យ៉ាងហោចណាស់មានជនជាតិឥណ្ឌា រាប់រយនាក់ត្រូវបានជួយសង្គ្រោះពីរោងចក្របោកប្រាស់តាមអ៊ីនធឺណិតនៅកម្ពុជា កាលពីដើមខែមេសា។
សារព័ត៌មានអន្តរជាតិ BBC បានចុះផ្សាយក្នុងអត្ថបទមួយកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ថា រដ្ឋាភិបាលឥណ្ឌា បានជួយសង្គ្រោះពលរដ្ឋរបស់ខ្លួនជាបន្តបន្ទាប់រហូតដល់ពេលនេះមានចំនួន ២៥០នាក់ហើយដែលត្រូវបានបង្ខំឱ្យធ្វើការបោកប្រាស់តាមអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា ក្នុងនោះ ក្រសួងការបរទេសឥណ្ឌា បានអះអាងថា ពលរដ្ឋឥណ្ឌា ទាំងនោះ ត្រូវបានសន្យាថានឹងផ្តល់ឱ្យនូវការងារដែលទទួលបានប្រាក់ខែខ្ពស់ ប៉ុន្តែពួកគេបែរជាត្រូវបានបង្ខំឱ្យធ្វើការងារតាមអ៊ីនធឺណិតដោយខុសច្បាប់ទៅវិញ។
សារព័ត៌មានមួយនេះបានរាយការណ៍មកថា ជនជាតិឥណ្ឌា ជាង ៥ពាន់នាក់ដែលជាប់គាំងនៅកម្ពុជា កំពុងត្រូវបានបង្ខំឱ្យធ្វើការងារបោកប្រាស់តាមអ៊ីនធឺណិត ខណៈមនុស្សរាប់សែននាក់នៅជុំវិញពិភពលោក ក៏ត្រូវបានប៉ាន់ប្រមាណថា កំពុងធ្លាក់ចូលទៅក្នុងអន្ទាក់របស់ក្រុមឧក្រិដ្ឋជនដែលបានបោកប្រាស់ដោយការសន្យាផ្តល់ការងារដែលមានប្រាក់ឈ្នួលខ្ពស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍សព្វថ្ងៃនេះ។
ប្រភពដដែលបញ្ជាក់ថា ជនរងគ្រោះពីការបោកប្រាស់នេះ ភាគច្រើនជាក្មេងៗមានជំនាញខាងបច្ចេកវិទ្យា ដែលត្រូវបានក្រុមឧក្រិដ្ឋជនសន្យាផ្តល់ការងារឱ្យធ្វើ ហើយបន្ទាប់មកក៏ត្រូវបានទាក់ទាញឱ្យចូលទៅធ្វើការងារតាមអនឡាញខុសច្បាប់ ដូចជាការលាងលុយកខ្វក់ ការក្លែងបន្លំរូបិយប័ណ្ណសម្ងាត់ និងអ្វីដែលគេហៅថាការបោកប្រាស់ស្នេហា ដែលពួកគេធ្វើជាគូស្នេហ៍តាមអ៊ីនធឺណិត ជាដើម។
ទាក់ទិននឹងបញ្ហានេះ កាលពីសប្តាហ៍មុន កាសែត Indian Express បានចុះផ្សាយថា ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ បានទទួលពាក្យបណ្ដឹងជាង ១០០ពាក្យបណ្ដឹង (១៣០ពាក្យបណ្ដឹង) របស់ជនជាតិឥណ្ឌា ដែលកំពុងត្រូវបានឃុំខ្លួនក្នុងប្រទេសកម្ពុជា ប្រឆាំងនឹងឆន្ទៈរបស់ពួកគេដែលមិនព្រមធ្វើការបោកប្រាស់តាមអ៊ីនធឺណិតតាមការបញ្ចុះបញ្ចូលរបស់ក្រុមឧក្រិដ្ឋជននោះ។
ប្រភពដដែលអះអាងថា សព្វថ្ងៃនេះ ស្ថានទូតឥណ្ឌា ក៏ទទួលបានពាក្យបណ្ដឹងពី ៤ ទៅ ៥បណ្តឹងដែរជារៀងរាល់ថ្ងៃជាមធ្យមពីមនុស្សដែលកំពុងជាប់នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីត្រូវបានសន្យាផ្តល់ការងារពីក្រុមឧក្រិដ្ឋជន។
សារព័ត៌មានដដែលបញ្ជាក់ថា ជនជាតិឥណ្ឌាទាំងនោះស្ថិតក្នុងចំណោមមនុស្សរាប់ពាន់នាក់ផ្សេងទៀតដែលត្រូវបានគេចោទថា បានបង្ខំឱ្យបោកប្រាស់ប្រជាជនក្នុងប្រទេសឥណ្ឌា ដោយការជំរិតទារប្រាក់ដែលក្លែងធ្វើជាមន្ត្រីអនុវត្តច្បាប់ ខណៈជនរងគ្រោះនៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេបោកបញ្ឆោតកន្លងមក ត្រូវខាតបង់ទឹកប្រាក់យ៉ាងហោចណាស់ចាប់ពី ៥ពាន់លានរូពី ដែលស្មើនឹង ៥៩លានដុល្លារអាមេរិកក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ។
ទាក់ទិននឹងបញ្ហានេះ កាលពីចុងខែមីនា ឆ្នាំ២០២៤ សារព័ត៌មានអន្តរជាតិ REUTERs និងសារព័ត៌មាន CNN បានចុះផ្សាយអំពីការបោកប្រាស់តាមអ៊ីនធឺណិតនៅកម្ពុជា ដោយលើកឡើងពីសម្ដីរបស់អគ្គលេខាធិការប៉ូលិសអន្តរជាតិ Interpol លោក Jurgen Stock ដែលបានអះអាងក្នុងសន្និសីទសារព័ត៌មានមួយនៅឯស្ថាប័នសម្របសម្រួលប៉ូលិសពិភពលោករបស់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ថា ប្រទេសកម្ពុជាកំពុងធ្លាក់ទៅជាមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិត (Online Scam) ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍សព្វថ្ងៃនេះ។
លោក Jurgen Stock អះអាងថា ការជួញដូរមនុស្សនៅក្នុងតំបន់អាស៊ីអាគ្នេយ៍សព្វថ្ងៃនេះ បានក្លាយជាវិបត្តិសកលយ៉ាងធំធេង ខណៈកម្ពុជាបានក្លាយជាមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតដ៏ធំប្រចាំតំបន់អាស៊ី ហើយមនុស្សយ៉ាងហោចណាស់ជាង ១សែននាក់ត្រូវបានជួញដូរទៅក្នុងមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតនៅកម្ពុជា៕