សកម្មជនសហគមន៍ខ្មែរ-អាមេរិកាំង ប្ដេជ្ញាការពារលោក អ៊ុក ទូច ដែលជាអ្នកគប់ស្បែកជើងលើលោក ហ៊ុន សែន បើសិនជាមានការចាប់បញ្ជូនខ្លួនទៅស្រុកខ្មែរវិញតាមការទាមទាររបស់លោក ហ៊ុន សែន។
សកម្មជនសហគមន៍ខ្មែរក្នុងទីក្រុងឡងប៊ិច នៃរដ្ឋកាលីហ្វ័រនីញ៉ា លោក ទិត្យ ទិព្វផាណា បានលើកឡើងក្នុងកម្មវិធី Idea Talk កាលពីរាត្រីថ្ងៃពុធ ម្សិលមិញ (១៨ ឧសភា) ថា ការគំរាមរបស់លោក ហ៊ុន សែន ជុំវិញការយកជីវិតរបស់លោក អ៊ុក ទូច និងអ្នកគាំទ្រសកម្មភាពរបស់លោក បានធ្វើឲ្យពលរដ្ឋខ្មែរដែលមិនពេញចិត្តការដឹកនាំរបស់លោក ហ៊ុន សែន មានការភ័យខ្លាចយ៉ាងខ្លាំង។
លោក ទិត្យ ទិព្វផាណា អះអាងថា អំណាចព្រៃផ្សៃរបស់លោក ហ៊ុន សែន មិនត្រឹមតែរាតត្បាតពេញស្រុកខ្មែរទេ ប៉ុន្តែពេលនេះ អំណាចនៃការគាបសង្កត់ និងការជិះជាន់ពលរដ្ឋខ្លួនឯងនេះកំពុងពង្រីកខ្លួនមកដល់ទឹកដីសហរដ្ឋអាមេរិកបណ្តើរៗហើយ តាមរយៈក្រុមបក្ខពួក និងដៃជើងរបស់លោក ហ៊ុន សែន ដែលបានចងក្រងជាបណ្ដាញនៅក្នុងសហគមន៍ខ្មែរលើទឹកដីសហរដ្ឋអាមេរិកសព្វថ្ងៃនេះ។
សកម្មជនសហគមន៍ខ្មែរក្នុងទីក្រុងឡងប៊ិច រូបនេះបញ្ជាក់ថា ដើម្បីការពារអាយុជីវិតរបស់ពលរដ្ឋខ្មែរដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គេចពីការគំរាមកំហែងរបស់លោក ហ៊ុន សែន ពលរដ្ឋខ្មែរអាមេរិកាំងទាំងអស់នៅក្នុងសហគមន៍ខ្មែរត្រូវតែរួបរួមគ្នាជាធ្លុងមួយ សាមគ្គីគ្នា ដើម្បីបញ្ចប់នូវការបំបែកបំបាក់របស់បណ្ដាញសមាជិកបក្សកាន់អំណាចដែលកំពុងព្យាយាមបញ្ចុះបញ្ចូលពលរដ្ឋខ្មែររស់នៅក្រៅស្រុកឲ្យឈ្លោះគ្នាឯងក្នុងពេលបច្ចុប្បន្ននេះ។
ការអះអាងបែបនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន គំរាមពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិកណាដែលគាំទ្រទង្វើរបស់លោក អ៊ុក ទូច ដែលបានគប់ស្បែកជើងលើរូបលោកកាលពីពេលថ្មីៗនេះ។
ចំណែកសកម្មជនសហគមន៍ខ្មែរក្នុងទីក្រុងឡូវែល នៃរដ្ឋម៉ាស្សាជូសេធ លោក ហ៊ុយ សាគាល បានលើកឡើងក្នុងកិច្ចពិភាក្សានេះដែរថា លោកកំពុងតែចងក្រងពលរដ្ឋខ្មែរដែលរស់នៅក្រៅស្រុកតាមបណ្តារដ្ឋនីមួយៗ ដើម្បីធានានូវសុវត្ថិភាពរបស់ខ្មែរអាមេរិកទាំងនោះពីការយាយី និងការបំភិតបំភ័យពីបណ្ដាញបក្ខពួករបស់លោក ហ៊ុន សែន ដែលកំពុងរាតត្បាតនៅសហរដ្ឋអាមេរិកនៅពេលកន្លងមក។
ដោយឡែកសកម្មជនសហគមន៍ខ្មែរក្នុងរដ្ឋកាលីហ្វ័រនីញ៉ា លោក គិត ពង្ស អះអាងថា លោកអាចដាក់លិខិតទៅកាន់ភ្នាក់ងារស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក (FBI) ដើម្បីឱ្យពួកគេបើកការស៊ើបអង្កេតលើពលរដ្ឋខ្មែរនៅអាមេរិកដែលចុះចូលជាមួយបណ្ដាញបក្ខពួកបម្រើការឱ្យបក្សកាន់អំណាចតាមរបៀបកុម្មុយនីស្ត ក្នុងការរៀបផែនការធ្វើបាបពលរដ្ឋខ្មែរ-អាមេរិកាំងស្លូតត្រង់ដទៃទៀត។
ប៉ុន្តែលោកមិនទាន់បានធ្វើកិច្ចការនេះនៅឡើយទេ ដោយសារតែលោកអាណិតខ្មែរ-អាមេរិកាំងទាំងនោះដែលជាជនរងគ្រោះ ដែលបានរត់ភៀសខ្លួនពីរបបខ្មៅងងឹតមកនៅស្រុកគេដូចលោកដែរនោះ។
កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ត្រូវបានពលរដ្ឋខ្មែររស់នៅក្រៅស្រុកគប់នឹងស្បែកជើង ប៉ុន្តែមិនត្រូវលោក ហ៊ុន សែន នោះទេក្នុងអំឡុងពេលដែលលោកទៅចូលរួមក្នុងកម្មវិធីជួបជុំក្រុមអ្នកគាំទ្ររបស់លោកនៅសហរដ្ឋអាមេរិក។
ជុំវិញបញ្ហានេះ នៅពេលដែលបុរសខ្លាំងកម្ពុជាត្រឡប់មកដល់ទឹកដីកំណើតវិញ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ក្នុងពិធីជួបជុំក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩ លោក ហ៊ុន សែន បានយកវេទិកានេះគំរាមអ្នកដែលគប់ស្បែកជើងលើរូបលោកថា អ្នកធ្វើទង្វើនេះនឹងមិនរួចខ្លួននោះទេ ប្រសិនបើលោក អ៊ុក ទូច ត្រូវអាមេរិកកាត់ទោស និងបញ្ជូនមកស្រុកខ្មែរ។
លោកបន្តថា អ្នកគាំទ្រលោក អ៊ុក ទូច ចំពោះទង្វើនេះក៏នឹងមិនអាចរួចខ្លួនដែរ ព្រោះបណ្ដាញបក្សកាន់អំណាចនៅក្រៅស្រុកបានកត់ឈ្មោះអ្នកដែលចាត់ទុកលោក អ៊ុក ទូច ជាវីរបុរសរួចអស់ហើយ។
មេដឹកនាំខ្មែរដែលឧស្សាហ៍គំរាមផ្តាច់ជីវិតពលរដ្ឋខ្លួនឯង លោក ហ៊ុន សែន បញ្ជាក់ថា លោកមិនសុំឱ្យសហរដ្ឋអាមេរិកដាក់ទោសលើអ្នកគប់ស្បែកជើងលើរូបលោកនោះឡើយ ប៉ុន្តែលោកចាំមើលថា តើអាមេរិកចាត់ទុកការគប់ស្បែកជើងបែបនេះជាសិទ្ធិបញ្ចេញមតិ ឬជាអំពើហិង្សា ប៉ុន្តែបើអាមេរិកចាត់ទុកទង្វើបែបនេះជាសិទ្ធិបញ្ចេញមតិ នោះកម្ពុជាក៏នឹងអនុវត្តបែបនេះដែរ ហើយច្បាប់ទម្លាប់នៅកម្ពុជាក៏លែងមានទៀតដែរ៕