32 C
Phnom Penh

កម្ពុជា​បំភ្លឺ​ថា​ជនជាតិ​ចិន​ឈ្មោះ Daren Li ដែល​អាមេរិក​កាត់ទោស​រឿង​លាង​លុយ​មិន​មាន​សញ្ជាតិ​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​កម្ពុជា បំភ្លឺ​ជុំវិញ​ករណី​ជនជាតិ​ចិន​ឈ្មោះ Daren Li ដែល​តុលាការ​អាមេរិក​បាន​កាត់ទោស​ក្នុង​សំណុំរឿង​លាង​លុយ​កខ្វក់​ជាង ៧០​លាន​ដុល្លារ​អាមេរិក មិន​មាន​កាន់​សញ្ជាតិ​ខ្មែរ​ឡើយ។

អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​កម្ពុជា បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ វិច្ឆិកា ថា ជនជាតិ​ចិន​ឈ្មោះ Daren Li មិន​មាន​កាន់​សញ្ជាតិ​ខ្មែរ​ឡើយ។ ជនជាតិ​ចិន​ឈ្មោះ Daren Li ដែល​ត្រូវ​បាន​តុលាការ​អាមេរិក​កាត់ទោស គ្រាន់តែ​ធ្លាប់​ចេញ​ចូល​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​យុត្តិធម៌​អាមេរិក កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា បញ្ជាក់​ថា អាមេរិក​បាន​កាត់ទោស​ជនជាតិ​ចិន និង​បក្សពួក​ផ្សេង​ទៀត​ក្នុង​សំណុំរឿង​លាង​លុយ​កខ្វក់​ជាង ៧០​លាន​ដុល្លារ​អាមេរិក។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​យុត្តិធម៌​អាមេរិក បាន​បញ្ជាក់​ថា ជនជាតិ​ចិន​ឈ្មោះ Daren Li និង​បក្សពួក​ធ្លាប់​ជា​អ្នក​ស្នាក់នៅ​ក្នុង​ប្រទេស​ចិន កម្ពុជា និង​ប្រទេស​អារ៉ាប់រួម។

ជនល្មើស Daren Li ដែល​ជា​ជនជាតិ​ចិន ធ្លាប់​បាន​ចេញ​ចូល​ប្រទេស​កម្ពុជា បាន​ឆ្លើយ​សារភាព​ថា ទឹកប្រាក់​យ៉ាងហោចណាស់​ចំនួន ៧៣,៦​លាន​ដុល្លារ​អាមេរិក​ត្រូវ​បាន​រូបគេ និង​បក្សពួក​បោកប្រាស់​ពី​ជនរងគ្រោះ រួច​បញ្ចូល​លុយ​ទាំងនោះ​ទៅ​ក្នុង​គណនី​ធនាគារ​ផ្ទាល់ខ្លួន និង​បក្សពួក។

ក្រសួង​យុត្តិធម៌​អាមេរិក បាន​ឲ្យ​ដឹង​ថា ជនល្មើស​ឈ្មោះ Daren Li បាន​បោកប្រាស់​ជនរងគ្រោះ​ក្នុង​ទឹកប្រាក់​ជាង ៧០​លាន​ដុល្លារ​អាមេរិក​តាមរយៈ​ការ​វិនិយោគ​រូបិយបណ្ណ​គ្រីបតូ​ដោយ​ប្រើ​បណ្ដាញ​ក្រុមហ៊ុន​ឈ្មោះ សែល និង​គណនី​ធនាគារ​អន្តរជាតិ។

ជនល្មើស​ដែល​ជា​ជនជាតិ​ចិន​ឈ្មោះ Daren Li រូប​នេះ​ត្រូវ​បាន​អាជ្ញាធរ​អាមេរិក​ចាប់​ខ្លួន​នៅ​ថ្ងៃទី​១២ ខែ​មេសា ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​រដ្ឋ​កាលីហ្វ័រញ៉ា តែ​ក្រសួង​យុត្តិធម៌​អាមេរិក​មិន​បាន​បញ្ជាក់​ទេ​ថា តើ​ជនល្មើស​ជនជាតិ​ចិន​រូប​នោះ នឹង​ត្រូវ​ប្រឈម​ទោសទណ្ឌ​បែប​ណា ហើយ​ត្រូវ​ជាប់​ពន្ធនាគារ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នោះ​ទេ។

កម្ពុជា បាន​ក្លាយ​ជា​ជម្រក​នៃ​ការ​លាង​លុយ​កខ្វក់​សម្រាប់​ឧក្រិដ្ឋជន​ចិន ក្រោម​ហេតុផល​មួយ​ចំនួន​នៃ​ការ​អនុវត្ត​គោលការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ទាក់ទាញ​ឲ្យ​បុគ្គល​មួយ​ចំនួន​ចង់​លាក់​ទ្រព្យសម្បត្តិ​របស់​ពួកគេ។

ទាក់ទង​ទៅ​នឹង​ការ​លាង​លុយ​កខ្វក់​នេះ ក្រុមហ៊ុន​វិភាគ​កាក់​ឌីជីថល Elliptic ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស បាន​រក​ឃើញ​ថា បងជីដូនមួយ​របស់​លោក ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន តូ គឺជា​ម្ចាស់​អាជីវកម្ម​ក្រុមហ៊ុន​បោកប្រាស់​តាម​បណ្ដាញ​អ៊ីនធឺណិត​ខ្មៅ​ដ៏​ធំ​មួយ​ឈ្មោះ​ក្រុមហ៊ុន ហួយ អាដេ គ្រុប (Huioun AD Group) ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​បោកប្រាស់​អន្តរជាតិ​ឈ្មោះ ហួយ ហ្គែរិនធី (Huioun Guarantee)។

ប្រភព​ដដែល​បង្ហាញ​ថា ក្រុមហ៊ុន​បោកប្រាស់​មួយ​នេះ​បាន​ធ្វើ​ប្រតិបត្តិការ​ឆបោក​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​តាមរយៈ​ទីផ្សារ​អនឡាញ​ងងឹត ដែល​អាច​រក​ចំណូល​បាន​យ៉ាងហោចណាស់ ១១​ពាន់​លាន​ដុល្លារ​អាមេរិក​ចាប់តាំងពី​ឆ្នាំ​២០២១ មក៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស