27.3 C
Phnom Penh

អ្នក​ស្រាវជ្រាវ​ផ្នែក​ច្បាប់​បកស្រាយ​អំពី​ការ​កាត់ទោស​មេ​អង្គរក្ស​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​ក្នុង​តុលាការ​បារាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ច្បាប់ លើកឡើង​ថា សវនាការ​លើ​ករណី​គប់​គ្រាប់បែក​ដែល​ដឹកនាំ​ដោយ​មេ​អង្គរក្ស​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន មាន​លោក ហ៊ុយ ពិសិដ្ឋ និង​លោក ហ៊ីង ប៊ុនហៀង បង្ហាញ​អំពី​ឧក្រិដ្ឋកម្ម​នយោបាយ​ដែល​បង្ក​ឡើង​ដោយ​រដ្ឋអំណាច។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២០ មីនា ថា សវនាការ​នេះ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា ការពិត​និង​យុត្តិធម៌​តែងតែ​ឈ្នះ​អំពើ​អយុត្តិធម៌ គ្រាន់តែ​ចំណាយ​ពេល​យូរ​ប៉ុណ្ណោះ ហើយ​អ្នក​កាន់​អំណាច​នៅ​ប្រទេស​កម្ពុជា​ដែល​ប្រព្រឹត្ត​បទល្មើស នឹង​ត្រូវ​បាន​កាត់ទោស​ដោយ​តុលាការ​អន្តរជាតិ ទោះបីជា​មិន​ត្រូវ​បាន​កាត់ទោស​ដោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ International Criminal Court (ICC) ក៏ដោយ។

បន្ថែម​លើ​នេះ​ទៀត សវនាការ​នេះ​ក៏​បង្ហាញ​ដែរ​ថា តុលាការ​បារាំង កំពុង​បង្រៀន​ប្រទេស​កម្ពុជា​អំពី​អំណាច​តុលាការ​ដែល​ជា​អំណាច​ឯករាជ្យ និង​មិន​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ​នោះ។

លោក វ៉ន ចាន់ឡូត រៀបរាប់​ថា ជុំវិញ​ព្រឹត្តិការណ៍​ភេរវកម្ម​រៀបចំ​ដោយ​រដ្ឋអំណាច (state-organized terrorist act) នា​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ដែល​បង្ក​ឡើង​ដោយ​ក្រុម​ខាង​នាយករដ្ឋមន្ត្រី​ទី​២ គឺ​លោក ហ៊ុន សែន បាន​សម្លាប់​មនុស្ស​យ៉ាងតិច ១៦​នាក់ និង​ជាង ១៥០​នាក់​រង​របួស ក្នុង​នោះ​មាន​ជនជាតិ​អាមេរិកាំង​ឈ្មោះ Ron Abney ក៏​បាន​រង​របួស​ធ្ងន់​ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ។

លោក​បន្ត​ថា ដោយសារ​ជនជាតិ​អាមេរិកាំង​រង​របួស​ក្នុង​អំពើ​ភេរវកម្ម​នេះ​ហើយ ទើប​ជំរុញ​ឱ្យ FBI ដែល​ដឹកនាំ​ដោយ​លោក Thomas Nicoletti បើក​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ ប៉ុន្តែ​ក្រុម FBI នេះ​បាន​ចាកចេញ​ពី​កម្ពុជា​យ៉ាង​តក់ក្រហល់ ហើយ​ការ​ចាកចេញ​ទាំង​មិន​ទាន់​បាន​បញ្ចប់​ការ​ស៊ើបអង្កេត​រួចរាល់​ផង ទំនង​ជា​សកម្មភាព​ពួកគេ​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​រុករក​ការពិត​លើ​ក្រុម​របស់​លោក ហ៊ុន សែន។

ឯកអគ្គរដ្ឋទូត​អាមេរិកាំង​ប្រចាំ​ប្រទេស​កម្ពុជា​គ្រា​នោះ លោក Kenneth Quinn ជួយ​បំភ័យ​អំពី​ការ​គំរាម​ពី​កងកម្លាំង​ប្រដាប់​អាវុធ​ខាង​លោក ហ៊ុន សែន ដល់​ភ្នាក់ងារ​ស៊ើបអង្កេត FBI រហូត​នៅ​មិន​បាន។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​លើកឡើង​ថា ក្រោយពី​អំពើ​ភេរវកម្ម​នោះ​រយៈពេល ២០​ឆ្នាំ គឺ​នៅ​ថ្ងៃទី​១០​ខែ​កុម្ភៈ ឆ្នាំ​២០១៧ តុលាការ​ប្រទេស​បារាំង បាន​កោះហៅ​លោក ហ៊ុន សែន ឱ្យ​ចូល​ទៅ​បំភ្លឺ​ដែរ ប៉ុន្តែ​ត្រូវ​ដក​ដីកា​នោះ​វិញ ដោយសារ​រដ្ឋាភិបាល​បារាំង រារាំង ព្រោះ​កាលណោះ​លោក ហ៊ុន សែន នៅ​មាន​អំណាច​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល។

តុលាការ​បារាំង បាន​បើក​សវនាការ​ជំនុំជម្រះ​ករណី​គប់​គ្រាប់បែក​នៅ​មុខ​រដ្ឋសភា​ដែល​បាន​សម្លាប់​មនុស្ស ១៦​នាក់ និង​របួស ១៥០​នាក់ នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ក្នុង​សប្តាហ៍​នោះ​រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៩ រហូត​ដល់​ថ្ងៃទី​២១ ខែ​មីនា ទៅ​តាម​ពាក្យបណ្ដឹង​ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី។

សវនាការ​កាលពី​ថ្ងៃទី​១៩ ខែ​មីនា គឺ​មាន​វត្តមាន​ដើមបណ្ដឹង គឺ​លោក សម រង្ស៊ី និង​ភរិយា​របស់​លោក គឺ​អ្នកស្រី ជូឡុង សូមួរ៉ា ខណៈ​ចុងចោទ​គឺ​លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ មិន​មាន​វត្តមាន​ក្នុង​សវនាការ​នេះ​ទេ ហើយ​ក៏​មិន​មាន​វត្តមាន​មេធាវី​ការពារ​ក្តី​ពួកគេ​ក្នុង​សវនាការ​នេះ​ដែរ។

ទោះ​យ៉ាងណាក៏ដោយ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បាន​ចុះផ្សាយ​មុន​ពេល​សវនាការ​នេះ​ថា លោក ហ៊ីង ប៊ុនហៀង បាន​បដិសេធ​ថា​លោក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ នោះ​ទេ ហើយ​លោក​ក៏​មិន​ដែល​បាន​ទទួល​ដីកា​ចាប់​ខ្លួន​ពី​តុលាការ​បារាំង ឬ​ទទួល​ដំណឹង​ពី​តុលាការ​បារាំង ដែល​ទាមទារ​ឲ្យ​លោក​ត្រូវ​មាន​មេធាវី​ការពារ​ខ្លួន​នៅ​ក្នុង​សវនាការ​នេះ​ដែរ។

មាន​ពលរដ្ឋ​ខ្មែរ​ខ្លះ​ធ្វើ​អត្ថាធិប្បាយ​ថា បើ​ទោះជា​មាន​មេធាវី ក៏​មេទ័ព​អង្គរក្ស​មិន​ហ៊ាន​ទៅ​បង្ហាញ​មុខ​ការពារ​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស