36.2 C
Phnom Penh

ឧកញ៉ា​ម្នាក់​អំពាវនាវ​ឱ្យ​លោក ហ៊ុន ម៉ាណែត ចាត់​វិធានការ​ជាបន្ទាន់​លើ​ជនជាតិ​សិង្ហបុរី​សញ្ជាតិ​ខ្មែរ​ម្នាក់​កំពុង​លាង​លុយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧកញ៉ា​វ័យក្មេង​មួយ​រូប​ក្នុង​ចំណោម​ឧកញ៉ា​ជាង ១​ពាន់​នាក់​នៅ​កម្ពុជា បាន​ចេញ​មុខ​ជា​លើកដំបូង​អំពាវនាវ​ឲ្យ​លោក ហ៊ុន ម៉ាណែត ចាត់​វិធានការ​ជាបន្ទាន់​ទៅ​លើ​ជនជាតិ​សិង្ហបុរី​សញ្ជាតិ​ខ្មែរ ដែល​លោក​ចាត់ទុក​ថា​កំពុង​ប្រើប្រាស់​ប្រទេស​កម្ពុជា​ជា​មូលដ្ឋាន​ប្រតិបត្តិការ​កាស៊ីណូ​អនឡាញ លាង​លុយ និង​បោកប្រាស់​ពលរដ្ឋ​ស្លូតត្រង់​រាប់​លាន​នាក់។

អគ្គនាយក​ក្រុមហ៊ុន Maritime Group អ្នកឧកញ៉ា ហេង សិទ្ធី បាន​បង្ហោះ​សារ​ដ៏​វែង​មួយ​នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​កាលពី​ចុង​សប្តាហ៍​មុន ដោយ​សរសេរ​សំដៅ​ផ្ទាល់​ទៅ​កាន់​លោក ហ៊ុន ម៉ាណែត ថា បុរស​ជនជាតិ​សិង្ហបុរី​សញ្ជាតិ​ខ្មែរ​ឈ្មោះ Phua Gek Seng (ភូ ហ្គិច សេង) ហៅ​ក្រៅ Tak (តាក់) កំពុង​ប្រើប្រាស់​ប្រទេស​កម្ពុជា​ជា​មូលដ្ឋាន​ដើម្បី​លាង​លុយ និង​កំពុង​បើក​ប្រតិបត្តិការ​កាស៊ីណូ​អនឡាញ​ដ៏​ធំ​ជាងគេ​នៅ​កម្ពុជា។

លោក​បន្ត​ថា បុរស​ជនជាតិ​សិង្ហបុរី​រូប​នេះ​កំពុង​បោកប្រាស់​ពលរដ្ឋ​ស្លូតត្រង់​រាប់​លាន​នាក់ រួម​ទាំង​ពលរដ្ឋ​ខ្មែរ ថៃ ឡាវ មីយ៉ាន់ម៉ា តួកគី ចិន កូរ៉េ តៃវ៉ាន់ និង​ឥណ្ឌូនេស៊ី។

ឧកញ៉ា ហេង សិទ្ធី សរសេរ​ថា ជនជាតិ​សិង្ហបុរី ឈ្មោះ Phua Gek Seng (ភូ ហ្គិច សេង) ហៅ​ក្រៅ Tak នេះ កំពុង​ប្រើ​កម្មវិធី Software ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់ ដើម្បី​បង្កើត​គេហទំព័រ​ខុស​ច្បាប់​រាប់​រយ​គេហទំព័រ​សម្រាប់​បោកប្រាស់​លុយ​រាប់​លាន​ដុល្លារ​ពី​ប្រជាជន​ក្នុង​តំបន់​អាស៊ាន។

លោក ហេង សិទ្ធី សរសេរ​ថា ពួកគេ​មាន​ក្រុម Hacker អ្នក​សរសេរ​កម្មវិធី និង​បុគ្គលិក IT រាប់​រយ​នាក់​ទៀត​ដើម្បី​បង្កើត​អាណាចក្រ​ល្បែង​ខុស​ច្បាប់​អនឡាញ​នៅ​កម្ពុជា។ លោក​ចាត់ទុក​ថា​នេះ​ជា​បញ្ហា​ធំ​ណាស់​ដែល​ត្រូវ​ដោះស្រាយ​ជាបន្ទាន់ ដើម្បី​ការពារ​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា និង​ប្រទេស​អាស៊ាន​ដទៃ​ទៀត​ដែល​មាន​ប្រជាជន​រងគ្រោះ​ពី​ឧក្រិដ្ឋកម្ម​នេះ ស្រប​ពេល​ដែល​ក្រុម​ឧក្រិដ្ឋជន​បាន​ពង្រឹង​រចនាសម្ព័ន្ធ និង​បណ្ដាញ​របស់​គេ​ជាង ១​ទសវត្សរ៍​មក​ហើយ​នោះ។

