នៅរដ្ឋធានីសេអ៊ូល និងទូទាំងប្រទេសកូរ៉េខាងត្បូង កាលពីយប់ថ្ងៃអង្គារ ភាពចលាចលបានកើតមានស្ទើរពេញមួយយប់ ព្រោះតែប្រធានាធិបតី លោក Yoon Suk Yeol ប្រកាសទាំងយប់ឱ្យរដ្ឋអំណាចប្រើច្បាប់អាជ្ញាសឹកដាក់ប្រទេសទាំងមូលក្នុងគ្រាមានអាសន្ន។
ភ្លាមៗ ប៉ូលិស និងទាហានត្រូវបានដាក់ពង្រាយនៅតាមដងវិថីសំខាន់ៗក្នុងរដ្ឋធានីសេអ៊ូល នៅខាងមុខ និងក្នុងបរិវេណមន្ទីររដ្ឋសភា។
ភាពអាសន្នទាំងកណ្ដាលយប់ សមាជិកសភាមកពីខាងគណបក្សប្រឆាំង និងគណបក្សកាន់អំណាច បានបុកទម្លុះកងសន្តិសុខចូលទៅក្នុងរដ្ឋសភា ខណៈនៅលើដំបូលអគាររបស់រដ្ឋសភា ឧទ្ធម្ភាគចក្រយោធាយ៉ាងតិច ២គ្រឿងបានចុះចត។ កងសន្តិសុខនៅពេលនោះ មិនអាចរារាំងការសម្រុកចូលរបស់សមាជិកសភា ដើម្បីបើកការប្រជុំសភាទាំងយប់ក្នុងសភាពការណ៍ដ៏អាសន្នជាមួយនឹងវត្តមានសមាជិកសភាចំនួន ១៩០រូប ក្នុងចំណោមសមាជិកសភាទាំងអស់ចំនួន ៣០០រូប។
សមាជិកសភាមកពីបក្សកាន់អំណាចរបស់លោកប្រធានាធិបតី Yoon Suk Yeol ក៏បានចូលរួមប្រជុំផងដែរ។
ទីបំផុត សមាជិកសភាទាំងនោះបានបោះឆ្នោតប្រឆាំងការសម្រេចរបស់លោកប្រធានាធិបតី ដែលដាក់ប្រទេសក្នុងគ្រាមានអាសន្នក្រោមច្បាប់អាជ្ញាសឹក ដោយចាត់ទុកថាជាការរំលោភធ្ងន់ធ្ងរដល់រដ្ឋធម្មនុញ្ញរបស់ប្រទេស។
នៅក្រោយការបោះឆ្នោតទាត់ចោលវិធានការរបស់លោក Yoon Suk Yeol ប្រធានរដ្ឋសភា លោក Woo Won Shik បានប្រកាសថា ច្បាប់អាជ្ញាសឹករបស់លោកប្រធានាធិបតីលែងមានសុពលភាព ដោយសច្ចាថាសមាជិកសភាត្រូវតែការពារប្រជាធិបតេយ្យជាមួយនឹងឆន្ទៈរបស់ប្រជាជន។
ភ្លាមៗក្រោយសភាបោះឆ្នោតលុបចោលច្បាប់អាជ្ញាសឹក កងសន្តិសុខទាំងប៉ូលិស និងទាហានដែលបំពាក់ដោយអាវុធគ្រប់ដៃ បានដកថយចេញពីបរិវេណរដ្ឋសភា និងតាមវិថីនានានៅរដ្ឋធានីសេអ៊ូល។
រដ្ឋសភាអាណត្តិរបស់លោកប្រធានាធិបតី Yoon Suk Yeol ស្ថិតនៅក្នុងការគ្រប់គ្រងបក្សប្រឆាំង។
ក្នុងស្ថានភាពមិនអាចទប់ទល់នឹងអំណាចរបស់រដ្ឋសភាផង និងអំណាចរបស់ប្រជាជនផងដែលចេញប្រមូលផ្ដុំគ្នាទាំងយប់ប្រឆាំងនឹងវិធានការប្រកាសអាសន្នរបស់លោកប្រធានាធិបតីផងនោះ គេឃើញប៉ុន្មានម៉ោងក្រោយមក គឺនៅទៀបភ្លឺចូលដល់ថ្ងៃទី៤ ខែធ្នូ លោក Yoon Suk Yeol បានចេញមុខតាមកញ្ចក់ទូរទស្សន៍ម្ដងទៀត ដោយប្រកាសលុបចោលស្ថានភាពគ្រាមានអាសន្នដែលមិនត្រូវបានប្រកាសឱ្យដឹងជាមុន។
ភាពចលាចលបានស្ងប់បន្តិច ខណៈប្រជាជនប្រមូលផ្ដុំគ្នាសាទរស្ថានភាពប្រទេសវិលមករកភាពប្រក្រតីវិញ តែការទាមទារឱ្យលោក Yoon Suk Yeol ចុះចេញពីតំណែងបានកំពុងតែពុះកញ្ជ្រោល។
ប្រជាជន ទាំងអ្នកនយោបាយ និងសមាជិកសភាទាមទារដាច់ខាតបង្ខំលោក Yoon Suk Yeol ចុះចេញពីតំណែងជាប្រធានាធិបតី។ ជាមួយគ្នានេះ សភាចេញញត្តិត្រៀមបើកសវនាការចោទប្រកាន់លោក Yoon Suk Yeol ពីបទបំពានអំណាចរដ្ឋ និងរដ្ឋធម្មនុញ្ញរបស់ប្រទេស។
តាមរដ្ឋធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូង សមាជិកសភាមានសិទ្ធិចោទប្រធានាធិបតីក្នុងករណី Impeachment ជាបទចោទបំពានអំណាចរដ្ឋ និងរំលោភរដ្ឋធម្មនុញ្ញ តែការដកហូតអំណាចប្រធានាធិបតី គឺជាបុព្វសិទ្ធិរបស់ចៅក្រមនៃតុលាការធម្មនុញ្ញ។
តែបើសមាជិកសភាចោទជាផ្លូវការហើយនោះ គឺញត្តិរបស់សមាជិកសភានឹងបញ្ជូនសុំប្ដឹងដកតំណែងប្រធានាធិបតីទៅតុលាការធម្មនុញ្ញ។
ចំពោះប្រធានាធិបតីណាសម្រេចលាលែងពីតំណែងមុនសភាបើកសវនាការ គឺជាការបិទបញ្ចប់សំណុំរឿង។ នីតិវិធីបោះឆ្នោតប្រធានាធិបតីថ្មីត្រូវបានប្រកាសដោយតុលាការធម្មនុញ្ញ។
ចំពោះការប្រកាសដាក់ប្រទេសក្នុងច្បាប់អាជ្ញាសឹករបស់លោកប្រធានាធិបតី Yoon Suk Yeol ដ៏ភ្ញាក់ផ្អើល គឺជាលើកដំបូងបន្ទាប់ពី ៤០ឆ្នាំមុន ដែលមេដឹកនាំយោធាផ្ដាច់ការ ប៉ាក់ ជុងហ៊ី ត្រូវបានស្លាប់ដោយឃាតកម្ម ក៏បានដាក់ប្រទេសក្នុងច្បាប់អាជ្ញាសឹកដូចនេះដែរ។ តែវិធានការអាសន្នរបស់លោក Yoon Suk Yeol មានអាយុប្រមាណជាង ៣ម៉ោងបន្តិចប៉ុណ្ណោះត្រូវរលាយវិញនៅក្រោមអំណាចរបស់រដ្ឋសភា។
លោក Han Dong-hoon ប្រធានគណបក្សអំណាចប្រជាជន ដែលជាគណបក្សរបស់លោក Yoon Suk Yeol បាននិយាយថា វិធានការរបស់លោកប្រធានាធិបតីជារឿងខុសនឹងច្បាប់របស់ប្រទេស។
ប្រធានបក្សប្រឆាំង លោក Lee Jae-myung បានប្រកាសឲ្យប្រជាជនប្រមូលផ្ដុំធ្វើបាតុកម្មនៅមុខរដ្ឋសភា ដើម្បីទប់ស្កាត់កុំឲ្យប្រទេសធ្លាក់ក្រោមការគ្រប់គ្រងរបស់ក្រុមយោធា។
ហេតុអ្វីប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសប្រើច្បាប់អាជ្ញាសឹកយ៉ាងតក់ក្រហល់នេះ?
