ចិន បានអំពាវនាវនៅថ្ងៃព្រហស្បតិ៍ ទី១១ មករា នេះ ឱ្យសហរដ្ឋអាមេរិកឈប់ជ្រៀតជ្រែកកិច្ចការបោះឆ្នោតនៅកោះតៃវ៉ាន់ និងបានថ្កោលទោសចំពោះការធ្វើទស្សនកិច្ចទៅវិញទៅមករវាងមន្ត្រីអាមេរិកាំង និងមន្ត្រីដែនកោះនេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានបង្ហើបថា ខ្លួនមានផែនការបញ្ជូនគណៈប្រតិភូក្រៅផ្លូវការមួយក្រុមទៅកាន់ដែនកោះនេះ ក្រោយការបោះឆ្នោតប្រធានាធិបតី និងសភាតៃវ៉ាន់ អាណត្តិថ្មីរួចរាល់ហើយនោះ។
តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ដែនកោះតៃវ៉ាន់ នឹងបោះឆ្នោតប្រធានាធិបតី និងសភា នាថ្ងៃទី១៣ មករា ចុងសប្ដាហ៍នេះ ដែលអ្នកមានសិទ្ធិបោះឆ្នោតជិត ២០លាននាក់។
អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Mao Ning បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ចាំបាច់ត្រូវបញ្ឈប់សកម្មភាពជ្រៀតជ្រែកគ្រប់ទម្រង់ក្នុងដំណើរការបោះឆ្នោតនៅតំបន់តៃវ៉ាន់ ដើម្បីចៀសវាងបង្កការខូចខាតធ្ងន់ធ្ងរបន្ថែមទៀតចំពោះទំនាក់ទំនងចិន-សហរដ្ឋអាមេរិក។
បើតាមអ្នកនាំពាក្យរូបនេះ ចិនតែងតែប្រកាន់ជំហរជំទាស់យ៉ាងម៉ឺងម៉ាត់ចំពោះការធ្វើប្រាស្រ័យទាក់ទងគ្នាផ្លូវការ មិនថាក្នុងទម្រង់ណាមួយរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ ដែលអ្នកស្រីបញ្ជាក់ថា លើពិភពលោកនេះមានប្រទេសចិនតែមួយគត់ ហើយកោះតៃវ៉ាន់ជាផ្នែកពុំអាចកាត់ផ្តាច់បានពីទឹកដីរបស់ចិននោះទេ។
អ្នកនាំពាក្យរដ្ឋការក្រុងប៉េកាំងរូបនេះ បានសង្កត់ធ្ងន់ថា តៃវ៉ាន់គឺជាបញ្ហាចម្បងបំផុតនៃផលប្រយោជន៍ស្នូលរបស់ប្រទេសចិន ហើយជាខ្សែបន្ទាត់ក្រហមលេខ១ ដែលមិនត្រូវឈានជើងរំលងដាច់ខាតក្នុងទំនាក់ទំនងចិន-សហរដ្ឋអាមេរិក។ ការបញ្ចេញប្រតិកម្មនៃក្រុងប៉េកាំង ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសឱ្យដឹងអំពីគម្រោងបញ្ជូនប្រតិភូមួយក្រុមដែលក្រុងវ៉ាស៊ីនតោនហៅថាក្រៅផ្លូវការ។ ក្រុមប្រតិភូនេះទៅកាន់តៃវ៉ាន់ ធ្វើឡើងក្រោយពីបេក្ខជនប្រធានាធិបតីពីបក្សប្រជាធិបតេយ្យចម្រើននិយម (Democratic Progressive Party = DPP) លោក Lai Ching-te (ឡៃ ឈិងតឺ) បានទៅធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក។
មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បាននិយាយថា សេតវិមានបានបញ្ជូនសារយ៉ាងច្បាស់ទៅកាន់ចិន ថាក្រុងវ៉ាស៊ីនតោន ប្រឆាំងទៅនឹងរាល់ការលូកលាន់ ឬការព្យាយាមដាក់ឥទ្ធិពលពីភាគីខាងក្រៅណាមួយលើការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី និងសភានៅតៃវ៉ាន់។
តៃវ៉ាន់ នឹងត្រូវរៀបចំការបោះឆ្នោតសកលនៅកោះតៃវ៉ាន់ ចំពេលដែលមានភាពតានតឹងនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន មានភាពធូរស្រាលបន្តិច បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន និងលោកប្រធានាធិបតីចិន ស៊ី ជីនពីង បានព្រមព្រៀងស្ដារទំនាក់ទំនងយោធានឹងគ្នាឡើងវិញនៅក្នុងជំនួបមួយនៅឯរដ្ឋ California កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា ក្រុងវ៉ាស៊ីនតោន មិនឈរនៅខាងភាគីណាមួយនៅក្នុងការបោះឆ្នោតនៅតៃវ៉ាន់ទេ ហើយក៏មិនមានបេក្ខជនមេដឹកនាំតៃវ៉ាន់ជាទីសំណព្វចិត្តនោះដែរ។
មន្ត្រីរូបនេះអះអាងថា ក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងការប្រើឥទ្ធិពលលើការបោះឆ្នោតរបស់តៃវ៉ាន់ពីភាគីខាងក្រៅណាមួយ មិនថានរណាជាប់ឆ្នោតនោះទេ ក៏គោលនយោបាយរបស់ក្រុងវ៉ាស៊ីនតោន ចំពោះតៃវ៉ាន់ នឹងនៅតែដដែល រីឯភាពរឹងមាំនៃទំនាក់ទំនងក្រៅផ្លូវការ ក៏នឹងនៅតែបន្តរឹងមាំដដែល។ សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតសម្រាប់តៃវ៉ាន់។
ក្រុងប៉េកាំង បានបង្ហាញក្ដីរំពឹងថា ប្រជាជនតៃវ៉ាន់ភាគច្រើននឹងធ្វើការជ្រើសរើសដ៏ត្រឹមត្រូវ ភ្ជាប់ជាមួយការព្រមានថា បេក្ខជនមេដឹកនាំតៃវ៉ាន់មកពីគណបក្សកាន់អំណាច លោក Lai Ching-te គឺជាមនុស្សគ្រោះថ្នាក់ដែលអាចបង្កឱ្យជម្លោះ ឬការប្រឈមមុខដាក់គ្នានៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ផ្ទុះឡើង។
លោក Chen Binhua ជាអ្នកនាំពាក្យម្នាក់ពីការិយាល័យចិន ទទួលបន្ទុកកិច្ចការតៃវ៉ាន់ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោក Lai Ching-te ពីគណបក្សកាន់អំណាចតៃវ៉ាន់ គឺគណបក្សប្រជាធិបតេយ្យចម្រើននិយម គឺជាមនុស្សម្នាក់ដែលចង់ឱ្យតៃវ៉ាន់ប្រកាសឯករាជ្យ ហើយបើលោក Lai Ching-te ជាប់ឆ្នោត បុរសនេះអាចក្លាយជាមេក្រុមឧទ្ទាម។
សេចក្ដីថ្លែងការណ៍លោក Chen Binhua ដដែលដាក់ការសង្ឃឹមថា ជនរួមជាតិតៃវ៉ាន់ភាគច្រើននឹងទទួលស្គាល់ពីភាពគ្រោះថ្នាក់របស់គណបក្ស DPP និងលោក Lai Ching-te ដែលអាចនឹងបង្កទៅជាជម្លោះ និងការប្រឈមមុខដាក់គ្នាពីត្រើយទាំងសងនៃច្រកសមុទ្រតៃវ៉ាន់។
កាលពីដើមសប្ដាហ៍នេះ លោក Lai Ching-te បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា លោកនឹងរក្សាស្ថានភាពដើមនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាការលើកកម្ពស់សន្តិភាព ប្រសិនបើជាប់ឆ្នោតជាមេដឹកនាំថ្មីតៃវ៉ាន់ ព្រមទាំងបើកចំហកិច្ចពិភាក្សាជាមួយទីក្រុងប៉េកាំង ផ្អែកលើគោលការណ៍ស្មើភាពគ្នា និងសេចក្ដីថ្លៃថ្នូរ។
ខុសប្លែកពីអាណត្តិមុនៗដែលការបោះឆ្នោតផ្ដោតលើបេក្ខជនប្រធានាធិបតីសំខាន់ ២រូបប៉ុណ្ណោះ តែការបោះឆ្នោតលើកនេះ គឺជាការប្រកួតប្រជែងរវាងបេក្ខជនសំខាន់ៗ ៣រូប គឺមានលោក Lai Ching-te មកពីគណបក្សប្រជាធិបតេយ្យចម្រើននិយម ហៅកាត់ថា DPP ជាបក្សកាន់អំណាចនៅតៃវ៉ាន់។ ជាបក្សមានទំនោរគាំទ្រឯករាជភាពនៃកោះតៃវ៉ាន់ ហើយមានសហរដ្ឋអាមេរិកការពារពីក្រោយ។ បក្សនេះត្រូវតទល់ជាមួយលោក Hou Yu-ih ពីគណបក្ស Kuomintang = KMT និងលោក Ko Wen-je មកពីគណបក្សប្រជាជនតៃវ៉ាន់ TPP ដែលបក្សប្រឆាំងពីរនេះមានទំនោរទៅរកក្រុងប៉េកាំង។ តាមការចង់បាន គឺក្រុងប៉េកាំងពិតណាស់ចង់ឱ្យគណបក្ស Kuomintang ទទួលបានជ័យជម្នះ ឬយ៉ាងហោចណាស់ គណបក្សប្រជាជនតៃវ៉ាន់ TPP ដែលទើបបង្កើតថ្មី។
ការស្ទង់មតិចុងក្រោយចេញផ្សាយកាលពីដើមខែមករា កន្លងទៅ នៅតែបង្ហាញថា លោក Lai Ching-te និងគណបក្ស DPP អាចនឹងទទួលបានជ័យជម្នះ។
នៅពេលដែលគណបក្សប្រជាធិបតេយ្យចម្រើននិយម និងលោក Lai Ching-te ជាបេក្ខជនតំណែងប្រធានាធិបតី នៅតែរក្សាប្រជាប្រិយភាពខ្លាំងជាងបក្សប្រឆាំងពីរនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋខាងចិនកុម្មុយនីស្ត បានបញ្ជូនសារគំរាមអ្នកគាំទ្របក្សកាន់អំណាច និងលោក Lai Ching-te ថាជម្រើសមានពីរនៅចំពោះមុខ គឺផ្លូវទៅរកសន្តិភាព និងបន្តរក្សាប្រជាធិបតេយ្យអាយ៉ងរបស់ពួកលោកខាងលិច ថាតើរើសយកមួយណាសម្រាប់ការបោះឆ្នោតនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។
ពិភពលោកកំពុងសម្លឹងមើលការបោះឆ្នោតនៅតៃវ៉ាន់ តើថាបេក្ខជនប្រធានាធិបតី ៣រូបខាងលើនេះ មួយណានឹងក្លាយជាមេដឹកនាំកោះតៃវ៉ាន់ ជាដែនកោះមានប្រជាជនជិត ២៤លាននាក់ ដែលចិនគំរាមលើកទ័ពវាយយកដែនកោះនេះ ព្រោះតែចិនចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ចិន ក្រោមសេចក្តីសម្រេចចិត្តលេខ២៧៥៨ នៃអង្គការសហប្រជាជាតិ៕