ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Meta ឬហ្វេសប៊ុក កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា បានផ្ដល់អនុសាសន៍ទៅក្រុមហ៊ុនរបស់ខ្លួនឲ្យព្យួរគណនីហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន រយៈពេល ៦ខែ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Meta ដែលបានបង្ហោះតាមទំព័រហ្វេសប៊ុក បានរកឃើញលោក ហ៊ុន សែន រំលោភវិធានការរបស់ក្រុមហ៊ុន Meta ស្ដីពីការគំរាមកំហែងដ៏ហិង្សាទៅលើក្រុមប្រឆាំងនៅកម្ពុជា។
ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Meta ប្រកាសថាបានរកឃើញវីដេអូជាច្រើននៅក្នុងផេកហ្វេសប៊ុករបស់លោក ហ៊ុន សែន ដែលលោក ហ៊ុន សែន ផ្ទាល់បានបញ្ចេញកំហឹងគំរាមវាយសំពងទៅលើក្រុមប្រឆាំង ហើយក្នុងនោះ យ៉ាងហោចណាស់វីដេអូមួយមានរយៈពេល ៤១នាទីដែលលោក ហ៊ុន សែន ព្រមានសម្លាប់នយោបាយជ្រុលនិយមរបស់ក្រុមប្រឆាំងឲ្យរលំរលាយដូចអង្គការចាត់តាំងខ្មែរក្រហម ហើយលោកក៏នឹងមិនអនុគ្រោះឲ្យពួកគេផងដែរ បើមាននិន្នាការចងសម្ព័ន្ធភាពជាមួយក្រុមជ្រុលនិយមទាំងនោះ។
ក្រុមជ្រុលនិយមទាំងនោះដែលទំនងលោក ហ៊ុន សែន ចង់សំដៅទៅលើក្រុមរបស់លោក សម រង្ស៊ី និងបក្សប្រឆាំងមួយដែលត្រូវបានស្ថាប័នជាតិបោះឆ្នោតនៅកម្ពុជាដកសិទ្ធិចូលរួមការបោះឆ្នោតនៅថ្ងៃទី២៣ កក្កដា ខាងមុខនេះ។
ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន មានអ្នកតាមដានប្រមាណ ១៤លាននាក់។ ហ្វេសប៊ុកនេះត្រូវបានបង្កើតឡើងនៅអំឡុងឆ្នាំ២០១១។
ក្រុមប្រឹក្សាភិបាលនេះផ្តល់មូលនិធិដោយក្រុមហ៊ុន Meta តែប្រតិបត្តិការងារដោយឯករាជ្យ បាននិយាយថា ក្រុមហ៊ុន Meta មានកំហុសក្នុងការទុកឲ្យវីដេអូក្នុងផេករបស់លោក ហ៊ុន សែន បន្តនៅមាន ហើយក៏បានបញ្ជាឲ្យដកវីដេអូនោះចេញពីហ្វេសប៊ុកថែមទៀត។
ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Meta បានចងក្រងឯកសារក្នុងសំណុំរឿងនៃការបញ្ចេញកាយវិការ និងវោហារសាស្ត្រហិង្សារបស់លោក ហ៊ុន សែន ដល់ទៅ ៣៦ទំព័រ។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុន Meta បានយល់ព្រមតាមអនុសាសន៍របស់អ្នកជំនាញនៃក្រុមប្រឹក្សាដែលថានឹងអនុវត្តតាមគោលនយោបាយរបស់ក្រុមហ៊ុន ដែលរឹតបន្តឹងការបញ្ចេញសារគំរាមរបស់ម្ចាស់គណនីហ្វេសប៊ុក។
ការព្យួរគណនីនេះ នឹងនាំទៅរកការបិទទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ក្នុងពេលមិនដល់ ១ខែនៅមុនការបោះឆ្នោតជាតិនៅកម្ពុជា ដែលសំឡេងប្រឆាំងដ៏ធំមួយត្រូវបានបិទខ្ទប់សិទ្ធិមិនឲ្យចូលរួមការប្រកួតយកអាសនៈនៅក្នុងរដ្ឋសភា។
ការសម្រេចព្យួរគណនីហ្វេសប៊ុកនេះ គឺជាវិធានការថ្មីបំផុតរបស់ក្រុមប្រឹក្សាភិបាលស្ដីពីរបៀបដែលក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមធំជាងគេលើពិភពលោក ឆ្លើយតបចំពោះមេដឹកនាំនយោបាយដែលរំលោភវិធានច្បាប់របស់ក្រុមហ៊ុន ដោយញុះញង់ឲ្យមានហិង្សាជុំវិញការបោះឆ្នោត និងបរិយាកាសនយោបាយនៅកម្ពុជា។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការ Human Rights Watch បានបញ្ចេញសេចក្តីថ្លែងការណ៍មួយស្ដីពីការព្យួរសិទ្ធិប្រើប្រាស់នៃគណនីហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សេចក្តីថ្លែងការណ៍របស់លោក Phil Robertson បានរៀបរាប់ដូចនេះថា៖ «លោក ហ៊ុន សែន ទីបំផុតត្រូវគេដកសិទ្ធិដោយសារប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីញុះញង់ឲ្យមានអំពើហិង្សាលើក្រុមប្រឆាំង ហើយច្បាស់ណាស់ គាត់នឹងប្រតិកម្មចំពោះការសម្រេចចិត្តនេះ។»
តាមលោក Phil Robertson ក្រុមហ៊ុន Meta គួរតែចាត់វិធានការដូចនេះយូរយារមកហើយទៅលើហ្វេសប៊ុករបស់លោក ហ៊ុន សែន ព្រោះតែជនផ្ដាច់ការរូបនេះប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីញុះញង់ឲ្យមានហិង្សា ដោយបានកើតឡើងច្រើនដងមកហើយក្នុងប្រទេសកម្ពុជា។
បណ្ដាញសង្គមហ្វេសប៊ុក គឺជាបណ្ដាញទំនាក់ទំនងមួយដែលមានការពេញនិយមជាខ្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសកម្ពុជា ហើយលោក ហ៊ុន សែន ដែលកាន់អំណាចរយៈពេល ៣៨ឆ្នាំមកនេះ គឺជាអ្នកសកម្មជាងគេដែលនិយមប្រើហ្វេសប៊ុកក្នុងការបញ្ចេញរូបថត ការថតហ្សែលហ្វីជាមួយមេដឹកនាំក្នុងតំបន់ និងធ្វើសេចក្ដីថ្លែងការណ៍ទាំងសារនយោបាយ និងសារផ្សេងៗទៀត រួមទាំងជីវិតគ្រួសារប្រចាំថ្ងៃរបស់លោកទៀតផង សូម្បីលោកទៅចម្ការដើម្បីកាច់ពោត បេះផ្លែស្វាយ និងបន្លែដំណាំផ្សេងៗទៀតជាមួយភរិយារបស់លោក ក៏លោកឱ្យគេថតរូបផុសបង្អួតនៅក្នុងហ្វេសប៊ុករបស់លោកដែរ។
យ៉ាងណា មើលទៅនៅក្នុងចំណោមមេដឹកនាំសមាគមអាស៊ាន ១០ប្រទេសអាចមានតែលោក ហ៊ុន សែន មួយគត់ដែលត្រូវបានក្រុមហ៊ុនហ្វេសប៊ុកពិន័យ ដោយបិទសិទ្ធិប្រើប្រាស់គណនីហ្វេសប៊ុក និង Instagram ទោះបីការបិទនោះមានរយៈពេល ៦ខែក៏ដោយ។
សម្រាប់លោក ហ៊ុន សែន លោកប្រកាសថាឈប់ប្រើហ្វេសប៊ុកចាប់ពីថ្ងៃនេះតទៅហើយ ដែលលោកថាបណ្ដាញសង្គមមួយនេះពុំសូវមានសុវត្ថិភាពនោះទេ។ លោកសម្រេចទៅប្រើបណ្ដាញសង្គម Telegram និង Tik Tok ជាការជំនួសវិញ។ លោកព្រមានថានឹងបិទហ្វេសប៊ុកនៅកម្ពុជាទៀតផង ប្រសិនបើក្រុមអ្នករិះគន់ ឬក្រុមប្រឆាំងនៅក្រៅប្រទេសបន្តប្រមាថ និងឌឺដងមកលើរូបលោកដែលរងនូវការដាក់ទណ្ឌកម្មដោយក្រុមហ៊ុនមេតានេះ៕