ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី អំពាវនាវដល់ប្រជារាស្ត្ររបស់ព្រះអង្គឱ្យរួបរួមសាមគ្គីគ្នា ដើម្បីការអភិវឌ្ឍប្រទេស និងធានាបាននូវការឯកភាពជាតិនៅក្រោមដំបូលរដ្ឋធម្មនុញ្ញ។
នៅក្នុងព្រះរាជពិធីមិទ្ទីញមហាជនខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ នាថ្ងៃទី៣០ ខែតុលា នេះ ព្រះអង្គអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន រួបរួមសាមគ្គីជាធ្លុងមួយ ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ។
ព្រះមហាក្សត្ររំឭកព្រះរាជបណ្តាំព្រះបិតាព្រះអង្គថា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ កិត្យានុភាពជាតិល្បីរន្ទឺលើឆាកអន្តរជាតិ ស្របតាមមាគ៌ាបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ដែលជាព្រះរាជបណ្តាំចុងក្រោយរបស់ព្រះករុណាព្រះបរមរតនកោដ្ឋ នៅក្នុងឆ្នាំ២០១១។
ក្នុងព្រះរាជសុន្ទរកថាដដែល ព្រះករុណាមានព្រះទ័យសង្ឃឹមថា មាតុភូមិ និងប្រជាជននៃរាជាណាចក្រកម្ពុជា នឹងទទួលបានអនាគតភ្លឺស្វាងក្នុងក្តីសង្ឃឹម ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដែលធានាបានការឯកភាពជាតិដ៏រឹងមាំ។ ព្រះមហាក្សត្រមានព្រះរាជឱង្ការថា មហាសាមគ្គីជាតិទាំងមូលជាមូលដ្ឋានធ្វើឱ្យស្ថានភាពសង្គមជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាប្រភពកំណត់នៃការអភិវឌ្ឍលើវិស័យនានា ជាពិសេសវិស័យសេដ្ឋកិច្ច។
ប្រធានអង្គការលទ្ធិប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា លើកឡើងថា ខ្លឹមសារក្នុងរដ្ឋធម្មនុញ្ញបានចែងច្បាស់ពីគោលការណ៍អំណាចរបស់ស្ថាប័នកំពូលៗនៅកម្ពុជា ដើម្បីឱ្យការអនុវត្តច្បាប់នានាប្រកបដោយយុត្តិធម៌ ដែលនឹងនាំមកនូវសុភមង្គលសម្រាប់ប្រជាពលរដ្ឋខ្មែរ ប៉ុន្តែការអនុវត្តជាក់ស្តែង លោក ហ៊ុន សែន បានរំលោភទៅលើអំណាចនីតិប្រតិបត្តិ អំណាចនីតិប្បញ្ញត្តិ និងអំណាចតុលាការយ៉ាងធ្ងន់ធ្ងរ។
លោក ករុណា អះអាងថា រដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានរំលោភបំពានក្រោមរូបភាពវិសោធនកម្មដើម្បីកែប្រែខ្លឹមសារដើមម្តងហើយម្តងទៀតដោយគណបក្សកាន់អំណាច ដែលបង្ហាញថាបក្សកាន់អំណាចកំពុងមានឥទ្ធិពលក្នុងការគ្រប់គ្រងលើស្ថាប័នជាតិទាំងបីក្នុងប្រទេសកម្ពុជា ដូចជា ស្ថាប័នរដ្ឋសភា ស្ថាប័នតុលាការ និងស្ថាប័នរដ្ឋាភិបាល តាមអំពើចិត្ត។
រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ និងឡាយព្រះហស្តលេខាឲ្យប្រើប្រាស់ជាផ្លូវការដោយព្រះបាទ នរោត្តម សីហនុ ដែលបានផ្ដួចផ្ដើមឡើងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ប៉ុន្តែចាប់តាំងពីឆ្នាំ១៩៩៤ មក រដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានធ្វើវិសោធនកម្ម ឬកែប្រែចំនួន ១០លើករួចមកហើយ ក្នុងនោះលើកទី១ កែប្រែនៅឆ្នាំ១៩៩៤ លើកទី២ នៅឆ្នាំ១៩៩៩។
គួររំឭកអំពីការចងចាំនៃពលរដ្ឋខ្មែរថា បើនិយាយអំពីក្តីសុខសន្តិភាព ពោលគឺការបញ្ចប់សង្គ្រាមឈ្លានពានពីបរទេសនាឆ្នាំ១៩៧៩ គឺបានមកពីការធ្វើពលិកម្មបូជាជីវិតនៃពលរដ្ឋខ្មែរមិនបម្រើបរទេសដើរតាមសម្តេច នរោត្តម សីហនុ តស៊ូរហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១។
ជាការចូលរួមធ្វើវិភាគទានពីខ្មែរម្នាក់ៗក្នុងបុព្វហេតុរំដោះជាតិមាតុភូមិពីការត្រួតត្រាបរទេស។ បើនិយាយថាមានតែលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ជាអ្នកនាំមកនូវសន្តិភាព និងស្ថិរភាពដល់ប្រទេសជាតិនោះ ពលរដ្ឋខ្មែររាប់លាននាក់ឯទៀតមានទាំងអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អត់បានការអ្វីទាំងអស់។
អ្នកតាមដានប្រទេសកម្ពុជា យល់ថា ជាការបញ្ជាក់អះអាងដើម្បីផ្គាប់ចិត្តបំពេញបំណងបក្សប្រជាជនកម្ពុជាដឹកនាំដោយត្រកូលហ៊ុនតែប៉ុណ្ណោះ ពីព្រោះរដ្ឋធម្មនុញ្ញបច្ចុប្បន្នមានតែរាស្ត្រទេគោរព មេដឹកនាំរដ្ឋាភិបាលមិនបានគោរពឡើយ។
ទសពិធរាជធម៌ ជាធម៌ ១០ប្រការដែលព្រះរាជាប្រកាន់ខ្ជាប់ និងប្រតិបត្តិ ព្រមទាំងណែនាំពួកសេនាបតីមន្ត្រីធំតូច និងពួករាស្ត្រប្រជាឲ្យប្រព្រឹត្តទាំងអស់គ្នាផង។ ប្រការទី១០ ហៅថាអវិរោធនៈ គឺការមិនបំពានលើធម៌លើច្បាប់។
ក្នុងខួប ២០ឆ្នាំនេះ ព្រះរាជាគ្រងរាជ្យគួរតែដាស់តឿនពពួកនាហ្មឺន មន្ត្រីរាជការតូចធំ ឲ្យគោរពប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ រស់ក្រោមដំបូលរដ្ឋធម្មនុញ្ញដូចៗគ្នាទើបប្រសើរ ជាជាងអំពាវនាវឲ្យប្រជារាស្ត្រដែលខ្លបខ្លាចអ្នកដឹកនាំផ្ដាច់ការផ្ដាច់មុខបំពានរដ្ឋធម្មនុញ្ញ បំពានព្រះមហាក្សត្រជាច្រើនប្រការមកហើយនោះ។
ប្រជារាស្ត្រខ្មែរបានទទូចរាប់ទសវត្សមកហើយ សុំឲ្យរាជរដ្ឋាភិបាលគោរពរដ្ឋធម្មនុញ្ញ សូមឲ្យព្រះរាជាជួយឲ្យមានការគោរពសិទ្ធិមនុស្ស បើកលំហសេរីភាព ផ្តល់យុត្តិធម៌សង្គម ទាមទារអធិបតេយ្យ ឯករាជភាព ឯកភាពជាតិ និងប្រជាធិបតេយ្យពិតប្រាកដ។ ប្រជារាស្ត្រខ្មែររស់ក្រោមដំបូលរដ្ឋធម្មនុញ្ញរហូត។ ព្រះរាជបន្ទូលព្រះអង្គហាក់បីដូចជាបើកដៃឲ្យអ្នកដឹកនាំផ្ដាច់ការប្រើគោលនយោបាយគាបសង្កត់រាស្ត្រតូចតាចថែមទៀតតែប៉ុណ្ណោះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

