អតីតមន្ត្រីជាន់ខ្ពស់កម្ពុជាប្រចាំលំហសមុទ្រខេត្តកោះកុង លោក មុំ អស្សនី ចោទសមាជិកគ្រួសារត្រកូលហ៊ុន ចំនួន ៤នាក់ ដូចជាបេក្ខជននាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានី អ្នកស្រី ហ៊ុន សេងនី និងអ្នកស្រី ហ៊ុន ស៊ីណាត ថាកំពុងកាន់កាប់ជំនួញខុសច្បាប់ធំៗនៅកម្ពុជា។
អតីតគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រប្រចាំខេត្តកោះកុង លោក មុំ អស្សនី បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១២ កក្កដា ថា សាច់ឈាមជិតដិតរបស់លោក ហ៊ុន សែន ទាំង ៤នាក់ខាងលើនេះបានប្រព្រឹត្តអំពើខុសច្បាប់រាប់មិនអស់តាមរយៈមុខជំនួញមិនស្របច្បាប់របស់ពួកគេ ក្នុងនោះអ្នកស្រី ហ៊ុន សេងនី ប្រកបមុខជំនួញខុសច្បាប់ដូចជារត់ពន្ធស្វាទៅលក់នៅក្រៅប្រទេស និងរំលោភយកដីរដ្ឋតាមអនុក្រឹត្យរបស់លោក ហ៊ុន សែន ដើម្បីចែកលុយគ្នា ជាដើម។
លោក មុំ អស្សនី អះអាងថា អ្នកស្រី ហ៊ុន ស៊ីណាត គឺជាមេឈ្មួញលាងលុយចិនខុសច្បាប់យ៉ាងធំតាមរយៈក្រុមហ៊ុនអាកាសចរណ៍មួយឈ្មោះក្រុមហ៊ុន Cambodia Airway។ លោកបន្តថា លោក ហ៊ុន ម៉ាណែត គឺជាមេឧក្រិដ្ឋជនព្រៃឈើធំបំផុតនៅកម្ពុជា ខណៈលោក ហ៊ុន ម៉ានី គឺជាអ្នកនៅពីក្រោយនៃការចរាចរគ្រឿងញៀនដ៏ធំនៅក្នុងស្រុកខ្មែរផងដែរ។
លោក មុំ អស្សនី លើកឡើងថា រាល់មុខជំនួញខុសច្បាប់ទាំងអស់ដែលពួកគេកំពុងប្រព្រឹត្ត ជាពិសេសអ្នកស្រី ហ៊ុន សេងនី និងអ្នកស្រី ហ៊ុន ស៊ីណាត គឺត្រូវផ្តល់លុយទាំងនោះឱ្យទៅលោក ហ៊ុន សែន ជាអ្នកបែងចែកឱ្យពួកគេត្រឡប់មកវិញ ព្រោះថាពួកគេគ្មានសិទ្ធិបែងចែកលុយទាំងនោះទេ។
លោកបន្ថែមថា ជុំវិញការបែងចែកលុយនេះ មន្ត្រីធំដែលស្និទ្ធនឹងលោក ហ៊ុន សែន ម្នាក់ធ្លាប់ត្រូវលោក ហ៊ុន សែន គំរាមដល់ជីវិតម្តងរួចមកហើយនៅពេលដែលមន្ត្រីរូបនោះហ៊ានបែងចែកលុយដែលខ្លួនរកបាន ដោយមិនទុកឱ្យលោក ហ៊ុន សែន ជាអ្នកបែងចែកនោះ។
អតីតមន្ត្រីគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្ររូបនេះបញ្ជាក់ថា សព្វថ្ងៃនេះបេក្ខជនអនាគតនាយករដ្ឋមន្ត្រីរបស់ត្រកូលហ៊ុន គឺលោក ហ៊ុន ម៉ាណែត កំពុងវិវឌ្ឍខ្លួនទៅជាអ្នកនៅពីក្រោយនៃអំពើខុសច្បាប់នានានៅកម្ពុជាដូចឪពុករបស់គាត់ដែរ ដើម្បីគ្រប់គ្រងលុយ និងអំណាចឲ្យកាន់តែខ្លាំងនៅពេលដែលគាត់ឡើងកាន់កាប់អំណាចជានាយករដ្ឋមន្ត្រី បន្ទាប់ពីអវត្តមានលោក ហ៊ុន សែន នៅពេលខាងមុខនោះ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលក្រុមគ្រួសារត្រកូលហ៊ុនរបស់លោក ហ៊ុន សែន ត្រូវបានគេរកឃើញថាកំពុងកាន់កាប់ជំនួញទាំងខុសច្បាប់ និងស្របច្បាប់ជាច្រើននៅកម្ពុជាក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិកសព្វថ្ងៃនេះ។
អង្គការឃ្លាំមើលពិភពលោក គ្លប៊ល វីនេស (Global Witness) បានចេញរបាយការណ៍ជុំវិញអាណាចក្រជំនួញគ្រួសារត្រកូលហ៊ុន កាលពីពេលកន្លងទៅដែលមានចំណងជើងថា Hostile Takeover: The Corporate Empire of Cambodia’s Ruling Family ដែលបានរៀបរាប់យ៉ាងលម្អិតថា គ្រួសារត្រកូល “ហ៊ុន” ដែលកំពុងរកស៊ីយ៉ាងគគ្រឹកគគ្រេងក្នុងប្រទេសកម្ពុជា ដូចជាលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានី លោក ហ៊ុន ម៉ានិត អ្នកស្រី ហ៊ុន ម៉ាណា អ្នកស្រី ហ៊ុន ម៉ាលី ហ៊ុន ចិន្តាវី ហ៊ុន តូ ឌី វិជ្ជា ហ៊ុន ជា ហ៊ុន គិមលេង ហ៊ុន ចន្ធូ សុខ ពុទ្ធីវុធ សេង ឃាង ឌី ចូច ឌី ប្រឹម និងសមាជិកដទៃទៀត កំពុងគ្រប់គ្រង និងមានភាគហ៊ុនក្នុងក្រុមហ៊ុនផ្នែកឧស្សាហកម្ម កសិកម្ម រ៉ែ ព្រៃឈើ ថាមពល រោងចក្រ កន្លែងកម្សាន្ត តំបន់សេដ្ឋកិច្ចពិសេស សណ្ឋាគារ ទេសចរណ៍ រោងចក្រ ល្បែងស៊ីសង ក្រុមហ៊ុនដឹកជញ្ជូន ហិរញ្ញវត្ថុ សារព័ត៌មាន និងក្រុមហ៊ុនជាច្រើនទៀតសព្វថ្ងៃនេះ។
របាយការណ៍ខាងលើលាតត្រដាងថា គ្រួសារត្រកូលហ៊ុនក៏ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនម៉ាកអន្តរជាតិជាច្រើនដែរ ដូចជាក្រុមហ៊ុនអន្តរជាតិ Apple ក្រុមហ៊ុន Canon ក្រុមហ៊ុន LG Electronics ក្រុមហ៊ុន Lenovo-IBM ក្រុមហ៊ុន Nokia និងក្រុមហ៊ុនផលិតផលជាច្រើនទៀត ដូចជាក្រុមហ៊ុនស្រាល្បីៗ ជាដើម។
លើសពីនេះ គ្រួសារនេះក៏មានភាគហ៊ុនក្នុងក្រុមហ៊ុន Viettel នៃក្រុមហ៊ុន Viettel Group ដែលជាក្រុមហ៊ុនរកស៊ីលើបណ្ដាញទូរសព្ទមិត្តហ្វូនគ្រប់គ្រងដោយកងទ័ពវៀតណាមផងដែរ ហើយការធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុននេះមានការជ្រោមជ្រែងពីលោក ហ៊ុន សែន យ៉ាងខ្លាំង ដោយតម្រូវឱ្យកងទ័ពខ្មែរទាំងអស់ប្រើប្រាស់ប្រព័ន្ធទូរសព្ទមួយនេះនៅគ្រប់អង្គភាពទាំងអស់នៅកម្ពុជា៕