ក្រោយពីបាតុករ ៩នាក់ស្លាប់ និងជាង ២២០នាក់រងរបួសក្នុងឧបទ្ទវហេតុនៃការវាយប្រហារទៅលើបាតុករកាលពីកណ្ដាលអាធ្រាត្រនៅយប់ថ្ងៃចន្ទ ទី៩ ឧសភា តុលាការនៅក្រុងកូឡំបូ បានចេញដីកានៅថ្ងៃទី១៣ ឧសភា ដោយបង្គាប់ទៅលោក Mahinda Rajapaksa ដែលត្រូវបាតុករដេញឱ្យចុះចេញពីតំណែង និងគ្រួសាររបស់លោក រួមទាំងអ្នកនយោបាយជិតស្និទ្ធនឹងលោក ១៥នាក់ទៀត មិនឱ្យចាកចេញពីប្រទេសដាច់ខាត។
តាមបណ្ដាញផ្សាយព័ត៌មាន Aljazeera ការដែលតុលាការចេញដីកាដូចនេះ ព្រោះលោក Mahinda Rajapaksa និងមនុស្សជំនិតទាំងនេះត្រូវតុលាការដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេត។ តាមប្រភពដដែលនេះ តុលាការបានបង្គាប់ទៅសមត្ថកិច្ចប៉ូលិសឲ្យឃាត់ខ្លួនលោក Mahinda បើអតីតនាយករដ្ឋមន្ត្រីរូបនេះចាកចេញពីប្រទេស។ តែបើតាមប្រភពដដែលនេះ ដីការបស់តុលាការព្រហ្មទណ្ឌក្រុងកូឡំបូ បានធ្វើឡើងតាមបណ្ដឹងរបស់ក្រុមប្រឆាំង និងតាមសំណើរបស់ក្រុមរដ្ឋអាជ្ញា។
តែបើតាមទីភ្នាក់ងារសារព័ត៌មាន AFP ក្នុងស្ថានការណ៍ហិង្សានេះ ក្រុមប៉ូលិសស្រីលង្កាត្រូវបានបញ្ជាឲ្យបើកការវាយប្រហារ និងបាញ់គ្រាប់ពិតៗដើម្បីបញ្ឈប់កុប្បកម្ម បន្ទាប់ពីការដុតបំផ្លាញនៅទីកន្លែងមួយចំនួនក្នុងយប់ថ្ងៃចន្ទ ទី៩ ឧសភា ដែលក្នុងនោះមានទាំងដុតភូមិគ្រឹះរបស់លោក Mahinda Rajapaksa និងអ្នកតំណាងរាស្ត្រដែលស្និទ្ធនឹងនាយករដ្ឋមន្ត្រីធ្លាក់ពីអំណាចរូបនេះ។
ប៉ុន្តែមុនការឈានដល់ការដុតផ្ទះរបស់លោក Mahinda Rajapaksa គឺបន្ទាប់ពីអ្នកតំណាងរាស្ត្រម្នាក់ដែលដើរចេញពីផ្ទះលោក Mahinda បានបាញ់កាំភ្លើងទៅលើបាតុករដែលកំពុងឡោមព័ទ្ធផ្ទះរបស់លោក Mahinda បណ្ដាលឱ្យស្លាប់បាតុករ ២នាក់ និងរងរបួសជាង ១០នាក់។ ប៉ូលិសស្រីលង្កានិយាយថា មនុស្សចំនួន ៩នាក់បានស្លាប់ចាប់តាំងពីថ្ងៃចន្ទ មក ខណៈដែលក្រុមអ្នកប្រឆាំងផ្ទុះកំហឹងដោយសារតែទំនិញគ្រប់សារពើពន្ធឡើងថ្លៃកប់ពពក។
ដើមចមគឺប្រជាជនបានតវ៉ាឱ្យរដ្ឋាភិបាលលោក Mahinda Rajapaksa និងប្រធានាធិបតី Gotabaya Rajapaksa ស្ដារសេដ្ឋកិច្ចឡើងវិញជាបន្ទាន់។ ក្រុមប្រឆាំងបានតវ៉ារឿងនេះជាងមួយខែមកហើយ គឺរហូតដល់ទាមទារឱ្យបងប្អូនទាំងពីរនេះចុះចេញពីតំណែង។ ក្រោយពីផ្ទះរបស់អ្នកនយោបាយរដ្ឋាភិបាលត្រូវបានបាតុករដុតឆេះខ្ទេច លោក Mahinda បានប្រកាសចុះចេញពីតំណែង។ តែលោក Gotabaya ប្រកាស់ថាដាច់ខាតមិនចុះចេញពីតំណែងឡើយ។
ការប្រឆាំងតវ៉ានេះ បានក្លាយទៅជាអំពើហិង្សារវាងក្រុមអ្នកប្រឆាំង និងគាំទ្រលោកប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa។
បើទោះបីជាមានបម្រាមគោចរនៅពេលរាត្រីក៏ដោយ កងកម្លាំងសន្តិសុខរាប់ពាន់នាក់ត្រូវបានបញ្ជាឲ្យបាញ់នៅកន្លែងកើតហេតុ ដើម្បីរារាំងមិនឱ្យមានភាពជ្រួលច្របល់កាន់តែខ្លាំង។ ទោះជាបែបនេះក្ដី ទីតាំងសណ្ឋាគារទំនើបមួយកន្លែងដែលជាកម្មសិទ្ធិរបស់សាច់ញាតិរបស់ប្រធានាធិបតី ត្រូវបានក្រុមបាតុករដុតកម្ទេច។
មន្ត្រីកងកម្លាំងសន្តិសុខជាន់ខ្ពស់ស្រីលង្កាម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ក្រុមប៉ូលិស ៨ម៉ឺន ៥ពាន់នាក់ត្រូវបានបញ្ជាឱ្យស្ថិតនៅក្នុងស្ថានភាពប្រុងប្រៀប ដើម្បីវាយប្រហារ និងប្រើគ្រាប់ពិតបាញ់ទៅលើក្រុមដែលបង្កចលាចល។ បម្រាមគោចរក្នុងពេលរាត្រីដែលត្រូវបានដាក់ភ្លាមៗបន្ទាប់ពីមានអំពើហិង្សាតាំងពីថ្ងៃចន្ទ។ ជាមួយគ្នានេះ ក្រុមប៉ូលិសក៏បានបង្កើនសន្តិសុខការពារដល់ចៅក្រម និងរដ្ឋអាជ្ញាស្រីលង្កាមួយចំនួនដែលជាគោលដៅនៃការវាយប្រហាររបស់ក្រុមកុបករមួយក្រុមទៀត ដែលគាំទ្រលោក Mahinda ព្រោះក្រុមនេះខឹងសម្បាដោយសារតុលាការចេញដីកាហាមឃាត់លោក Mahinda មិនឱ្យចាកចេញពីប្រទេស។
ការពិត អំពើហិង្សានេះបានផ្ទុះឡើងតាំងពីយប់ថ្ងៃចន្ទ ទី៩ ឧសភា ខណៈក្រុមអ្នកគាំទ្ររដ្ឋាភិបាលដែលមានដំបងក្នុងដៃ បានវាយប្រហារលើក្រុមបាតុករនៅក្នុងរដ្ឋធានីកូឡំបូ ដែលកំពុងធ្វើបាតុកម្មតវ៉ាដោយអហិង្សាទាមទារឱ្យប្រធានាធិបតី Gotabaya និងលោក Mahinda ចុះចេញពីតំណែង។
ស្រីលង្កាដែលមានប្រជាជន ២២លាននាក់ កំពុងបន្តផុងខ្លួនកាន់តែជ្រៅទៅក្នុងវិបត្តិសេដ្ឋកិច្ច។ ប្រឈមនឹងការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមបាតុករប្រឆាំងរដ្ឋាភិបាល និងក្រុមបាតុករគាំទ្ររដ្ឋាភិបាល គឺខណៈលោកប្រធានាធិបតី Gotabaya សម្រេចបង្កើតរដ្ឋាភិបាលស្រោចស្រង់ជាតិ ដោយសន្យាថានឹងមិនមានសាច់ឈាមលោកណាម្នាក់ជារដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលក្រោយនេះទេ។ ក្រុមគណបក្សប្រឆាំងព្រមានថា ហិង្សានៅតែបន្ត ព្រោះបាតុករទាមទារឱ្យបញ្ចប់នយោបាយនៃត្រកូល Rajapaksa។
នៅខណៈនេះ នៅក្នុងទីក្រុងកូឡំបូ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលមួយចំនួនរក្សាភាពអហិង្សារបស់ពួកគេ តែនៅទីកន្លែងផ្សេងទៀតក្នុងប្រទេស ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលមួយចំនួនទៀតមិនមានភាពអត់ធ្មត់ឡើយ។ ពួកគេបានវាយប្រហារលើក្រុមសកម្មជនគាំទ្ររដ្ឋាភិបាលវិញ ដែលនាំឲ្យមានការប្រឈមមុខ និងការប៉ះទង្គិចគ្នាបន្តដល់ថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា នេះទៀត។ ក្នុងស្ថានការណ៍បែបនេះ ដែលមើលទៅហិង្សាមិនអាចរកទីបញ្ចប់ លោកប្រធានាធិបតី Gotabaya ស្នើឱ្យកងទ័ពចូលមកជួយស្ដារសណ្ដាប់ធ្នាប់សង្គមឡើងវិញ។ តែអ្នកនយោបាយក្រុមប្រឆាំងព្រមានថាជាការយកសាំងទៅចាក់លើភ្លើង៕