32.3 C
Phnom Penh

អ្នក​ឃ្លាំមើល​ទទូច​ឱ្យ​រាជរដ្ឋាភិបាល​ប្តឹង​ប្រទេស​ថៃ រឿង​កោះ​គុត​ទៅ​តុលាការ​អន្តរជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​ប្តឹង​ប្រទេស​ថៃ ទៅ​តុលាការ​អន្តរជាតិ​លើ​បញ្ហា «តំបន់​ត្រួត​ស៊ី​គ្នា» និង​បញ្ហា​កោះ​គុត ដូច​ពេល​ដែល​ប្រទេស​កម្ពុជា​ធ្លាប់​ប្តឹង​ប្រទេស​ថៃ លើ​ករណី​ប្រាសាទ​ព្រះវិហារ​កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៥៩។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ចេញ​លិខិត​ចំហ​មួយ​កាលពី​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៤ ដោយ​លើកឡើង​ថា តាម​បទពិសោធន៍​ជា​ប្រវត្តិសាស្ត្រ រដ្ឋាភិបាល​ថៃ​ធ្លាប់​ប្រើ​កម្លាំង​យោធា​ដណ្តើម​កាន់កាប់​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​នៅ​ឆ្នាំ​១៩៥៤ ម្តង​រួច​មក​ហើយ ប៉ុន្តែ​ក្រោយ​ប្រទេស​កម្ពុជា​បាន​ឈ្នះ​ក្តី​ក្នុង​សំណុំរឿង​នេះ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្នុង​ឆ្នាំ​១៩៦២ ទើប​ភាគី​ថៃ ដក​កងទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​វិញ។ កាល​នោះ រដ្ឋាភិបាល​កម្ពុជា​ក៏​ធ្លាប់​បាន​ប្រើ​យន្តការ​ចរចា​ទ្វេភាគី​ជាមួយ​ថៃ ដែរ មុន​នឹង​សម្រេច​ចិត្ត​ប្តឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ឆ្នាំ​១៩៥៩។

លោក​បន្ត​ថា នៅ​ពេលនេះ អ្នក​ជាតិ​និយម​ថៃ និង​មេដឹកនាំ​ថៃ សុទ្ធតែ​បញ្ជាក់​ជំហរ​ម្តង​ហើយ​ម្តង​ទៀត​ថា កោះ​គុត​គឺជា​កម្មសិទ្ធិ​របស់​ថៃ​ផ្ដាច់មុខ ដោយ​មិន​ផ្តល់​តម្លៃ​ពេញលេញ​ទៅ​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០១ (MOU44) ស្ដីពី​តំបន់​បាតសមុទ្រ​ទាមទារ​ត្រួត​ស៊ី​គ្នា (OCA=Overlapping Claims Area) នោះ​ទេ ដូច្នេះ​ការ​ចរចា​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​នឹង​គ្មាន​ន័យ​សម្រាប់​ប្រទេស​កម្ពុជា​ឡើយ។

លោក ម៉ែន ណាត លើកឡើង​ថា ស្ថានភាព​ប្រទេស​កម្ពុជា​ក្នុង​ពេលនេះ ក៏​មិន​ខុស​ពី​ករណី​ប្រាសាទ​ព្រះវិហារ​ដែរ គឺ​មិន​អាច​ចរចា​ទ្វេភាគី​ជាមួយ​ថៃ ដាច់ខាត ដូច្នេះ​ត្រូវតែ​ប្រកាស​លុប​អនុស្សរណៈ​យោគយល់​ឆ្នាំ​២០០១ ឬ MOU44 ចោល បន្ទាប់​មក​ត្រូវ​ធ្វើ​កំណត់​ទូត​ទៅ​កាន់​រដ្ឋាភិបាល​ថៃ ដោយ​បញ្ជាក់​ពី​កម្មសិទ្ធិ​មួយ​ផ្នែក​នៃ​កោះ​គុត ថា​ជា​កម្មសិទ្ធិ​របស់​ខ្មែរ រួច​ហើយ​ត្រូវ​រៀបចំ​សំណុំ​ឯកសារ​ប្តឹង​ប្រទេស​ថៃ ទៅ​តុលាការ​អន្តរជាតិ​ជា​ផ្លូវការ​តែម្តង។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្រើ​ច្បាប់​អន្តរជាតិ​ចំនួន​បី​យ៉ាងតិច រួម​មាន សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ស្តីអំពី​បូរណភាព​ទឹកដី អធិបតេយ្យ​ប្រទេស​កម្ពុជា និង​ច្បាប់​សមុទ្រ UNCLOS ឆ្នាំ​១៩៨២ ផង​ដែរ។

