អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី លើកឡើងថា រដ្ឋាភិបាលក្រុងភ្នំពេញនឹងប្រារព្ធបុណ្យខួប ១០០ថ្ងៃនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត ប៉ុន្តែប្រជាពលរដ្ឋខ្មែរគួរតែនាំគ្នាកាន់ទុក្ខនៅថ្ងៃនោះវិញ ព្រោះថាតាំងពីឡើងមកកាន់តំណែង អំពើអយុត្តិធម៌សង្គមកាន់តែរីកធំទៅៗ។
អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៤ វិច្ឆិកា ថា តាំងពីថ្ងៃលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជំនួសឪពុករបស់គាត់ គឺលោក ហ៊ុន សែន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ គ្មានអ្វីដែលអាចឱ្យពលរដ្ឋខ្មែរចូលរួមអបអរសាទរទេ ព្រោះថាការដឹកនាំរបស់គាត់កាន់តែអាក្រក់សម្រាប់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ។
លោក សម រង្ស៊ី លើកឡើងថា អំពើអយុត្តិធម៌សង្គមកាន់តែកើតមានក្នុងរដ្ឋាភិបាលបន្តពូជថ្មីនេះ ក្នុងនោះ អ្នកទោសនយោបាយដែលត្រូវបានចាប់ឃុំខ្លួនកាន់តែរងនូវភាពអយុត្តិធម៌ច្រើនឡើងខណៈអំពើគំរាមកំហែងកាន់តែរីករាលដាលពេញប្រទេស ចំណែកការប្រើអំណាចផ្ដាច់ការរបស់របបដែលបានបន្តពីឪពុកទៅកូននេះ ក៏កាន់តែរាតត្បាតអនាធិបតេយ្យថែមទៀត។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះបញ្ជាក់ថា ក្រៅពីការប្រើអំណាចផ្ដាច់ការកាន់តែខ្លាំង វិស័យសេដ្ឋកិច្ច និងសង្គមកិច្ចក៏កាន់តែធ្លាក់ចុះ ខណៈទង្វើបំផ្លាញទ្រព្យសម្បត្តិជាតិ ដូចជា ការកាប់ព្រៃឈើ ការលក់ដីរដ្ឋ លក់ធនធានក្រោមទឹក និងរ៉ែ ឲ្យទៅក្រុមហ៊ុន និងជនបរទេស កាន់តែកើតមានច្រើនឡើងៗ ខណៈពលរដ្ឋខ្មែរនៅទូទាំងប្រទេសត្រូវរបបនេះច្របាច់កទារពន្ធកាន់តែខ្លាំង ទោះគ្រួសារពួកគេជំពាក់លុយធនាគារវ័ណ្ឌករើខ្លួនមិនរួចក៏ដោយ។
លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសបង្កើតរបស់លោក ហ៊ុន សែន បានបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីខ្មែរពីឪពុកបាន ៣ខែហើយ គិតចាប់តាំងពីថ្ងៃទី២២ ខែសីហា រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ប៉ុន្តែគេមិនទាន់ឃើញលោក ហ៊ុន ម៉ាណែត ដាក់ចេញនូវគោលនយោបាយស្ដារសេដ្ឋកិច្ចជាតិ ឬដោះស្រាយវិបត្តិនយោបាយណាមួយដែលបានបន្សល់ទុកពីជំនាន់ឪពុករបស់គាត់នៅឡើយទេ។
យ៉ាងណាក៏ដោយ ក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៥ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត លើកឡើងថា រដ្ឋាភិបាលថ្មីដែលមានអាយុ ៩០ថ្ងៃមិនមែនជារដ្ឋាភិបាលដេកអេះពោះ ហើយដើរខ្ចីតែលុយបរទេសទេ ប៉ុន្តែរដ្ឋាភិបាលថ្មីនេះបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ និងសម្ពោធសមិទ្ធផលជាច្រើន ដើម្បីផ្តល់ផលប្រយោជន៍ឱ្យប្រជាពលរដ្ឋ។
ជាងនេះទៀត ក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ វិច្ឆិកា លោក ហ៊ុន ម៉ាណែត លើកឡើងថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចជាង ៥% នៅឆ្នាំ២០២៣ និងជាង ៦% នៅឆ្នាំ២០២៤ បន្ទាប់ពីរដ្ឋាភិបាលថ្មីរបស់លោកអនុវត្តកម្មវិធីគោលនយោបាយអាទិភាព និងការកែទម្រង់ដ៏មុតស្រួចនាពេលកន្លងមក។
បែបនេះក្តី អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិលោក មាជ សុវណ្ណារ៉ា អះអាងថា ចាប់ពីលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជារយៈពេល ៣ខែមកនេះ លោកមិនទាន់ឃើញនាយករដ្ឋមន្ត្រីថ្មីនេះដាក់ចេញនូវផែនការអភិវឌ្ឍន៍ដើម្បីស្ដារសេដ្ឋកិច្ចជាតិនៅឡើយ ក្រៅតែពីប្រើនយោបាយប្រជាភិថុតិដែលបន្សល់ពីលោក ហ៊ុន សែន ឪពុកគាត់។
លោក មាជ សុវណ្ណារ៉ា លើកឡើងថា បញ្ហាចំពោះមុខរបស់រដ្ឋាភិបាលថ្មីដែលត្រូវដោះស្រាយ គឺគ្មានអ្វីក្រៅពីស្ដារសេដ្ឋកិច្ចរបស់កម្ពុជាឱ្យល្អប្រសើរឡើងវិញទេ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុងជំពាក់បំណុលធនាគារ ឱ្យពួកគាត់អាចស្ដារជីវភាពគ្រួសារឡើងវិញ ព្រោះថាមានប្រជាពលរដ្ឋខ្លះដោយសារតែការជំពាក់បំណុលនេះ បានធ្វើឱ្យគាត់បាត់បង់ និងខាតបង់នូវទ្រព្យសម្បត្តិយ៉ាងច្រើន ដូចជា ការដែលគ្មានលទ្ធភាពបង់រំលស់ផ្ទះបន្តនៅតាមបុរីនានា ដែលជាហេតុធ្វើឱ្យម្ចាស់បុរីរឹបអូសយកផ្ទះវិញ ជាដើម។
ក្រោយពីឡើងកាន់តំណែងរបស់លោក ហ៊ុន ម៉ាណែត គេសង្កេតឃើញថា បញ្ហាសង្គមនានានៅតែបន្តកើតមានដូចរដ្ឋាភិបាលដែលបានដឹកនាំដោយលោក ហ៊ុន សែន ដូច្នោះដែរ ដូចជា ការមិនធានាបាននូវអំពើយុត្តិធម៌ជូនសកម្មជននានាដែលត្រូវបានឃុំខ្លួន ការមិនធានាបាននូវការរំលោភសិទ្ធិការងារ ការបន្តជាប់គាំងវិបត្តិនយោបាយ ការធ្លាក់ចុះសេដ្ឋកិច្ចជាតិ ការធ្លាក់វិស័យទេសចរណ៍ ការកើនឡើងនៃបំណុលជាតិ និងបំណុលរបស់ប្រជាពលរដ្ឋចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសព្វថ្ងៃនេះ ដែលគ្មានការដោះស្រាយពីរដ្ឋាភិបាល ជាដើម៕