វេទិកាអាស៊ីសម្រាប់ការអភិវឌ្ឍសិទ្ធិមនុស្ស (FORUM-ASIA) និងសម្ព័ន្ធពិភពលោកសម្រាប់ការចូលរួមរបស់ពលរដ្ឋ (CIVICUS) ស្នើឱ្យតុលាការក្រុងភ្នំពេញច្រានចោលបណ្តឹងបរិហារកេរ្តិ៍ប្រឆាំងនឹងអ្នកនាំពាក្យនៃសមាគមសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ដែលប្តឹងដោយក្រុមមេធាវីរបស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រោះជាបណ្តឹងដែលជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។
យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្ស FORUM-ASIA និង CIVICUS ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ទើបទទួលបាន ឲ្យដឹងថា ក្រុមនេះបានទាមទារឲ្យសាលាដំបូងរាជធានីភ្នំពេញច្រានចោលបណ្ដឹងបរិហារកេរ្តិ៍លើលោក ស៊ឹង សែនករុណា ជាបន្ទាន់។ ក្រុមនេះក៏បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាត្រូវធានាថា ប្រជាជនរបស់ខ្លួនអាចបញ្ចេញមតិនយោបាយដោយសុវត្ថិភាព ដោយសេរី និងដោយមិនខ្លាចការសងសឹក។
សេចក្តីថ្លែងការណ៍ដដែលអះអាងថា បណ្ដឹងប្រឆាំងលោក ស៊ឹង សែនករុណា គឺគ្រាន់តែស្ថិតក្នុងចំណោមករណីជាច្រើនដែលបញ្ជាក់ឡើងវិញអំពីស្ថានភាពសិទ្ធិមនុស្សកាន់តែដុនដាបយ៉ាងខ្លាំងរបស់កម្ពុជា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់សារព័ត៌មានក្នុងស្រុកថា សំណុំរឿងរបស់លោក ស៊ឹង សែនករុណា កំពុងស្ថិតនៅក្នុងនីតិវិធីតុលាការ ដូច្នេះការបញ្ចេញមតិរបស់អង្គការមួយចំនួន គឺជាសិទ្ធិសេរីភាពរបស់ពួកគេ តែមិនមានឥទ្ធិពល ឬប្រសិទ្ធភាពអីទៅលើដំណើរការនីតិវិធីការងាររបស់តុលាការទេ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានប្រាប់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថា កន្លងមកមានសមាគម អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍មូលដ្ឋានជាង ៥០ និងអង្គការអន្តរជាតិចេញសេចក្តីថ្លែងការណ៍រួមដោយសំណូមពរ និងអំពាវនាវសុំឱ្យតុលាការពិនិត្យពិចារណាដើម្បីកុំចោទប្រកាន់ទៅលើលោក ករុណា ដែលជាសកម្មជន និងអ្នកការពារសិទ្ធិមនុស្សយ៉ាងសកម្មនៃសមាគមអាដហុក ប៉ុន្តែវាជាឆន្ទានុសិទ្ធិរបស់តុលាការ។
លោកអះអាងថា កន្លងមក លោក ករុណា បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ការការពារបរិស្ថាន ធនធានធម្មជាតិ ព្រៃឈើ និងដីធ្លី តាមរយៈការបណ្តុះបណ្តាលចំណេះដឹងផ្នែកសិទ្ធិមនុស្ស ច្បាប់ជាតិ និងបទដ្ឋានអន្តរជាតិដែលកម្ពុជាទទួលស្គាល់។
ប្រភពដដែលបានលើកឡើងថា លោក ករុណា ក៏តែងតែបានចូលរួមក្នុងការផ្តល់មតិយោបល់តាមរយៈសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងពីច្បាប់ និងសិទ្ធិមនុស្សនិងបញ្ហាដែលបានកើតឡើង។ លោកនិយាយថា លោក ករុណា គួរមានឱកាស និងលើកទឹកចិត្តក្នុងការបន្តការងាររបស់លោក ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សបន្តទៅទៀត។
លោក អំ សំអាត បានបន្ថែមទៀតថា ករណីលោក ករុណា គួរតែទទួលបានការយោគយល់ និងការអនុគ្រោះ ហើយករណីរបស់លោក ករុណា គឺជាបទពិសោធន៍មួយដែលធ្វើឱ្យសកម្មជន និងអ្នកការពារសិទ្ធិមនុស្សមានការប្រុងប្រយ័ត្ន និងពិនិត្យមើលឡើងវិញក្នុងការបញ្ចេញមតិយោបល់របស់ខ្លួន។ សេរីភាពក្នុងការបញ្ចេញមតិដើម្បីកែលំអ និងស្ថាបនាក្នុងការចូលរួមអភិវឌ្ឍប្រទេស ត្រូវបានលើកទឹកចិត្ត។
កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជាបានដាក់ពាក្យប្តឹងប្រឆាំងនឹងលោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយសុំឱ្យធ្វើការពិនិត្យសម្រេចចោទប្រកាន់ និងផ្ដន្ទាទោសតាមនីតិវិធីជាធរមាន និងទាមទារឱ្យសងសំណងជំងឺចិត្តជូនគណបក្ស ២ពាន់លានរៀល (២ ០០០ ០០០ ០០០រៀល)។
ការប្តឹងផ្តល់នេះ ធ្វើឡើងបន្ទាប់ពីមានការបកស្រាយជុំវិញការប្តឹងផ្តល់រវាងគណបក្សប្រជាជនកម្ពុជា និងអនុប្រធានបក្សភ្លើងទៀន លោក សុន ឆ័យ ពីបទ «បរិហារកេរ្តិ៍» ដែលតុលាការតម្រូវឱ្យសងជំងឺចិត្តដល់គណបក្សកាន់អំណាច ១លានដុល្លារអាមេរិក ក្រោយសាលាឧទ្ធរណ៍សម្រេចឱ្យលោក សុន ឆ័យ ចាញ់ក្តីបក្សកាន់អំណាចកាលពីពេលកន្លងទៅនេះ៕