មន្ត្រីជាន់ខ្ពស់អង្គការក្រៅរដ្ឋាភិបាល លើកជាសំណួរជាច្រើនជុំវិញការសម្រេចឃុំខ្លួនជនជាប់ចោទឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ម្ចាស់រថយន្តទំនើបម៉ាក Jeep ដែលបានបុកបុរសម្នាក់ឱ្យបាត់បង់ជីវិតកាលពីពេលថ្មីៗនេះថា តើជនបង្កអាចនឹងត្រូវឃុំខ្លួនពិតប្រាកដដែរទេ ហើយរូបគេនឹងត្រូវជាប់ឃុំតាមទម្ងន់ទោសពេញលេញដែរឬក៏អត់ ក្រោយពេលពលរដ្ឋលែងសូវចាប់អារម្មណ៍នឹងបញ្ហានេះ។
នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នេះថា ករណីម្ចាស់រថយន្តទំនើបម៉ាក Jeep បុកជនរងគ្រោះបណ្តាលឱ្យស្លាប់នេះ នៅមានសំណួរ និងចម្ងល់ជាច្រើនដែលមហាជនកំពុងតាមដាន ដូចជា ហេតុអ្វីបានជាជនបង្កមិនត្រូវបានឃាត់ខ្លួនភ្លាមៗ ក្រោយបុកមនុស្សស្លាប់ ព្រោះថារថយន្តក៏មានស្លាកលេខត្រឹមត្រូវ ហើយករណីនេះក៏ទំនងជាអាជ្ញាធរក៏បានកំណត់អត្តសញ្ញាណរបស់ជនបង្កច្បាស់លាស់រួចហើយដែរ?
លោក មឿន តុលា លើកជាសំណួរបន្ថែមថា បើមិនមានបញ្ជាពីថ្នាក់ដឹកនាំកំពូលទេ តើជនបង្កនៅតែមានសេរីភាពក្រៅច្បាប់ ហើយអាជ្ញាធរនៅតែមិនហ៊ានចាប់ជនបង្កមែនឬទេ។ ជាងនេះទៀត បើជនបង្កមិនចូលខ្លួនមកទេ តើអាជ្ញាធរនៅតែមិនហ៊ានចាប់ ឬនៅតែរកមិនឃើញជនបង្កយ៉ាងណា ព្រោះថាកន្លងមក អាជ្ញាធរបានប្រើការអំពាវនាវឱ្យជនបង្កចូលខ្លួនមកដោះស្រាយ ជាជាងការអនុវត្តច្បាប់ចំពោះរូបគេទៅវិញ។
ការលើកជាសំណួរបែបនេះ ធ្វើឡើងបន្ទាប់ពីម្ចាស់រថយន្តទំនើបឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា បានរត់គេចខ្លួនដោយគ្មានការបង្ក្រាប ក្រោយជនបង្កបានធ្វើឱ្យបុរសម្នាក់ស្លាប់ភ្លាមៗក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តទំនើបម៉ាក Jeep និងម៉ូតូ ស្ថិតក្នុងភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានបណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈអ្នកបើករថយន្តបានរត់គេចខ្លួនដោយសុវត្ថិភាព។
ក្រោយករណីនេះ ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Juppy បានអះអាងថា នៅថ្ងៃបុណ្យសពជនរងគ្រោះ ឪពុកជនល្មើសបានមកហៅបងស្រីជីដូនមួយរបស់បុរសដែលបានស្លាប់ ដែលស្ត្រីរូបនោះគឺជាមេធាវី ទៅជួបក្រៅរោងបុណ្យនិយាយស្ងាត់ៗ អំឡុងពេលដែលស្ត្រីរូបនោះកំពុងឈរធ្វើកិច្ចបច្ឆាមរណៈ។
ក្រោយជជែកមិនចុះសម្រុងគ្នា គ្រួសារជនល្មើសបានយកលុយ ១០០០ដុល្លារមកចូលបុណ្យសព និងព្រមានថា បើមិនដកពាក្យបណ្ដឹងទេ គ្រួសារគេនឹងមានរឿងបន្ថែមទៀតមិនខាន។
ទាក់ទិននឹងករណីនេះ អ្នកលេងបណ្ដាញសង្គមក៏បាននាំគ្នាបញ្ចេញមតិរិះគន់ព្រោងព្រាតលើបណ្ដាញសង្គមហ្វេសប៊ុក ប៉ុន្តែក្រោយមក ខ្សែអាត់សំឡេងមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ក៏ត្រូវបានគេទម្លាយតាមបណ្ដាញទំនាក់ទំនងតេឡេក្រាមផងដែរ ដោយលោក ហ៊ុន សែន គំរាមឱ្យឪពុកម្ដាយជនបង្កហៅកូនរបស់ពួកគេឱ្យមកដោះស្រាយតាមផ្លូវច្បាប់។
