មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ត្អូញត្អែរថា បោះឆ្នោតរួចភ្លាម តម្លៃប្រេងឥន្ធនៈឡើងថ្លៃភ្លែត ដែលនេះបង្ហាញថាគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន កំពុងរៀបផែនការប្រមូលលុយត្រឡប់មកវិញដែលពួកគេបានចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ធ្វើយុទ្ធនាការបោះឆ្នោត និងការរៀបចំកីឡាស៊ីហ្គេមដែលមិនយកលុយពីកីឡាករបរទេសនៅមុនការបោះឆ្នោតនោះ។
តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២ សីហា នេះថា តម្លៃប្រេងឥន្ធនៈនៅបណ្តាប្រទេសមួយចំនួននៅលើពិភពលោក ជាពិសេសនៅសហរដ្ឋអាមេរិក មុនបោះឆ្នោត និងក្រោយការបោះឆ្នោតនៅកម្ពុជា គឺនៅឋិតឋេរដដែល មិនឡើងថ្លៃនោះទេ ប៉ុន្តែចម្លែកអីតែស្រុកខ្មែរ អីក៏ចៃដន្យម្ល៉េះ មុនបោះឆ្នោតមិនឡើងថ្លៃទេ តែគ្រាន់តែបោះឆ្នោតរួចភ្លាមស្រាប់តែឡើងថ្លៃភ្លែតតែម្តង។
លោក អ៊ុំ សំអាន លើកឡើងថា សម្រាប់ខ្លួនលោកផ្ទាល់ នៅពេលដែលចាក់សាំងឱ្យរថយន្ត លោកសឹងតែមិនមើលតម្លៃប្រេងដែលក្រុមហ៊ុនបានដាក់បង្ហាញផង ដោយសារតែតម្លៃប្រេងសាំងនៅអាមេរិក គឺមានតម្លៃធូរថ្លៃជាងនៅកម្ពុជាឆ្ងាយណាស់ ដែលមានតម្លៃត្រឹមតែ ៣៩០០រៀលដែលស្មើនឹង ០,៩៤ដុល្លារអាមេរិកប៉ុណ្ណោះក្នុង ១លីត្រ ខណៈប្រាក់ចំណូល ឬប្រាក់ខែរបស់លោក និងពលរដ្ឋខ្មែរនៅអាមេរិកមានកម្រិតខ្ពស់ជាងប្រាក់ខែដែលពលរដ្ឋខ្មែរនៅកម្ពុជាទទួលបាន ប៉ុន្តែបែរជាតម្លៃប្រេងសាំងនៅកម្ពុជាមានតម្លៃថ្លៃជាងទៅវិញ។
កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនានានៅកម្ពុជាថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ប្រេងសាំងធម្មតាត្រូវលក់ក្នុងតម្លៃ ៤៥៥០រៀលក្នុង ១លីត្រ ដែលស្មើនឹង ១,១០ដុល្លារអាមេរិក ខណៈប្រេងម៉ាស៊ូតត្រូវលក់ក្នុងតម្លៃ ៤៤៥០រៀលក្នុង ១លីត្រ ដែលស្មើនឹង ១,០៧ដុល្លារអាមេរិកផងដែរ។
ទាក់ទិននឹងបញ្ហានេះ នៅមុនការបោះឆ្នោតមកដល់កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនានានៅក្នុងប្រទេសកម្ពុជាថា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ប្រេងសាំងធម្មតាត្រូវលក់ក្នុងតម្លៃ ៤១៥០រៀលក្នុង ១លីត្រ ដែលស្មើនឹង ១ដុល្លារអាមេរិកគត់ ខណៈប្រេងម៉ាស៊ូតត្រូវលក់ក្នុងតម្លៃ ៤ពាន់រៀលក្នុង ១លីត្រ ដែលស្មើនឹង ០,៩៧ដុល្លារអាមេរិក ដូច្នេះមានន័យថា នៅក្រោយការបោះឆ្នោតតម្លៃប្រេងឥន្ធនៈនៅកម្ពុជាបានឡើងថ្លៃដល់ទៅ ៤០០រៀលក្នុង ១លីត្រសម្រាប់ប្រេងសាំង និង ៤៥០រៀលសម្រាប់ប្រេងម៉ាស៊ូត។
ជុំវិញការលក់ប្រេងឥន្ធនៈតាមស្ថានីយទូទាំងប្រទេសនៅកម្ពុជាសព្វថ្ងៃនេះ ត្រូវបានបែងចែកទៅជា ៣ប្រភេទផ្សេងគ្នា គឺប្រភេទសាំងល្អ ឬ Supper ប្រភេទសាំងធម្មតា ឬ Regular និងប្រភេទប្រេងម៉ាស៊ូត ឬ Diesel ក្នុងនោះតម្លៃសាំងល្អត្រូវលក់ក្នុងតម្លៃ ៥១៥០រៀលក្នុង ១លីត្រ ចំណែកសាំងធម្មតាត្រូវលក់ក្នុងតម្លៃ ៤៥៥០រៀលក្នុង ១លីត្រ និងប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ ៤៤៥០រៀលផងដែរក្នុង ១លីត្រ។
ជុំវិញតម្លៃប្រេងឥន្ធនៈឡើងថ្លៃនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបានរិះគន់ និងបញ្ចេញមតិដោយការមិនពេញចិត្តព្រោងព្រាត ក្នុងនោះមានអ្នកខ្លះលើកឡើងថា ទោះសហភាពអឺរ៉ុបផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ឬសហរដ្ឋអាមេរិកមិនផ្តល់ការអនុគ្រោះពន្ធ GSP មកកម្ពុជាវិញក៏ដោយ ក៏ពួកអ្នកមានអំណាច និងសេដ្ឋីស្រុកខ្មែរនៅតែអាចរស់បានដែរ ព្រោះពួកគេនឹងដំឡើងថ្លៃទំនិញគ្រប់បែបយ៉ាង ស្របពេលដែលការបោះឆ្នោតដែលគេព្រួយបារម្ភបំផុតនោះបានបញ្ចប់ជាស្ថាពរទៅហើយនោះ។
ទាក់ទិននឹងបញ្ហានេះ មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន តែងច្រានចោលរាល់ការរិះគន់មកលើរូបលោកជុំវិញតម្លៃប្រេងឥន្ធនៈឡើងថ្លៃជានិច្ច ក្នុងនោះលោក ហ៊ុន សែន ធ្លាប់បានដោះសាថា សាំងឡើងថ្លៃគឺបណ្តាលមកពីបញ្ហាសកល គឺសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ជាងនេះទៀត លោក ហ៊ុន សែន តែងព្រមានថា បើខ្លាចសាំងឡើងថ្លៃ គួរនាំគ្នាឈប់ជិះរថយន្ត ហើយនាំគ្នាដើរម្តងទៅ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា រាល់ពេលដែលតម្លៃប្រេងឥន្ធនៈហក់ឡើងម្តងៗ លោក ហ៊ុន សែន មិនដែលមានវិធានការដោះស្រាយទេ គឺគាត់គ្រាន់តែឆ្លើយដោះសាថា មកពីបញ្ហាសកល ឬប្រាប់ឱ្យពលរដ្ឋឈប់ជិះឡាន ឬឈប់ជិះម៉ូតូប៉ុណ្ណោះ។
ក្រុមប្រជាពលរដ្ឋអះអាងថា ចម្លើយរបស់លោក ហ៊ុន សែន បែបនេះមិនសក្ដិសមជានាយករដ្ឋមន្ត្រីដែលត្រូវដឹកនាំប្រទេសនោះឡើយ។
ប្រភពដដែលត្អូញត្អែរថា មន្ត្រីរាជការ អាជីវករ កម្មករ អ្នកលក់ដូរមិនរៀបរយ និងកសិករ ជាដើម សុទ្ធសឹងតែជាអ្នកដែលទទួលរងនូវផលប៉ះពាល់ពីការហក់ឡើងនៃតម្លៃទំនិញលើទីផ្សារ ជាពិសេសតម្លៃប្រេងឥន្ធនៈដែលតែងតែហក់ឡើងរហូត ដែលធ្វើឲ្យអ្នកមានប្រាក់ចំណូលទាប និងមធ្យម ត្រូវរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះជីវភាពប្រចាំថ្ងៃរបស់ពួកគេពីតម្លៃទំនិញលើទីផ្សារដែលតែងតែឡើងថ្លៃនេះ៕