លោក​អះអាង​ថា សកម្មភាព​ខុស​ច្បាប់​របស់​ពួក Hacker និង​អ្នក​បោកប្រាស់​រាប់​ពាន់​នាក់​ដែល​លួច​ជ្រកកោន​នៅ​កម្ពុជា នៅ​ថ្ងៃ​ណា​មួយ​នឹង​វាយប្រហារ​ប្រព័ន្ធ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា។

លោក ហេង សិទ្ធី ក៏​បាន​ភ្ជាប់​នូវ​រូបភាព​ទីស្នាក់ការ​កណ្តាល និង​ផ្ទះ​របស់​លោក Phua Gek Seng (ភូ ហ្គិច សេង) ហៅ​ក្រៅ Tak នៅ​ក្នុង​ផែនទី Google Map ព្រមទាំង​ទីតាំង​ធ្វើ​សកម្មភាព​អនឡាញ​ដែល​ផ្ទុក​ទៅ​ដោយ​មនុស្ស​រាប់​ពាន់​នាក់​នៅ​តំបន់​ជ្រៃធំ ក្បែរ​ព្រំដែន​វៀតណាម នៅ​អគារ​ផ្ទាល់​ខ្លួន​របស់​លោក Tak ក្នុង​ក្រុង​ព្រះសីហនុ ក្នុង​ប្លុក​ឆាយណាថោន និង​នៅ​ក្រុង​ប៉ោយប៉ែត ផង​ដែរ។

លោក ហេង សិទ្ធី សរសេរ​ថា ទ្រព្យសម្បត្តិ​របស់​លោក Tak នៅ​ពេល​បច្ចុប្បន្ន​នេះ​អាច​មាន​ប្រហែល ១​ពាន់​លាន​ដុល្លារ​អាមេរិក ឬ​ច្រើន​ជាង​នេះ។

លោក ហេង សិទ្ធី បាន​បង្ហាញ​ថា ថៅកែ​ចាស់​ទំនើង​សញ្ជាតិ​សិង្ហបុរី ឈ្មោះ Phua Gek Seng (ភូ ហ្គិច សេង) ហៅ​ក្រៅ Tak នេះ​បាន​បង្ហាញ​ម៉ាក​យីហោ​មេ​នៃ​កាស៊ីណូ​អនឡាញ​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា AFB88 និង AFB1188 ដែល​ជា​កាស៊ីណូ​ខុស​ច្បាប់​នៅ​លើ​អាវ​របស់​ខ្លួន និង​នៅ​លើ​អាវ​របស់​បុគ្គលិក​គាត់​ជាច្រើន​នាក់ ស្រប​ពេល​ដែល​បុរស​រូប​នេះ​ពាក់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Gumble 3000។

ព្រឹត្តិការណ៍ Gumble 3000 ជា​ព្រឹត្តិការណ៍​ដែល​លោក Tak បាន​បង្ហាញ​រថយន្ត​ទំនើប​របស់​គាត់​ជាង ១៥​គ្រឿង រួម​មាន Bugatti ដែល​មាន​តម្លៃ​ប្រហែល ៦​លាន​ដុល្លារ Lamborghini Ferrari Maclaren និង Mecedes ដែល​ក្នុង​មួយ​គ្រឿង​មាន​តម្លៃ​សុទ្ធតែ​ជាង ១​លាន​ដុល្លារ​អាមេរិក​ទាំងអស់។

លោក ហេង សិទ្ធី អំពាវនាវ​ដល់​លោក ហ៊ុន ម៉ាណែត ចាត់​វិធានការ​ជាបន្ទាន់​ទៅ​លើ​បុរស​ជនជាតិ​សិង្ហបុរី ឈ្មោះ Tak រូប​នេះ​ដោយ​បង្កក​ទ្រព្យសម្បត្តិ និង​សាច់ប្រាក់​នៅ​កម្ពុជា ដែល​បាន​មកពី​ការ​បោកប្រាស់​ពលរដ្ឋ​រាប់​លាន​នាក់។ លោក​ក៏​បាន​ជំរុញ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ផ្ទះ និង​អគារ​ផ្សេង​ទៀត​របស់​លោក Tak ដែល​កំពុង​ធ្វើ​សកម្មភាព​ខុស​ច្បាប់។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ឧកញ៉ា​ខ្មែរ​ហ៊ាន​ចេញ​មុខ​លាតត្រដាង​ជា​សាធារណៈ​ករណី​ប្រតិបត្តិការ​កាស៊ីណូ​អនឡាញ ការ​លាង​លុយ និង​បោកប្រាស់​ពលរដ្ឋ​ស្លូតត្រង់​រាប់​លាន​នាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា ស្រប​ពេល​ឧកញ៉ា​ខ្មែរ​ជាច្រើន​រូប​ក្នុង​ចំណោម​ឧកញ៉ា​ជាង ១​ពាន់​នាក់​កំពុង​រកស៊ី​លើ​វិស័យ​មួយ​នេះ​ដែរ​នោះ។

