ប្រសិនគ្មានការប្រែប្រួលទេ បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន និងលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន នឹងជួបគ្នាតាមទូរស័ព្ទនាពេលខាងមុខនេះ។
លោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៧ ខែតុលា នេះថា ប្រសិនគ្មានការប្រែប្រួល និងការសម្របសម្រួលពេលវេលាតាមផ្លូវការទូតដែលកំពុងធ្វើនោះទេ លោកនឹងជួបលោកប្រធានាធិបតីអ៊ុយក្រែន តាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ។
ការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល ធ្វើឡើងមួយថ្ងៃបន្ទាប់ពីបានបញ្ចប់បេសកកម្មជួយពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងវគ្គទីមួយតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប។
លោកបានលើកឡើងពីការងារដ៏មមាញឹករបស់លោក ដូចជាការពិនិត្យ សម្រេច និងការចុះហត្ថលេខាលើឯកសារផ្សេងៗ ការងារទាក់ទងនឹងការប្រជុំអាស៊ានក្នុងឋានៈលោកជាប្រធានប្តូរវេនឆ្នាំ២០២២ រួមជាមួយនឹងការត្រៀមចូលរួមប្រជុំ G20 និងការចូលរួមកិច្ចប្រជុំ APEC ជាដើម។ លោកបន្តថា គម្រោងជំនួបតាមទូរស័ព្ទជាមួយសមភាគីអ៊ុយក្រែន ក៏ស្ថិតក្នុងកាលវិភាគដ៏មមាញឹកផងដែរ។
ទោះជាយ៉ាងណាក៏ដោយ លោក ហ៊ុន សែន មិនបានបញ្ជាក់អំពីរបៀបវារៈដែលត្រូវលើកយកមកជជែកជាមួយប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក ហ្សេឡេនស្គី នោះទេ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ថាជំនួបរបស់លោក ហ៊ុន សែន និងលោក ហ្សេឡេនស្គី ជាចំណុចវិជ្ជមានក្នុងនាមកម្ពុជាប្រធានអាស៊ានផង និងក្នុងនាមកម្ពុជាដែលចូលខ្លួនសម្ដែងក្តីព្រួយបារម្ភអំពីវិបត្តិសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ហើយយ៉ាងណាស់ក៏ជាការលើកទឹកចិត្តដល់អ៊ុយក្រែនក្នុងការប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី។
លោកបន្តថា ការពិចារណារបស់លោក ហ៊ុន សែន អាចគិតគូរដល់ប្រទេសដែលមានឥទ្ធិពលជាងខ្លួនឈ្លានពានប្រទេសជិតខាង ដូចករណីប្រទេសវៀតណាម ដែលប្រើនយោបាយឈ្លានពានកម្ពុជាជាប់មិនដាច់៕