ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានត្រាស់បង្គាប់លើកលែងទោសឲ្យអតីតសមាជិកគណបក្សប្រឆាំង ៩នាក់ទៀត បន្ទាប់ពីពួកគេបានចេញពីពន្ធនាគារ និងចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នៅក្នុងព្រះរាជក្រឹត្យចេញដោយព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានត្រាស់បង្គាប់លើកលែងទោសឲ្យអតីតសមាជិកគណបក្សប្រឆាំង ៩នាក់ទៀត។ អតីតសមាជិកគណបក្សប្រឆាំងទាំង ៩នាក់នោះមាន៖
- លោក វ៉ន សាវណ្ណ
- លោក ធុយ វី
- លោក ឆុន ប៊ុនឆាត
- លោក ឧ រឹម
- លោក ចាន់ សារ៉ាត់
- លោក ណុប វ៉ុន
- លោក ប៉េង សុខា
- លោក វ៉ន ឡេង
- និងលោក សាន សៅរី។
ការចេញព្រះរាជក្រឹត្យលើកលែងទោសរបស់ព្រះមហាក្សត្រនេះ ក្រោយពីលោក ហ៊ុន សែន បានទូលថ្វាយសំណើទៅព្រះអង្គ។
ការដែលបុរសខ្លាំងក្រាញអំណាចទូលថ្វាយសំណើសុំឲ្យលើកលែងទោសដល់មនុស្ស ៩នាក់ដែលជាអតីតសមាជិកបក្សប្រឆាំង ធ្វើឡើងបន្ទាប់ពីអ្នកទាំងនោះ និងលោក គង់ ម៉ាស់ ចេញពីពន្ធនាគារ ហើយចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោក គង់ ម៉ាស់ ត្រូវបានសមត្ថកិច្ចក្រោមបញ្ជាលោក ហ៊ុន សែន ចាប់និងឃុំខ្លួនកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់»។ ក្រោយពីត្រូវបានឃុំខ្លួនអស់រយៈពេលប្រមាណជា ២ឆ្នាំ គឺនៅចុងខែធ្នូ ឆ្នាំ២០២២ លោក គង់ ម៉ាស់ ត្រូវតុលាការក្រុងភ្នំពេញសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ៥ឆ្នាំពីបទរួមគំនិតក្បត់ ជុំវិញការចូលរួមមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីពេលកន្លងទៅ។
ប៉ុន្តែនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ អតីតសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ១០នាក់ មានទាំងលោក គង់ ម៉ាស់ បានចេញវីដេអូសារភាពកំហុស និងធ្វើលិខិតសុំទោសលោក ហ៊ុន សែន អំឡុងពេលដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ។
ក្រោយពីការសុំទោសហើយ លោក គង់ ម៉ាស់ ត្រូវបានដោះលែងឲ្យរស់នៅក្រៅឃុំបណ្ដោះអាសន្ន។ បន្ថែមពីនេះ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ដដែលនោះ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ក៏បានចេញព្រះរាជក្រឹត្យលើកលែងទោសឲ្យលោក គង់ ម៉ាស់ រួចផុតពីការចោទប្រកាន់ក្នុងសំណុំរឿងព្រហ្មទណ្ឌរបស់សាលាដំបូងរាជធានីភ្នំពេញផងដែរ៕