សភានៃសហភាពអឺរ៉ុប គាំទ្រលើញត្តិដែលទាមទារឱ្យដាក់ទណ្ឌកម្មពាណិជ្ជកម្មលើរដ្ឋាភិបាលលោក ហ៊ុន សែន ដោយការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA បន្ថែមទៀត ប្រសិនបើលោក កឹម សុខា មិនត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ និងមិនធានាបាននូវការបោះឆ្នោតជាតិខាងមុខឲ្យមានតម្លាភាព និងយុត្តិធម៌ ឬនៅតែមានការរំលោភសិទ្ធិមនុស្សនៅកម្ពុជាបន្តទៀតនោះ។
សភានៃសហភាពអឺរ៉ុបចំនួន ៤៩៦នាក់ក្នុងចំណោមសមាជិកសរុប ៥៤៣នាក់ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានអនុម័តគាំទ្រញត្តិស្ដីពីប្រទេសកម្ពុជា ដែលទាមទារឲ្យរដ្ឋាភិបាលក្រុងភ្នំពេញដោះលែងមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា និងមន្ត្រីបក្សប្រឆាំង ព្រមទាំងសកម្មជនបក្សនយោបាយក្រៅរដ្ឋាភិបាលទាំងអស់ ដែលត្រូវបានកាត់ទោស ឬឃុំខ្លួនដោយបទចោទប្រកាន់ពាក់ព័ន្ធនឹងរឿងនយោបាយ ដើម្បីធានាការបោះឆ្នោតមួយដែលប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅចុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
សភានៃសហភាពអឺរ៉ុប ក៏បានជំរុញឱ្យរដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន ដោះលែងមេដឹកនាំសហជីព អ្នកការពារសិទ្ធិមនុស្ស និងបើកលំហសង្គមស៊ីវិល ព្រមទាំងត្រូវផ្តល់អាជ្ញាប័ណ្ណដល់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ VOD ឡើងវិញផងដែរ។
ជាងនេះទៀត ក៏បានទាមទារឱ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ដើម្បីចូលរួមការបោះឆ្នោតខាងមុខនេះថែមទៀត។ លើសពីនេះ ក៏ត្រូវបញ្ឈប់រាល់ទម្រង់នៃការយាយីការបំភិតបំភ័យ និងការចោទប្រកាន់ពីបទឧក្រិដ្ឋដែលមានហេតុផលនយោបាយប្រឆាំងសមាជិកបក្សក្រៅរដ្ឋាភិបាលបន្តទៀតផងដែរ។
ការគាំទ្រឱ្យមានការដាក់ទណ្ឌកម្មនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានកាត់ទោសពីបទក្បត់ជាតិឱ្យជាប់គុកក្នុងផ្ទះរយៈពេល ២៧ឆ្នាំ និងដកហូតសិទ្ធិធ្វើនយោបាយពីសំណាក់តុលាការកម្ពុជាកាលពីពេលថ្មីៗនេះ។
នៅថ្ងៃទី១៦ ខែមីនា នេះដែរ វេទិកាពលរដ្ឋក៏បានចេញសេចក្តីថ្លែងការណ៍ថា ពួកគេសូមដាស់តឿនលោក ហ៊ុន សែន ឱ្យផ្ដោតការយកចិត្តទុកដាក់លើសេចក្តីសម្រេចរបស់សភាអឺរ៉ុបជាបន្ទាន់ កុំឲ្យអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA បន្ថែមទៀត ឬដកទាំងស្រុង។
ក្រុមនេះព្រមានថា បើលោក ហ៊ុន សែន មិនដោះលែងលោក កឹម សុខា ឲ្យមានសេរីភាព ឬបើកឲ្យគណបក្សសង្គ្រោះជាតិ និងបណ្ដាញសារព័ត៌មានសំឡេងប្រជាធិបតេយ្យ VOD មានដំណើរការឡើងវិញ និងមិនបើកឱ្យមានការបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ នោះរដ្ឋាភិបាលលោក ហ៊ុន សែន នឹងជួបហានិភ័យធ្ងន់ធ្ងរ។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ អះអាងថា ស្ថានភាពជាក់ស្ដែងសព្វថ្ងៃនេះក្នុងពេលដែលសហរដ្ឋអាមេរិកមិនផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ឲ្យកម្ពុជា ហើយសហភាពអឺរ៉ុបបានកាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ទៀតនោះ កម្មកររោងចក្រកាត់ដេរសរុបប្រមាណ ៨០ម៉ឺននាក់ ក្នុងនោះយ៉ាងតិចមាន ៥០% ឬចំនួន ៤០ម៉ឺននាក់ កំពុងប្រឈមនឹងជីវភាពដ៏លំបាក ដែលអ្នកខ្លះបាត់បង់ការងារទាំងស្រុង អ្នកខ្លះទៀតត្រូវព្យួរការងារ និងខ្លះទៀតត្រូវកាត់បន្ថយការងារពាក់កណ្ដាល ជាដើម ខណៈពេលដែលពួកគាត់កំពុងតែជាប់បន្ទុកសងបំណុលធនាគារទៀតនោះ។
វេទិកាពលរដ្ឋបញ្ជាក់ថា សេចក្ដីសម្រេចរបស់សភាអឺរ៉ុបពុំមានគោលដៅធ្វើបាបពលរដ្ឋខ្មែរ និងកម្មករខ្មែរឡើយ តែជាការសង្កត់រដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដើម្បីធានាថា ជំនួយនានា និងការអនុគ្រោះពន្ធពាណិជ្ជកម្មរបស់អឺរ៉ុបដល់កម្ពុជា មិនធ្លាក់ក្នុងអំពើពុករលួយនៃក្រុមបក្ខពួកនិយម និងមិនក្លាយជាឧបករណ៍បម្រើប្រយោជន៍នយោបាយរបស់ពួកអ្នកមានអំណាច ប៉ុន្តែពួកគេចង់ឲ្យពលរដ្ឋខ្មែរទទួលបាននូវផលប្រយោជន៍ដែលខ្លួនបានផ្តល់ឲ្យដោយពិតប្រាកដប៉ុណ្ណោះ។
ក្រុមនេះអះអាងថា សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ នឹងយកចិត្តទុកដាក់ជួយពលរដ្ឋខ្មែរកាន់តែច្រើនដើម្បីអភិវឌ្ឍប្រទេសកម្ពុជា បើរដ្ឋាភិបាលលោក ហ៊ុន សែន វិលទៅរកនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ លោក ហ៊ុន សែន ព្រមានថា លោកមិនយកឯករាជភាព អធិបតេយ្យភាពរបស់កម្ពុជាធ្វើជាថ្នូរនឹងជំនួយ ឬប្រព័ន្ធអនុគ្រោះពន្ធរបស់ប្រទេសណាទាំងអស់។
ទោះជាបែបនេះក្តី កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ សមាជិកសភាអឺរ៉ុបបានស្នើទៅកាន់ប្រទេសសមាជិកអឺរ៉ុបទាំង ២៧ប្រទេស ឱ្យដាក់ទណ្ឌកម្មលើប្រទេសកម្ពុជា ដោយការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុង ប្រសិនបើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣ នេះគ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេនោះ។
ដោយឡែកកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក រហូតមកទល់នឹងពេលនេះ នៅតែមិនទាន់ត្រូវបានផ្តល់មកឱ្យកម្ពុជាសាជាថ្មីឡើងវិញនៅឡើយទេ បន្ទាប់ពីកម្ពុជារងនូវការរិះគន់ពីការរំលោភសិទ្ធិមនុស្ស ជាន់ឈ្លីប្រជាធិបតេយ្យនាពេលកន្លងមក៕