អ្នកឃ្លាំមើលបញ្ហាសង្គមលើកឡើងថា លោក ហ៊ុន សែន កំពុងដើរបើកវេទិកាផ្សាយបោកប្រាស់កម្មករ ដោយថាបើកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ GSP និង EBA ស្មើនឹងពលរដ្ឋខ្មែរបាត់សិទ្ធិជាម្ចាស់ ហើយប្រទេសកម្ពុជាក៏គ្មានប្រជាធិបតេយ្យនោះដែរ។
ការលើកឡើងរបស់អ្នកវិភាគរូបនេះ ធ្វើឡើងបន្ទាប់ពីបុរសខ្លាំងក្រាញអំណាចនៅកម្ពុជា លោក ហ៊ុន សែន បានប្រាប់កម្មករថាកុំឲ្យខ្វល់រឿងបាត់បង់ EBA និង GSP នៅពេលខាងមុខ ដោយសារកម្ពុជានៅពេលនោះនឹងក្លាយជាប្រទេសមានចំណូលខ្ពស់។
ប្រធានវេទិកាពលរដ្ឋ និងជាអ្នកវិភាគនយោបាយសង្គម លោក គឹម សុខ អះអាងថា ទោះជាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប និង GSP របស់អាមេរិកអាចបាត់បង់ទាំងស្រុងនៅឆ្នាំ២០២៧ ក៏ដោយ ប៉ុន្តែនៅសល់ពេលជាង ៦ឆ្នាំទៀត លោក ហ៊ុន សែន គួរប្រឹងរក្សាប្រព័ន្ធអនុគ្រោះពន្ធទាំងពីរនេះ ដើម្បីបានចំណេញក្នុងវិស័យពាណិជ្ជកម្មរបស់ប្រទេសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងជួយការងារកម្មករខ្មែរ ព្រមទាំងពង្រីកទីផ្សារកសិកម្មកម្ពុជាឲ្យកាន់តែរីកចម្រើន។
លោក គឹម សុខ លើកជាសំណួរថា ចាប់ពីខែសីហា ឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ នៅសល់ពេលយ៉ាងតិចជាង ៦ឆ្នាំទៀតដែរ ហេតុអ្វីលោក ហ៊ុន សែន មិនប្រឹងរក្សាប្រព័ន្ធអនុគ្រោះពន្ធទាំងពីរនេះទៅវិញ?
លោកបន្ថែមថា វៀតណាម និងថៃ នាំគ្នាតាមអង្វរសហរដ្ឋអាមេរិក និងអឺរ៉ុប ដើម្បីបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីស្រដៀង GSP និង EBA រីឯកម្ពុជាវិញមាននៅក្នុងដៃហើយ បានផលទាំងដុំហើយ តែបែរជាធ្វើឲ្យបាត់បង់ ព្រោះតែលោក ហ៊ុន សែន គិតតែពីអំណាចគ្រួសារ មិនគោរពរដ្ឋធម្មនុញ្ញ។
លោកថា លោក ហ៊ុន សែន កំពុងដើរបើកវេទិកាផ្សាយបោកប្រាស់កម្មករទាំងភ្នែកស្រស់ ដោយថាទោះបីដល់ឆ្នាំ២០២៧ ក៏ដោយ ក៏សហរដ្ឋអាមេរិកមិនចេះតែដក GSP ហើយអឺរ៉ុប ក៏មិនងាយដក EBA ដែរ បើលោក ហ៊ុន សែន ចេះដឹកនាំប្រទេសតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងខ្លឹមសាររដ្ឋធម្មនុញ្ញកម្ពុជា គឺការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យសេរីពហុបក្ស។
អ្នកវិភាគរូបនេះថា ការបាត់ GSP របស់អាមេរិក និងការកាត់ EBA របស់អឺរ៉ុបនេះ មានន័យថា ពលរដ្ឋខ្មែរបានបាត់សិទ្ធិជាម្ចាស់ ហើយប្រទេសកម្ពុជាបានបាត់ប្រជាធិបតេយ្យ ពីព្រោះការគោរពសិទ្ធិមនុស្ស និងការស្ដារប្រជាធិបតេយ្យ គឺជាលក្ខខណ្ឌចាំបាច់ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធទាំងពីរនេះ។
លោកថា ការបន្ទន់ឥរិយាបថដើម្បីបាន GSP និង EBA ១០០% មិនធ្វើឲ្យកម្ពុជាបាត់អធិបតេយ្យភាពដូចលោក ហ៊ុន សែន អះអាងនោះទេ ប៉ុន្តែវាជាកិត្តិយសរបស់កម្ពុជាទៅវិញទេ ពីព្រោះការរក្សាបាន GSP និង EBA វាបង្ហាញពិភពលោកថាកម្ពុជាមានមេដឹកនាំចេះគោរពរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។
កាលពីថ្ងៃទី៤ ខែមិថុនា នេះ លោក ហ៊ុន សែន អះអាងថា ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលអឺរ៉ុបផ្ដល់ឲ្យកម្ពុជានោះ វានឹងបាត់ ១០០% នៅចន្លោះឆ្នាំ២០២៦ ឬ ២០២៧ បន្ទាប់ពីកម្ពុជាចាកផុតពីប្រទេសអភិវឌ្ឍន៍តិចតួច។
កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុបបានសម្រេចដកប្រព័ន្ធអនុគ្រោះ EBA ចំនួន ២០% ចេញពីកម្ពុជា។ ការបាត់ផ្នែកខ្លះនៃ EBA ធ្វើឲ្យទំនិញដែលប៉ះពាល់មានចំនួន ៤០មុខ ដោយភាគច្រើនជាសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើការនាំចេញទៅអឺរ៉ុបដែលមានតម្លៃ ១ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំ។
តែយ៉ាងណា ប្រព័ន្ធអនុគ្រោះ EBA ដែលនៅសល់ ៨០% ទៀត នឹងត្រូវដកទាំងស្រុងផងដែរ ប្រសិនបើស្ថានភាពសិទ្ធិមនុស្ស និងការបោះឆ្នោតនៅកម្ពុជានាខែកក្កដា ខាងមុខ មិនធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ចំណែកប្រព័ន្ធអនុគ្រោះពន្ធ GSP វិញ សហរដ្ឋអាមេរិកបានដកហូតចេញពីកម្ពុជាកាលពីអំឡុងឆ្នាំ២០២០ ដូចគ្នាដែរ ហើយមកទល់ពេលនេះ កម្ពុជាក៏មិនទាន់ទទួលបានមកវិញនោះដែរ ស្របពេលដែលលោក ហ៊ុន សែន តែងបញ្ជូនរដ្ឋមន្ត្រីរបស់ខ្លួនឲ្យមកបញ្ចុះបញ្ចូលសភាសហរដ្ឋអាមេរិកជាញឹកញាប់ ដើម្បីចង់បានប្រព័ន្ធអនុគ្រោះពន្ធនេះត្រឡប់ទៅវិញផងដែរនោះ៕