សារព័ត៌មាន The Cambodia Daily បាន​ព្យាយាម​ទូរសព្ទ​ទៅ​កាន់​បុរស​ជនជាតិ​សិង្ហបុរី ឈ្មោះ Tak និង​ឧកញ៉ា ហេង សិទ្ធី ជាច្រើន​លើក​ដែរ ប៉ុន្តែ​គ្មាន​អ្នក​ទទួល។

រហូត​មក​ទល់​ពេលនេះ គេ​នៅ​មិន​ទាន់​ដឹង​ឲ្យ​ប្រាកដ​នៅឡើយ​ទេ​ថា តើ​ហេតុ​អ្វី​បាន​ជា​ឧកញ៉ា ហេង សិទ្ធី បញ្ចេញ​ព័ត៌មាន និង​ចោទប្រកាន់​ជា​សាធារណៈ​ទៅ​លើ​បុរស​ជនជាតិ​សិង្ហបុរី​សញ្ជាតិ​ខ្មែរ​រូប​នេះ ហើយ​ទាមទារ​ឲ្យ​លោក ហ៊ុន ម៉ាណែត ចាត់​វិធានការ​ថែម​ទៀត​នោះ។

ទោះជា​យ៉ាងណា​ក៏ដោយ គណនី​ហ្វេសប៊ុក​របស់​ឧកញ៉ា ហេង សិទ្ធី ត្រូវ​បាន​បាត់​ទៅ​ហើយ​នៅ​ពេលនេះ ប៉ុន្តែ​សារព័ត៌មាន The Cambodia Daily បាន​ថត​ចម្លង​អត្ថបទ និង​រូបថត​ផ្ទះ​របស់​បុរស​ឈ្មោះ Tak ដែល​បាន​ចុះផ្សាយ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​លោក ហេង សិទ្ធី អស់​ទៅ​ហើយ។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ យ៉ាងហោចណាស់​សារព័ត៌មាន​អន្តរជាតិ​បាន​ចុះផ្សាយ​ជា​បន្តបន្ទាប់​អំពី​ឧក្រិដ្ឋកម្ម​លាង​លុយ​កខ្វក់ ឧក្រិដ្ឋកម្ម​បោកប្រាស់​តាម​អនឡាញ និង​ឧក្រិដ្ឋកម្ម​ជួញដូរ និង​បង្ខាំង​មនុស្ស​ឲ្យ​ធ្វើការ​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា។ ជាង​នេះ​ទៅ​ទៀត ផលិតកម្ម​ភាពយន្ត​របស់​ចិន ក៏​បាន​ផលិត​ខ្សែភាពយន្ត​មួយ​មាន​ចំណងជើង​ថា No More Bets បាន​រៀបរាប់​អំពី​ការ​បង្ខាំង​មនុស្ស និង​ការ​ធ្វើ​ទារុណកម្ម​មនុស្ស​ឲ្យ​ធ្វើការ​បោកប្រាស់​តាម​អនឡាញ​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា។

ចំណែក​ប្រទេស​ឥណ្ឌា ក៏​បាន​ប្រកាស​អាសន្ន​នៅ​តាម​ព្រលាន​យន្តហោះ​របស់​គេ ប្រាប់​ប្រជាជន​ឥណ្ឌា ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ស្វែងរក​ការងារ​ដែល​មាន​ប្រាក់ខែ​ខ្ពស់​ក្នុង​ប្រទេស​កម្ពុជា។

ក្រោយ​មាន​ការ​ចុះផ្សាយ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក ហេង សិទ្ធី គេ​សង្កេត​ឃើញ​ពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ ព្រមទាំង​ព្រះសង្ឃ បាន​នាំគ្នា​ចេញ​ប្រតិកម្ម​ព្រោងព្រាត និង​មាន​ការ​ចែក​សៀវភៅ​អប់រំ​អំពី​ហានិភ័យ​នៃ​ការ​បោកប្រាស់​អនឡាញ និង​ល្បែងស៊ីសង​អនឡាញ។

កន្លង​មក ក្រសួង​ការបរទេស​អាមេរិក បាន​បន្ត​ដាក់​ចំណាត់ថ្នាក់​កម្ពុជា​ទាប​បំផុត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស គឺ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​កម្រិត ៣ ឬ Tier 3 ដោយសារតែ​មាន​ឧក្រិដ្ឋកម្ម​ជាច្រើន​ដែល​រដ្ឋាភិបាល​កម្ពុជា​ពុំ​បាន​ប្រឹងប្រែង​ដោះស្រាយ រួម​មាន​ការ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ប្រតិបត្តិការ​បោកប្រាស់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ជាពិសេស​ក្នុង​វិស័យ​កម្សាន្ត និង​អាជីវកម្ម​ឡឥដ្ឋ ដែល​បញ្ហា​នេះ​អាច​ធ្វើ​ឱ្យ​មាន​ការ​រឹតត្បិត​លើ​ជំនួយ​បរទេស៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស