អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ លោក ជួន ណារិន្ទ បញ្ជាឲ្យដាក់កម្លាំងរឹតបន្តឹងការបាញ់ល្បឿន និងពិនិត្យជាតិអាល់កុលនៅតាមបណ្ដោយមហាវិថីសម្តេចតេជោ ឬផ្លូវ៦០ម៉ែត្រ ចាប់ពីថ្ងៃទី២១ ខែមករា នេះ ក្រោយពីសង្កេតឃើញគ្រោះថ្នាក់ចរាចរណ៍កើតញឹកញាប់ និងបានសម្លាប់មនុស្សជាបន្តបន្ទាប់។
អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ លោក ជួន ណារិន្ទ បានលើកឡើងថា «ផ្លូវ៦០ម៉ែត្រ» មានទំហំធំទូលាយ ប៉ុន្តែអ្នកប្រើប្រាស់ផ្លូវភាគច្រើនមិនគោរពច្បាប់។ លោកថា ក្នុងនោះ គ្រាន់តែការបើកបរលើសល្បឿនកំណត់ បានបង្កជាគ្រោះថ្នាក់ចរាចរណ៍រហូតដល់ ៤៩%។ ដើម្បីទប់ស្កាត់បទល្មើសនេះ លោកដាក់កម្លាំងដើម្បីបាញ់ល្បឿន និងបង្កើនការរឹតបន្តឹងត្រួតពិនិត្យជាតិអាល់កុលចាប់ពីថ្ងៃទី២១ ខែមករា នេះតទៅ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ បានក្លាយជាក្ដីកង្វល់មួយរបស់សមត្ថកិច្ច និងប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ។
ក្រោយមានហេតុការណ៍ជាបន្តបន្ទាប់ និងបណ្ដាលឲ្យមានអ្នកស្លាប់យ៉ាងអាណោចអាធម៌នោះ ទាំងក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងសមត្ថកិច្ចជំនាញ បានរៀបចំបាញ់គំនូសសញ្ញាចរាចរណ៍ឡើងវិញផងដែរ។
លោក ជួន ណារិន្ទ ថ្លែងដូច្នេះថា លោកបានបញ្ជាទៅការិយាល័យជំនាញ ក៏ដូចជាស្នងការរងពាក់ព័ន្ធនឹងចរាចរណ៍ ឱ្យចុះមើលភូមិសាស្ត្រ និងពេលវេលាដែលកើតហេតុ។ ទី២ មើលកត្តាផ្លូវ និងទី៣ មើលកត្តាផ្សេងៗដែលពាក់ព័ន្ធ ដើម្បីកំណត់ថា តើកត្តាអ្វីខ្លះដែលធ្វើឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍។
លោកបន្តថា អ្វីដែលរកឃើញនេះ ទី១ គឺការប្រើប្រាស់ល្បឿន និងការមិនគោរពច្បាប់ចរាចរណ៍។ នេះគឺជាធាតុចូលសំខាន់។
លោកស្នើឱ្យពលរដ្ឋដែលធ្វើដំណើរនៅលើដងផ្លូវនេះ ចូលរួមគោរពច្បាប់ និងស្លាកសញ្ញាចរាចរណ៍ ដើម្បីជួយទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវនេះតទៅទៀត។
ត្រឹមតែរយៈពេល ៥ថ្ងៃប៉ុណ្ណោះ នៅលើកំណាត់ផ្លូវ៦០ម៉ែត្រ មូលដ្ឋានខណ្ឌមានជ័យ ជាប់ព្រំប្រទល់ខណ្ឌដង្កោ បានឆក់យកអាយុជីវិតមនុស្សក្មេងចាស់ចំនួន ៤នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ២ករណីផ្សេងគ្នា។
របាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន ២៨៤៤លើក ដោយបានបង្កឲ្យមានមនុស្សស្លាប់ចំនួន ១៥០៩នាក់។ ចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៤ បានថយចុះចំនួន ១៤% បើធៀបនឹងឆ្នាំ២០២៣៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

