30.7 C
Phnom Penh

ស្ថានទូត​ចិន​អះអាង​ថា​រដ្ឋាភិបាល​ចិន​នឹង​មិន​ដក​ខ្លួន​ចេញពី​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា អះអាង​ថា រដ្ឋាភិបាល​របស់​ខ្លួន​នឹង​មិន​ដក​ខ្លួន​ចេញពី​គម្រោង​ព្រែកជីក​ហ្វូណន​របស់​កម្ពុជា​ទេ ក្រោយពី​សារព័ត៌មាន​បរទេស​មួយ​ចំនួន​បាន​ធ្វើ​សេចក្តី​រាយការណ៍​ថា រដ្ឋាភិបាល​ចិន​គ្មាន​ភាព​ច្បាស់លាស់​ចំពោះ​ការ​ផ្តល់​ថវិកា​វិនិយោគ​សម្រាប់​គម្រោង​ព្រែកជីក​ហ្វូណន​កម្ពុជា។

សារព័ត៌មាន South China Morning Post នៅ​ថ្ងៃទី​២៩ មករា បាន​ឱ្យ​ដឹង​ថា ចិន​កំពុង​គន្លាស់​ខ្លួន​ចេញពី​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​របស់​រដ្ឋាភិបាល​កម្ពុជា។ សារព័ត៌មាន​ដដែល​បាន​អះអាង​ថា ចិន​គ្មាន​ភាព​ច្បាស់លាស់ និង​គ្មាន​ការ​ប្ដេជ្ញាចិត្ត​ចំពោះ​ការ​ផ្តល់​ថវិកា​វិនិយោគ​សម្រាប់​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ និង​ថា​ភាព​ស្រពិចស្រពិល​របស់​ចិន នេះ នឹង​អាច​ធ្វើ​ឱ្យ​ផែនការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​កម្ពុជា​ទាំងមូល​បរាជ័យ និង​ឈាន​ទៅ​រង្គោះរង្គើ​ដល់​ទំនាក់ទំនង​កម្ពុជា-ចិន។

ក្រោយពី​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ខាងលើ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​បដិសេធ​ចំពោះ​ការ​លើកឡើង​នោះ ដោយ​ចាត់ទុក​ការ​ចុះផ្សាយ​ព័ត៌មាន​នោះ​ជា​រឿង​អត់​ប្រយោជន៍ យក​ជា​ការ​មិន​បាន។ ស្ថានទូត​ចិន​អះអាង​ថា រដ្ឋាភិបាល​ចិន​នឹង​នៅតែ​បន្ត​គាំទ្រ​យ៉ាង​មុតមាំ​ដល់​រដ្ឋាភិបាល​កម្ពុជា​ជានិច្ច។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ផន រឹម បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២៥ ថា ព្រែកជីក​ហ្វូណន​តេជោ​នឹង​ចាប់ផ្តើម​ដំណើរការ​ជីក​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ។ ក្រសួង​បាន​បិទ​បញ្ចប់​ដំណើរការ​ផ្ទៀងផ្ទាត់​និយាមកា​កំណាត់​ទី​១ នៃ​ព្រែកជីក​ហ្វូណន​ដែល​មាន​ចម្ងាយ ២១​គីឡូម៉ែត្រ។

ប្រភព​ដដែល​អះអាង​ថា កំណាត់​ទី​១ រាប់​ចាប់ពី​ព្រែក​តាកែវ នៃ​ទន្លេមេគង្គ ដល់​ព្រែក​ពោធិ៍ នៃ​ទន្លេបាសាក់ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល។ ចំណែក​កំណាត់​ទី​២ ដែល​មាន​ចម្ងាយ​ជាង ១៥០​គីឡូម៉ែត្រ នឹង​គ្រោង​បញ្ចប់​នៅ​អំឡុង​ខែ​មេសា ឆ្នាំ​២០២៥ ខាងមុខ ដោយ​ឆ្លងកាត់​ខេត្ត​កណ្តាល តាកែវ កំពត និង​ខេត្ត​កែប។

គម្រោង​ព្រែកជីក​ហ្វូណន ដែល​បាន​បើក​ការដ្ឋាន​សាងសង់​យ៉ាង​គគ្រឹកគគ្រេង​កាលពី​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២៤ នៅ​មិន​ទាន់​ដំណើរការ​ជីក​នៅឡើយ​ទេ។ ការណ៍​នេះ​ធ្លាប់​ត្រូវ​បាន​កាសែត​បរទេស​មួយ​ចំនួន​សរសេរ​កន្លង​មក​ថា ការ​ផ្អាក ឬ​មិន​ទាន់​ធ្វើការ​ជីក​មក​ដល់​ពេលនេះ គឺ​ដោយសារ​កម្ពុជា​ខ្វះ​ថវិកា។

លោក ស៊ុន ចាន់ថុល អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ជា​ឧបនាយករដ្ឋមន្ត្រី​ដែល​ទទួល​បន្ទុក​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ធ្លាប់​ប្រាប់​ពលរដ្ឋ​ឲ្យ​ជឿ​ទុកចិត្ត​លើ​រដ្ឋាភិបាល និង​ធានា​ពី​ការ​ផ្តល់​សំណង​សមស្រប​ជូន​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់។

គម្រោង​ព្រែកជីក​ហ្វូណន នឹង​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាង ១៥០០​គ្រួសារ ដី​លំនៅឋាន​ជាង ១៤៩​ហិកតា និង​ដី​ស្រែ​ដី​ចម្ការ​ចំនួន ២៩០០​ហិកតា។ ព្រែកជីក​នេះ​មាន​ប្រវែង ១៨០​គីឡូម៉ែត្រ ដែល​គ្រោង​ចំណាយ​ថវិកា​សាងសង់ ១៧០០​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ ក្រុមហ៊ុន​ខ្មែរ​មាន​ចំនួន ៥១% និង​ក្រុមហ៊ុន​ចិន ចំនួន ៤៩%។ តាម​ផែនការ គម្រោង​ព្រែកជីក​ហ្វូណន នឹង​គ្រោង​សាងសង់​រួចរាល់​នៅ​ឆ្នាំ​២០២៨៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស