32.5 C
Phnom Penh

សង្គម​ស៊ីវិល​ថា​កម្ពុជា​នឹង​មិន​ហត់​ដើរ​សុំ​ជំនួយ​ពី​ប្រទេស​កុម្មុយនីស្ត​ទេ បើ​អនុវត្ត​ឱ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ប្រទេស​អូស្ត្រាលី លើកឡើង​ថា មេដឹកនាំ​ខ្មែរ​នឹង​មិន​ហត់នឿយ​ក្នុង​ការ​ដើរ​សុំ​ជំនួយ​ពី​ប្រទេស​កុម្មុយនីស្ត​ដូច​ពេលនេះ​ទេ បើ​ពួកគេ​អនុវត្ត​នូវ​លទ្ធិប្រជាធិបតេយ្យ និង​លើក​ស្ទួយ​សិទ្ធិមនុស្ស​ឱ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ដែល​មាន​ចែង។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋ​វិចតូរីយ៉ា ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ ធ្នូ នេះ​ថា បើ​មេដឹកនាំ​ខ្មែរ​នៅតែ​បន្ត​ពឹង​ដង្ហើម​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​ដូចជា​ប្រទេស​ចិន ជាដើម ដើម្បី​រស់​ក្នុង​បំណង​រក្សា​អំណាច​ផ្ដាច់ការ​របស់​ខ្លួន នោះ​របប​ដឹកនាំ​របស់​ពួកគេ​ក៏​នឹង​មិន​អាច​បន្ត​រស់​ដោយ​និរន្តរភាព​ទៅ​មុខ​បាន​ដែរ។

លោក​ថា ការ​ដឹកនាំ​ក្រោម​គន្លង​ផ្ដាច់ការ​របស់​មេដឹកនាំ​កម្ពុជា​ជាង ៤០​ឆ្នាំ​មក​នេះ មិន​ត្រឹមតែ​សហគមន៍​អឺរ៉ុប​ទេ​ដែល​ជំរុញ​ឱ្យ​មាន​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ខ្មែរ សូម្បី​បណ្តា​ប្រទេស​ផ្សេងៗ​មួយ​ចំនួន​ទៀត​ក៏​កំពុង​ត្រៀម​នឹង​អនុវត្ត​ច្បាប់​ដាក់​សម្ពាធ​លើ​កម្ពុជា​ដូច​គ្នា​ដែរ។

លោក​បន្ត​ថា នៅ​ពេល​ដែល​មាន​បញ្ហា​បែប​នេះ​កើតឡើង វា​ជា​រឿង​ដ៏​អាម៉ាស់​បំផុត​សម្រាប់​កម្ពុជា​ទាំងមូល។ លោក​បន្ត​ថា ការ​ប្រកាន់​អត្តចរិត​ដឹកនាំ​ផ្ដាច់ការ​ដូច​កម្ពុជា គឺ​មាន​តែ​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​ដូច​គ្នា​ប៉ុណ្ណោះ​ដែល​កម្ពុជា​អាច​សុំ​ជំនួយ​បាន ប៉ុន្តែ​ក្នុង​កាលៈទេសៈ​ដែល​សេដ្ឋកិច្ច​ចិន ក៏​ធ្លាក់​ដែរ​នោះ ចិន​ក៏​នឹង​មិន​អាច​ជួយ​កម្ពុជា​បន្ត​ទៀត​ឡើយ។

លោក​បញ្ជាក់​ថា ហេតុផល​នេះ មេដឹកនាំ​ខ្មែរ​គួរ​ពិចារណា​កែលម្អ​ការ​ដឹកនាំ​របស់​ខ្លួន​ឡើងវិញ ដើម្បី​ឱ្យ​កម្ពុជា​មាន​ភាព​ខ្លាំង​ដោយ​ខ្លួនឯង​ដែល​មិន​ចាំបាច់​លា​ដៃ​សុំ​ជំនួយ​ពី​ប្រទេស​កុម្មុយនីស្ត​បន្ត​ទៀត។

ប្រធាន​អង្គការ​ក្រៅ​ស្រុក​រូប​នេះ​បញ្ជាក់​ទៀត​ថា ដើម្បី​ឱ្យ​កម្ពុជា​ជា​ប្រទេស​ដែល​ខ្លាំង​មិន​រស់​ដោយ​ការ​លា​ដៃ​សុំ​ជំនួយ​ពី​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ គឺ​មាន​តែ​ផ្សះផ្សា​នយោបាយ ឯកភាព​ជាតិ និង​បង្រួបបង្រួម​សាមគ្គី​រវាង​ខ្មែរ និង​ខ្មែរ​ប៉ុណ្ណោះ ព្រោះ​ថា​ភាគី​នយោបាយ​ប្រឆាំង​ក៏​ជា​ខ្មែរ​ដែល​ស្នេហា​ជាតិ ចង់​ឱ្យ​កម្ពុជា​ខ្លាំងក្លា និង​រីកចម្រើន​ដែរ។

កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ សារព័ត៌មាន​អន្តរជាតិ Reuters បាន​ចុះផ្សាយ​ថា រដ្ឋាភិបាល​ចិន មិន​បាន​អនុម័ត​ប្រាក់កម្ចី​សម្រាប់​គម្រោង​ណា​មួយ​តាម​ការ​ស្នើសុំ​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០២៤ នេះ​ទេ។

ប្រភព​ដដែល​បញ្ជាក់​ថា យោង​តាម​ទិន្នន័យ​ក្រសួង​សេដ្ឋកិច្ច​កម្ពុជា បាន​លើកឡើង​ថា រដ្ឋាភិបាល​ចិន កំពុង​មាន​ការ​ប្រុងប្រយ័ត្ន​បន្ថែម​ទៀត​ចំពោះ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ពួកគេ​មិន​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​នៅ​ក្នុង​បណ្តា​ប្រទេស​នានា​នៃ​តំបន់​អាស៊ីអាគ្នេយ៍។

បើ​តាម​ខ្លឹមសារ​នេះ គេ​អាច​កត់សម្គាល់​បាន​ថា សូម្បី​គម្រោង​ព្រែកជីក​ហ្វូណន​ដែល​រដ្ឋាភិបាល​កម្ពុជា​តែង​ផ្សព្វផ្សាយ​កន្លង​មក​ថា មេដឹកនាំ​ចិន លោក ស៊ី ជីនពីង ប្រកាស​គាំទ្រ​គម្រោង​នេះ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​ប្រទេស​ចិន កាលពី​ពេល​ថ្មីៗ​នោះ ក៏​មិនមែន​ជា​ការពិត​ដែរ។

ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​អន្តរជាតិ Reuters ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន អះអាង​ថា ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង នៅតែ​រក្សា​ការ​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន​របស់​កម្ពុជា​ដដែល​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​ប្រទេស​ចិន កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០២៤ លោក ហ៊ុន សែន បាន​ស្នើសុំ​មិត្ត​ចិន បន្ត​ផ្តល់​ជំនួយ​ឥត​សំណង និង​កម្ចី​ឥណទាន​បន្ថែម​ទៀត​ដល់​កម្ពុជា ក្នុង​នោះ លោក ហ៊ុន សែន អះអាង​ថា ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង នៅតែ​រក្សា​ជំហរ​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន​ដដែល៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស