជាតិនានា ដោយមិនចាំបាច់រៀន ឬបំពេញកាតព្វកិច្ចសិក្សាអ្វីឡើយ។
គេពុំឃើញមានព័ត៌មាន ឬឯកសារផ្លូវការណាដែលបញ្ជាក់អំពីស្នាដៃ សមត្ថភាព ឬលក្ខណៈពិសេសអ្វីមួយរបស់លោក ហ៊ុន ណេង ឡើយ ប៉ុន្តែគេដឹងថា គាត់ជាបងប្រុសបង្កើតរបស់លោក ហ៊ុន សែន ដែលពិភពលោកស្គាល់ថា ជានាយករដ្ឋមន្ត្រី និងជាមេដឹកនាំផ្ដាច់ការក្នុងប្រទេសកម្ពុជាដ៏យូរអង្វែងជាងគេក្នុងទ្វីបអាស៊ី។
ក្រោយការគ្រប់គ្រងអំណាចរបស់គណបក្សប្រជាជនកម្ពុជាក្នុងឆ្នាំ១៩៧៩ លោក ហ៊ុន ណេង បានធ្វើជាមន្ត្រីក្នុងខេត្តកំពង់ចាម រហូតក្លាយជាចៅហ្វាយខេត្តកំពង់ចាម និងខេត្តស្វាយរៀង ចាប់ពីឆ្នាំ១៩៨៤ រហូតដល់ឆ្នាំ២០១៣។ ចាប់តាំងពីឆ្នាំ២០១៣ មក លោក ហ៊ុន ណេង បានក្លាយជាសមាជិកសភានៃគណបក្សមួយនេះសម្រាប់មណ្ឌលខេត្តកំពង់ចាម និងជាសមាជិកអចិន្ត្រៃយ៍នៃរដ្ឋសភារហូតដល់ថ្ងៃដែលលោកទទួលមរណភាព។
ថ្វីបើជាមន្ត្រីជើងចាស់មួយរូបក្តី តែលោក ហ៊ុន ណេង ពុំសូវចេញមុខជាសាធារណៈលើបណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិឡើយ។ លោកជាមន្ត្រីមួយរូបដែលគេកម្រឃើញធ្វើសុន្ទរកថា ឬថ្លែងសារជាសាធារណៈណាដែលគួរឲ្យមានការចាប់អារម្មណ៍នោះឡើយ។
ប៉ុន្តែឈ្មោះរបស់លោក ក៏ត្រូវបានគេលើកឡើងក្នុងរបាយការណ៍ស្តីអំពីបញ្ហាអំពើពុករលួយខ្លះដែលពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ និងជម្លោះដីធ្លីក្នុងខេត្តកំពង់ចាម ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក។
ក្នុងរបាយការណ៍នានារបស់អង្គការសិទ្ធិមនុស្សដែលចេញផ្សាយក្នុងទសវត្សឆ្នាំ២០០០ លោក ហ៊ុន ណេង ត្រូវបានចោទប្រកាន់អំពីការពាក់ព័ន្ធនឹងមេបញ្ជាការយោធា ពួកមន្ត្រី និងឈ្មួញខ្លះដែលបានប្លន់ដីធ្លីរបស់ប្រជាពលរដ្ឋ។ ស្រដៀងគ្នានេះដែរ របាយការណ៍របស់អង្គការ Global Witness កាលពីពាក់កណ្តាលឆ្នាំ២០០៧ ដែលមានឈ្មោះថា “Cambodia’s Family Tree” បានបង្ហាញនូវភស្តុតាងជាច្រើនអំពីការកាប់បំផ្លាញព្រៃឈើដ៏ធ្ងន់ធ្ងរក្នុងប្រទេសកម្ពុជា ដោយសមាជិកគ្រួសារ និងក្រុមឈ្មួញរបស់គ្រួសារលោក ហ៊ុន សែន។
ក្នុងរបាយការណ៍នោះ ឈ្មោះលោក ហ៊ុន ណេង ក៏ត្រូវបានលើកឡើងផងដែរ។
ជាការឆ្លើយតប លោក ហ៊ុន ណេង ត្រូវបានសារព័ត៌មានក្នុងស្រុកដកស្រង់សម្ដីថា “ប្រសិនបើបុគ្គលិកអង្គការ Global Witness មកកម្ពុជា ខ្ញុំនឹងវាយក្បាលវាទាល់តែបែក”។
ក្រៅតែពីរូបលោកផ្ទាល់ សារព័ត៌មានអន្តរជាតិនានាក៏ធ្លាប់បានផ្សាយអំពីរឿងអាស្រូវរបស់កូន និងចៅៗរបស់គាត់ ដែលពាក់ព័ន្ធនឹងអំពើពុករលួយ និងការបំផ្លាញសង្គមជាតិដែរ។ ក្នុងចំណោមនោះ គេរកឃើញអ្នកស្រី ហ៊ុន គីមឡេង លោក ហ៊ុន តូ អ្នកស្រី ហ៊ុន ចាន់ធូ និងអ្នកស្រី ហ៊ុន ចាន់ថា សុទ្ធតែត្រូវបានគេរកឃើញថា បានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងររហូតមានលុយរាប់លានដុល្លារអាមេរិក ដើម្បីទិញផ្ទះ អាផាតម៉ិន (Apartment) និងធ្វើវិនិយោគនៅតាមបណ្តាប្រទេសនានា។
ចំណែកលោក ហ៊ុន តូ ក៏ជាមនុស្សម្នាក់ដែលខ្មែរជាច្រើន និងជនបរទេសស្គាល់ថាជាជនដៃឆៅ និងជាឈ្មួញគ្រឿងញៀនដ៏ធំមួយរូបផងដែរ។ កាលពីដើមឆ្នាំ២០១២ សារព័ត៌មានដ៏ល្បីរបស់ប្រទេសអូស្ត្រាលី ឈ្មោះ The Age បានផ្សាយថា លោក ហ៊ុន តូ មានការពាក់ព័ន្ធនឹងអំពើរត់ពន្ធគ្រឿងញៀន និងលាងលុយកខ្វក់៕