គណបក្សភ្លើងទៀនដែលត្រូវបានរារាំងមិនឲ្យចូលរួមបោះឆ្នោត បានបដិសេធថា ខ្លួនមិនបានជាប់ពាក់ព័ន្ធនឹងការធ្វើសកម្មភាពអំពាវនាវឱ្យពលរដ្ឋខ្មែរកុំឱ្យទៅបោះឆ្នោត ឬគូសខ្វែងសន្លឹកឆ្នោតចោលនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឡើយ។
គណបក្សភ្លើងទៀនដែលកំពុងរងនូវការគាបសង្កត់ពីរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នេះថា ខ្លួនមិនបានជាប់ពាក់ព័ន្ធ និងមិនទទួលខុសត្រូវចំពោះទង្វើរបស់បុគ្គលទាំងឡាយណាដែលធ្វើសកម្មភាពប្រាសចាកពីស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានានៃព្រះរាជាណាចក្រកម្ពុជាឡើយ។
ប្រភពដដែលអះអាងថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិពេញលេញស្របតាមច្បាប់ ក្នុងការធ្វើសេចក្តីសម្រេចចិត្តតាមសតិសម្បជញ្ញៈពិតប្រាកដរបស់ខ្លួន ក្នុងការចូលរួម ឬមិនចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រស្របតាមឆន្ទៈរៀងៗខ្លួន ដោយមិនត្រូវស្ថិតក្រោមការគាបសង្កត់ ការបង្ខិតបង្ខំ ការគំរាមកំហែង ការបង្គាប់បញ្ហា ឬការញុះញង់ពីសំណាក់បុគ្គលណា ឬគណបក្សនយោបាយណាមួយឡើយ។
គណបក្សភ្លើងទៀន បញ្ជាក់ថា ជំហររបស់ខ្លួន គឺធ្វើសកម្មភាពនយោបាយដោយគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្លួនស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ច្បាប់ស្ដីពីការបោះឆ្នោត ច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់ជាធរមាននានានៃព្រះរាជាណាចក្រកម្ពុជាដទៃទៀត ព្រមទាំងលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់នៅក្រសួងមហាផ្ទៃ ជាដើម។
កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បុរសខ្លាំងខាងរំលោភច្បាប់បិទសំឡេងក្រុមប្រឆាំងលោក ហ៊ុន សែន ទាមទារឱ្យគណបក្សភ្លើងទៀនទទួលខុសត្រូវលើការអំពាវនាវរបស់ខ្លួនដែលបានប្រកាសឱ្យប្រជាពលរដ្ឋគូសខ្វែងសន្លឹកឆ្នោតចោល តាមការបង្គាប់បញ្ជារបស់អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ជាអ្នកនៅពីក្រោយ ដែលមានលោក ប៊ុន ខេត ប្រធានស្តីទីប្រតិបត្តិរាជធានីភ្នំពេញរបស់បក្សភ្លើងទៀនជាសាក្សី។
មេដឹកនាំខ្មែរដែលកំពុងដឹកនាំប្រទេសតាមបែបផ្ដាច់ការ លោក ហ៊ុន សែន អះអាងថា អ្នកដែលសារភាពកំហុសទាំងនោះបានបញ្ជាក់ថា អ្វីៗដែលពួកគេបានអនុវត្ត គឺធ្វើតាមតែបទបញ្ជារបស់អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ដែលជាទណ្ឌិតគ្រប់បែបយ៉ាងប៉ុណ្ណោះ ដូច្នេះបញ្ហាគឺនៅត្រង់ថា តើគណបក្សភ្លើងទៀនត្រូវទទួលខុសត្រូវបែបណាចំពោះរឿងនេះ។
ការជំរុញឱ្យគណបក្សភ្លើងទៀនទទួលខុសត្រូវបែបនេះ ធ្វើឡើងបន្ទាប់ពីលោក ប៊ុន ខេត ដែលជាប្រធានប្រតិបត្តិស្តីទីរាជធានីភ្នំពេញរបស់គណបក្សភ្លើងទៀន បានចេញវីដេអូសារភាពថា ការបំផុសបំផុលពលរដ្ឋឱ្យគូសខ្វែងសន្លឹកឆ្នោតចោលនៅថ្ងៃបោះឆ្នោត គឺជាការអនុវត្តតាមការណែនាំរបស់មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ដែលមានអតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ជាអ្នកបញ្ជាពីក្រោយប៉ុណ្ណោះ។
កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនសមាជិកគណបក្សភ្លើងទៀន ២នាក់ គឺលោក លី រី ដែលជាសមាជិកគណៈកម្មាធិការនាយក និងលោក ប៊ុន ខេត ជាប្រធានស្ដីទីប្រតិបត្តិរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់ថាពួកគេបានញុះញង់ឱ្យប្រជាពលរដ្ឋគូសខ្វែងសន្លឹកឆ្នោតចោលនៅថ្ងៃបោះឆ្នោត ក្នុងនាមពួកគេជាមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន។
ក្រោយពីចាប់ខ្លួន សាលាដំបូងក្រុងភ្នំពេញបានសម្រេចចោទប្រកាន់លើសមាជិកគណបក្សភ្លើងទៀនទាំង ២នាក់នេះពីបទ ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ព្រមទាំងចេញដីកាបង្គាប់ឱ្យឃុំខ្លួនពួកគេភ្លាមៗផងដែរ។
ច្បាប់ស្ដីពីការបោះឆ្នោតដែលទើបនឹងកែប្រែនៅមុនការបោះឆ្នោតឆ្នាំ២០២៣ នេះ ត្រង់មាត្រា១៤២ ចែងថា ជនណាដែលគូសបំផ្លាញសន្លឹកឆ្នោត ដូចជាគូសខ្វែងសន្លឹកឆ្នោត ជាដើម ត្រូវផាកពិន័យពី ៥លានរៀលទៅ ២០លានរៀល ដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀតឡើយ។
នៅមុនការបោះឆ្នោតឆ្នាំ២០២៣ នេះ ត្រូវគេមើលឃើញថា មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បានប្រើល្បិចនគាបសង្កត់គណបក្សភ្លើងទៀនយ៉ាងធ្ងន់ធ្ងរ ក្នុងនោះអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ត្រូវចាប់ឃុំខ្លួនក្នុងពន្ធនាគារ លោក សុន ឆ័យ ត្រូវរងនូវបណ្តឹង និងរងនូវការរឹបអូសទ្រព្យសម្បត្តិ ខណៈគណបក្សភ្លើងទៀន ក៏ត្រូវបានរារាំងមិនឱ្យចូលរួមឈរឈ្មោះឱ្យគេបោះឆ្នោតថែមទៀត៕