នៅម៉ោងប្រមាណ ១១យប់ ប្រធានាធិបតី Yoon Suk Yeol បានចេញមុខតាមកញ្ចក់ទូរទស្សន៍ប្រកាសប្រើច្បាប់អាជ្ញាសឹកនៅទូទាំងប្រទេស ដែលនាំឱ្យផ្ទុះភាពស្រឡាំងកាំង រហូតកងទ័ព និងមេទ័ពមួយចំនួនក៏មានការភ្ញាក់ផ្អើល ព្រោះមើលទៅដូចជាកូរ៉េខាងត្បូង កំពុងរងការវាយប្រហារពីកូរ៉េខាងជើង ដែលក្រុងព្យុងយ៉ាង គំរាមវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ឬកំពុងជួបបញ្ហាអសន្តិសុខធ្ងន់ធ្ងរ។ តែក្នុងពេលភ្លាមនោះដែរ គេថាលោក Yoon Suk Yeol អាចប្រឈមមុខនឹងរដ្ឋប្រហារ។
នៅពេលចេញមុខប្រកាសលុបចោលច្បាប់អាជ្ញាសឹកវិញ លោក Yoon Suk Yeol បាននិយាយថាជាវិធានការដើម្បីការពារសាធារណរដ្ឋកូរ៉េ ពីការគំរាមកំហែងរបស់កម្លាំងកុម្មុយនីស្តកូរ៉េខាងជើង និងលុបបំបាត់ចោលក្រុមប្រឆាំងរដ្ឋជាក្រុមគាំទ្រកូរ៉េខាងជើង ដែលបំផ្លាញសេរីភាពសេចក្ដីសុខរបស់ប្រជាជន ទើបលោកប្រកាសអនុវត្តច្បាប់អាជ្ញាសឹកបន្ទាន់នេះ។
នៅក្នុងការប្រកាសទាំងកណ្ដាលយប់ដែលបញ្ជាឱ្យសមត្ថកិច្ចអនុវត្តច្បាប់អាជ្ញាសឹក លោក Yoon Suk Yeol ក៏បានអះអាងប្រហាក់ប្រហែលនេះដែរ ប៉ុន្តែលោកបែរជានិយាយច្រើនពីគណបក្សប្រឆាំងដែលលោកចាត់ទុកថាជាកម្លាំងប្រឆាំងរដ្ឋ និងមាននិន្នាការនឹងកូរ៉េខាងជើង។ លោកបានទាមទារឲ្យសភាគ្រប់គ្រងដោយបក្សប្រឆាំង បញ្ឈប់សកម្មភាពទាំងឡាយណាដែលមានចរិតភ័យខ្លាចកូរ៉េខាងជើង។
តែអ្នកសង្កេតការណ៍ខ្លះមើលឃើញមួយជ្រុងទៀត ដែលលោក Yoon Suk Yeol ប្រកាសឱ្យអនុវត្តច្បាប់អាជ្ញាសឹកបន្ទាន់។ គេថាជាករណីដែលលោក Yoon Suk Yeol ចង់ពង្រឹងអំណាចរបស់លោកប្រឆាំងនឹងសត្រូវនយោបាយនៃបក្សប្រឆាំងដែលកំពុងរករឿងលោកយ៉ាងខ្លាំង ករណីចោទភរិយារបស់លោកទទួលប្រាក់សំណូកពាក់ព័ន្ធការទទួលវត្ថុអនុស្សាវរីយ៍ពីមិត្តភ័ក្ដិ និងភ្ញៀវបទេស។
យ៉ាងណា លោក Yoon Suk Yeol កំពុងប្រឈមមុខនឹងការដកហូតអំណាច។ គណបក្សប្រឆាំងចំនួន៦ បានប្រកាសក្នុងសន្និសីទសារព័ត៌មានពីការដាក់ញត្តិឱ្យមានដំណើរការនីតិវិធីចោទប្រកាន់ដកតំណែងប្រធានាធិបតីពីលោក Yoon Suk Yeol។
ការបោះឆ្នោតលើសេចក្ដីទុកចិត្ត និងសវនាការករណីលោក Yoon Suk Yeol អាចនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ក្នុងសប្ដាហ៍នេះ។
លោក Yoon Suk Yeol អាយុ ៦៣ឆ្នាំ ជាអតីតអគ្គរដ្ឋអាជ្ញាដ៏មានឥទ្ធិពល។ លោកបានកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង នៅខែឧសភា ឆ្នាំ២០២២៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