ប្រភព​ដដែល​ថា កម្ពុជា​អាច​ប្រើ​យន្តការ​តុលាការ​ណា​មួយ​ក៏​បាន ដូចជា តុលាការ​យុត្តិធម៌​អន្តរជាតិ (International Court of Justice (ICJ)) ឬ​តុលាការ​មជ្ឈត្តការ​អន្តជាតិ (Permanent Court of Arbitration=PCA) ជាដើម។

លោក ម៉ែន ណាត បញ្ជាក់​ថា ថ្វីត្បិត​សព្វថ្ងៃ​នេះ​រដ្ឋាភិបាល​កម្ពុជា​មាន​បញ្ហា​ច្រើន​ត្រូវ​ដោះស្រាយ​ក៏​ពិត​មែន ប៉ុន្តែ​ពុំ​គួរ​បន្ត​ខុស​ឆ្គង​លើ​បញ្ហា​កំណត់​ខ្សែបន្ទាត់​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង ទាំង​ព្រំដែន​គោក ទាំង​ព្រំដែន​ទឹក​ទៀត​ទេ រួម​ទាំង​ករណី​កោះត្រល់ និង​ចង្កោម​កោះ​ក្រចកសេះ​ជាមួយ​ប្រទេស​វៀតណាម ផង​ដែរ។

កាលពី​ពេល​ថ្មីៗ​នេះ អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) និង​កូនស្រី​របស់​លោក​ដែល​ជា​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន សុទ្ធតែ​បាន​អះអាង​ថា កោះ​គុត​ជា​កម្មសិទ្ធិ​របស់​ថៃ ដោយ​គ្មាន​ប្រទេស​ណា​អាច​ដណ្ដើម​កាន់កាប់​បាន​ឡើយ។ លោក ថាក់ស៊ីន ថា​កោះ​គុត​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​ថៃ ១​លាន​ភាគរយ។ ជាមួយ​គ្នា​នេះ មេដឹកនាំ​ខ្មែរ​វិញ ទាំង​ឪពុក ទាំង​កូន មិន​ហ៊ាន​និយាយ​សូម្បី​តែ​មួយ​ម៉ាត់​ថា​កោះ​គុត​នេះ​ជា​របស់​ខ្មែរ​នោះ​ឡើយ។

អ្នក​សង្កេតការណ៍​ខ្លះ​និយាយ​ថា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​ចេញ​វាចា​រឿង​បាត់បង់​កោះ​គុត​ជាមួយ​ប្រទេស​ថៃ ឬ​កោះត្រល់​ជាមួយ​ប្រទេស​យៀកណាម បាន​ទេ ពីព្រោះ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​អ្នក​ចុះហត្ថលេខា​ជាមួយ​គេ តើ​ទៅ​ដក​ពាក្យ​វិញ​យ៉ាង​ដូចម្តេច?

  • ទី​១ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​យៀកណាម​រឿង​តំបន់​បាតសមុទ្រ​ត្រួត​គ្នា នា​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​១៩៨២ អំពី​ផ្ទៃសមុទ្រ ៨​ពាន់​គីឡូម៉ែត្រ​ការ៉េ​ក្នុង​ឈូង​សមុទ្រ​ថៃ។
  • ទី​២ ប្រទេស​យៀកណាម និង​ប្រទេស​ថៃ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​រឿង​តំបន់​បាតសមុទ្រ​ត្រួត​គ្នា​នា​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​១៩៩៧ ដែល​ចូល​ធរមាន​នៅ​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​១៩៩៨ ដោយ​ផ្តល់​សិទ្ធិ​ឲ្យ​សាធារណរដ្ឋ​សង្គម​និយម​យៀកណាម ៣២,៥% នៃ​ផ្ទៃ​ទឹកសមុទ្រ។ ភាគី​ទាំង​ពីរ​ជជែក​បែងចែក​ដែនដី ដែនទឹក​ជាមួយ​គ្នា ដោយ​ទុក​ភាគី​ខ្មែរ​នៅ​ក្រៅ​សង្វៀន ឬ​សៃវៀន។ លោក ហ៊ុន សែន ឲ្យ​លោក សុខ អាន ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ថៃ ក្នុង​នាម​លោក​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រេងឥន្ធនៈ​នា​ឆ្នាំ​២០០១៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស