អ្នកសិក្សាផ្នែកច្បាប់ លើកឡើងថា ការប្រញាប់ប្រញាល់អន្តរាគមន៍បង្កើតច្បាប់ដាក់ក្រុមប្រឆាំងជាភេរវករ ទំនងជាពេលវេលារបស់លោក ហ៊ុន សែន នៅសល់កាន់តែខ្លី ហើយក៏ជាការវែកផ្លូវលើកចុងក្រោយសម្រាប់កូនប្រុសរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត និងជាការប្រកាសសង្គ្រាមរវាងខ្មែរ និងខ្មែរដែរ។
អ្នកឃ្លាំមើលនយោបាយ លោក វ៉ន ចាន់ឡូត សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នេះថា ការចេញអន្តរាគមន៍ប្រកាសបង្កើតច្បាប់ “ភេរវកម្ម” ដើម្បីដាក់ក្រុមមនុស្សមិនស្របនឹងទស្សនៈខ្លួនជាភេរវកររបស់លោក ហ៊ុន សែន គឺជាការប្រកាសសង្គ្រាមរវាងខ្មែរនិងខ្មែរជាផ្លូវការហើយនៅពេលនេះ។
លោក វ៉ន ចាន់ឡូត បញ្ជាក់ថា អ្នកបង្កើតច្បាប់នេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រខ្មែរដូចមេដឹកនាំខ្មែរក្រហម ដែលចាត់ទុកបញ្ញវន្តខ្មែរកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ និងអ្នកមិនស្របនឹងអង្គការថាជាខ្មាំងដូច្នោះដែរ។
កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ក្នុងខួប ៤៦ឆ្នាំនៃទិវាជ័យជម្នះ ៧មករា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន លើកឡើងថា វាដល់ពេលហើយដែលកម្ពុជាត្រូវកសាងច្បាប់កំណត់ជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម និងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ជាភេរវករ។
លោក ហ៊ុន សែន បញ្ជាក់ថា សម្រាប់កម្ពុជា ទោះបីមានសន្តិភាពពេញលេញ ២៦ឆ្នាំមកហើយក្តី ក៏សន្តិភាពនេះនៅតែជាបញ្ហាដែរ ព្រោះពួកជ្រុលនិយមមួយចំនួនតូចព្យាយាមសាបព្រោះឥតឈប់ឈរនូវនយោបាយសតិអារម្មណ៍ជ្រុលនិយម ដើម្បីអុជអាល ញុះញង់ បំផុសប្រជាជន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការឱ្យធ្វើការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់។
ការប្រកាសបង្កើតច្បាប់ដាក់ក្រុមអ្នកប្រឆាំងនឹងរដ្ឋាភិបាលនេះ ធ្វើឡើងបន្ទាប់ពីក្រុមអ្នកនយោបាយបក្សប្រឆាំង និងប្រជាពលរដ្ឋទូទៅបានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាប្តឹងថៃ ទៅតុលាការអន្តរជាតិ ដើម្បីទាមទារយកកោះគុតដែលជាកម្មសិទ្ធិរបស់ខ្លួនត្រឡប់មកវិញជាបន្តបន្ទាប់នៅពេលនេះ។
គេសង្កេតឃើញថា ចាប់តាំងពីមានការតវ៉ាទាមទារឱ្យរដ្ឋាភិបាលប្តឹងថៃ ទៅតុលាការអន្តរជាតិ ទាំងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រី មិនទាន់ចេញមុខប្រកាសជំហររបស់ខ្លួនលើបញ្ហានេះទៅកាន់ពលរដ្ឋខ្មែរនៅឡើយទេ។ ផ្ទុយទៅវិញ លោក ហ៊ុន សែន ដែលមិនមែនជានាយករដ្ឋមន្ត្រីផងនោះ បែរជាប្រកាសបង្កើតច្បាប់ដាក់ក្រុមអ្នកតវ៉ាទាមទារទាំងនេះជាក្រុមភេរវករទៅវិញ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា បើលោក ហ៊ុន សែន បង្កើតច្បាប់ដាក់អ្នកតវ៉ាទាមទារអំពីរឿងទឹកដីកុំឱ្យបាត់បង់ទៅប្រទេសជិតខាងជាក្រុមភេរវករ គាត់ក៏គួរតែបង្កើតច្បាប់លើកតម្កើងអ្នកដែលកាត់ទឹកដីឱ្យប្រទេសជិតខាងជាវីរបុរសជាតិដែរ ដើម្បីឱ្យត្រកូលហ៊ុនដែលបានកាត់កោះគុតឱ្យទៅប្រទេសថៃ ក្លាយជាវីរបុរសជាតិដោយពេញមុខ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