លោក ហ៊ុន សែន ព្រមានថា បើកូនរបស់ពួកគេមិនចូលខ្លួនមកដោះស្រាយរឿងនេះទេ លោកនឹងដកតួនាទីពួកគេ និងបណ្តេញចេញពីតំណែងតែម្តង។ ក្រោយការព្រមានរបស់លោក ហ៊ុន សែន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ក៏បានចេញបញ្ជាឱ្យអាជ្ញាធររាជធានីភ្នំពេញ ធ្វើការពិនិត្យស្រាវជ្រាវករណីនេះភ្លាមៗដែរ។
ក្រោយការព្រមានរបស់លោក ហ៊ុន សែន ស្រាប់តែនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ជនល្មើសឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា បានចូលខ្លួនមកសារភាពទោសកំហុសនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងនោះ តុលាការបានចោទប្រកាន់រូបគេចំនួន ២ករណី ទី១ បើកបរដោយធ្វេសប្រហែសបណ្តាលឱ្យអ្នកដទៃបាត់បង់ជីវិត និងទី២ ពីបទរត់គេចខ្លួន ហើយតុលាការក៏បានសម្រេចបញ្ជូនខ្លួនជនល្មើសទៅឃុំទុកនៅពន្ធនាគាររាជធានីភ្នំពេញ PJ កាលពីថ្ងៃទី២៤ ធ្នូ នេះតែម្តង។
មាត្រា៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកចែងថា ជនណាដែលបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្ដីពីចរាចរណ៍ផ្លូវគោកបណ្ដាលឱ្យស្លាប់អ្នកដទៃ នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំទៅ ៣ឆ្នាំ និងត្រូវផាកពិន័យជាប្រាក់ពីបួនលានរៀលទៅដប់ប្រាំលានរៀល។
ដោយឡែកមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ បានចែងពីបទរត់គេចខ្លួនពីកន្លែងកើតហេតុ ដោយព្យាយាមរត់គេចខ្លួន នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពីមួយលានរៀលទៅបួនលានរៀលផងដែរ។
ទាក់ទិននឹងបញ្ហានេះ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅទីស្ដីការក្រសួងបរិស្ថាន លោក ហ៊ុន ម៉ាណែត បានចេញបទបញ្ជាថា ប្រសិនមានបទល្មើសជាក់ស្តែងបើកឡានបុកគេស្លាប់ មិនបាច់សុំគោលការណ៍ទេ គឺចាប់ខ្លួនតែម្តងទៅ ក្នុងនោះបើជនល្មើសតវ៉ា គឺត្រូវតែវាយខ្នោះកុំលើកលែង ហើយកូនមន្ត្រីប៉ូលិសអាចអនុវត្តករណីនេះដោយមិនបាច់ទៅសុំបញ្ជាពីមេស្នងការឡើយ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ទោះអាជ្ញាធរកម្ពុជា ឬមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល រួមទាំងលោក ហ៊ុន ម៉ាណែត បង្ហាញពីការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងករណីនេះក៏ដោយ ក៏មិនមែនមានន័យថា ច្បាប់របស់ប្រទេសកម្ពុជាត្រូវបានអនុវត្តដោយពេញលេញទេ ព្រោះថាជាក់ស្តែង ច្បាប់នៅកម្ពុជាគ្មានវិសាលភាពគ្របដណ្ដប់លើមនុស្សគ្រប់រូបទេ ដែលមានន័យថា ច្បាប់នេះគ្របដណ្ដប់បានតែទៅលើប្រជាពលរដ្ឋទន់ខ្សោយប៉ុណ្ណោះ ប៉ុន្តែច្បាប់ដដែលនេះគឺស្ថិតនៅក្រោមបាតជើងអ្នកមានអំណាចទៅវិញ។
កាលពីដើមខែមករា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ចេញរបាយការណ៍របស់ខ្លួន ក្រោយបិទបញ្ចប់ការបូកសរុបលទ្ធផលការងារឆ្នាំ២០២២ ថា ក្នុងឆ្នាំ២០២២ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងជិត ៣ពាន់ករណី (២៩៧៦ករណី) ដែលបានបណ្ដាលឲ្យមនុស្សស្លាប់ជិត ២ពាន់នាក់ (១៧០៩នាក់) និងរងរបួសជាង ៤ពាន់នាក់ផងដែរ៕