28.6 C
Phnom Penh

អ្នកជំនាញ​ការទូត​អន្តរជាតិ៖ ចិន​ទុកចិត្ត​លោក ហ៊ុន សែន ជាង​លោក ហ៊ុន ម៉ាណែត ពាក់ព័ន្ធ​កម្ចី​សម្រាប់​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកជំនាញ​នយោបាយ​ការទូត​អន្តរជាតិ លើកឡើង​ថា ទោះបីជា​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ក៏ដោយ ក៏​ចិន មិន​ទាន់​ទុកចិត្ត​ដូច​ឪពុក​របស់​គាត់​ដែរ ដូច្នេះ​ហើយ​បាន​ជា​លោក ហ៊ុន សែន ចេញ​មុខ​ជំនួស​កូនប្រុស​របស់​គាត់​ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​ចិន ពាក់ព័ន្ធ​នឹង​កម្ចី​សម្រាប់​រដ្ឋាភិបាល​ថ្មី​នេះ។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ លោក សេង វណ្ណលី លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២ ខែ​ធ្នូ ថា ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ចិន មិនមែន​គ្រាន់តែ​ស្ថិត​ក្រោម​របៀបវារៈ​នៃ​ការ​ស្វែងរក​ការ​បញ្ជាក់​កម្ចី​ពី​ចិន សម្រាប់​សាងសង់​ព្រែកជីក​ហ្វូណន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ស្ថិត​ក្រោម​របៀបវារៈ​ដែល​សភា​អឺរ៉ុប​គ្រោង​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា និង​ការ​ប្រែប្រួល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ដែរ។

លោក សេង វណ្ណលី លើកឡើង​ថា លោក ហ៊ុន សែន នឹង​ស្វែងរក​ការ​បញ្ជាក់​ពី​មេដឹកនាំ​ចិន ជុំវិញ​កម្ចី​សម្រាប់​ការ​សាងសង់​ព្រែកជីក​ហ្វូណន​ដែល​កំពុង​រាំងស្ទះ​នៅ​ពេលនេះ ដើម្បី​បង្កើន​ការ​ទុកចិត្ត​ដល់​អន្តរជាតិ និង​ពលរដ្ឋ​ខ្មែរ រួម​ទាំង​ដើម្បី​បន្សាប​ការ​ផ្សព្វផ្សាយ​ដែល​ថា​គម្រោង​ព្រែកជីក​ហ្វូណន​កំពុង​ខ្វះ​លុយ​នៅ​ពេលនេះ។ ជាង​នេះ​ទៀត លោក ហ៊ុន សែន ក៏​នឹង​ពិភាក្សា​ជាមួយ​ចិន ក្នុង​ការ​រក​ដំណោះស្រាយ​ត្រៀម​ទុក​ក្នុង​ករណី​សហគមន៍​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​មក​លើ​កម្ពុជា​ដែរ។ លើស​ពី​នេះ ការ​តែងតាំង​លោក ម៉ារកូ រូប៊ីយ៉ូ (Marco Rubio) ជា​រដ្ឋមន្ត្រី​ការបរទេស​ថ្មី​របស់​សហរដ្ឋ​អាមេរិក ក៏​នឹង​ត្រូវ​លើក​យក​ទៅ​ពិភាក្សា​ជាមួយ​មេដឹកនាំ​ចិន ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ផង​ដែរ។

លោក សេង វណ្ណលី បញ្ជាក់​ថា លោក ហ៊ុន សែន កំពុង​ស្វះ​ស្វែងរក​វិធី​ជួយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កូនប្រុស​របស់​គាត់​បន្ត​ដំណើរ​ទៅ​មុខ ក្នុង​ពេល​រង​ការ​រិះគន់ និង​ការ​ព្រមាន​នូវ​ការ​ដាក់​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​នៅ​ពេលនេះ ព្រោះ​ថា​មាន​តែ​គាត់​ម្នាក់​គត់​ដែល​នៅតែ​ក្តោប​ក្តាប់​អំណាច​នយោបាយ​ពី​លើ​នាយករដ្ឋមន្ត្រី​សព្វថ្ងៃ​នេះ។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កំពុង​បំពេញ​ដំណើរ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​មាន​រយៈពេល ៣​ថ្ងៃ គឺ​ចាប់​ថ្ងៃទី​២ ដល់​ថ្ងៃទី​៤ ខែ​ធ្នូ។

ក្នុង​ជំនួប​ជាមួយ​ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន លោក វ៉ាង ហ៊ូនីង (Wang Huning) លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​នៅតែ​ប្រកាន់​ជំហរ​នយោបាយ​ចិន​តែ​មួយ ហើយ​កម្ពុជា​នៅតែ​ជា​មិត្ត​របស់​ចិន គ្រប់​កាលៈទេសៈ។

លោក ហ៊ុន សែន បញ្ជាក់​ថា មិត្ត​ចិន បាន​ផ្ដល់​នូវ​ការ​គាំទ្រ និង​ជំនួយ​មិន​ត្រឹមតែ​ដល់​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ប៉ុណ្ណោះ​នោះ​ទេ ក៏ប៉ុន្តែ​ក៏​បាន​គាំទ្រ​ដល់​ឯករាជភាព​ខាង​នយោបាយ​របស់​កម្ពុជា​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកឡើង​ក្នុង​កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​២ ធ្នូ នេះ​ដែរ​ថា ចំណុច​សំខាន់​បំផុត​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ចិន ក្នុង​ពេលនេះ គ្មាន​អ្វី​ក្រៅពី​ទៅ​ខ្ចី​លុយ​ចិន ដើម្បី​កសាង​ព្រែកជីក​ហ្វូណន និង​សម្រាប់​បំពេញ​ការ​ខ្វះខាត​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ក្នុង​ពេលនេះ​ទេ។

លោក ម៉ែន ណាត លើកឡើង​ថា មាន​តែ​លោក ហ៊ុន សែន ប៉ុណ្ណោះ​ដែល​អាច​ឱ្យ​ចិន ទុកចិត្ត​ក្នុង​ការ​ផ្តល់​កម្ចី​បន្ត​ទៀត ព្រោះ​គាត់​មាន​បទពិសោធន៍​ខាង​ដើរ​ខ្ចី​លុយ​បរទេស​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជាង ៣​ទសវត្សរ៍​មក​ហើយ។

កាលពី​ថ្ងៃទី​២១ វិច្ឆិកា ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា គម្រោង​ព្រែកជីក​ហ្វូណន​ដែល​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​បើក​ការដ្ឋាន​សាងសង់​តាំងតែ​ពី​ជាង ៣​ខែ​មុន​នោះ កំពុង​ជាប់​គាំង ព្រោះ​តែ​បញ្ហា​លុយ​វិនិយោគ​ពី​ចិន។

ប្រភព​ដដែល​បញ្ជាក់​ថា ទីក្រុង​ប៉េកាំង គ្មាន​ភាព​ច្បាស់លាស់ និង​មិន​បាន​ធ្វើការ​ប្ដេជ្ញាចិត្ត​ក្នុង​ការ​ផ្តល់​លុយ​វិនិយោគ​ដល់​គម្រោង​ព្រែកជីក​ហ្វូណន​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នៅឡើយ​ទេ​រហូត​មក​ដល់​ពេលនេះ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស