នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត អះអាងថា កម្ពុជាបានត្រៀមរៀបចំក្រុមការងារជំហានពីររួចរាល់ហើយ ដែលដឹកនាំដោយអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អ្នកស្រី ចម និម្មល ត្រៀមចាំចរចាជាមួយអាមេរិកភ្លាមៗ ប្រសិនបើពួកគេបើកភ្លើងខៀវ។
លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធី “សម្ពោធស្ពានអាកាស” នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ថា កម្ពុជាមិនបានយកពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាមេរិក ៩៧% ទេ ប៉ុន្តែពន្ធ ៩៧% នេះ គឺជាអត្រាឱនភាព ឬលម្អៀងនៃទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកប៉ុណ្ណោះ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា កម្ពុជាបានប្ដេជ្ញាចិត្តរួចហើយ គឺទំនិញទាំងអស់មិនថាអាមេរិក ឬប្រទេសផ្សេងទេ កម្ពុជាកំណត់ពន្ធនាំចូលមិនឱ្យលើសពី ៣៥% ឡើយ ហើយពន្ធដែលកម្ពុជាដាក់លើទំនិញអាមេរិកខ្ពស់បំផុត គឺត្រឹមតែ ៣៥% ប៉ុណ្ណោះ ខណៈពន្ធជាមធ្យមត្រឹមតែ ២៩,៤% មិនមែន ៩៧% ឡើយ។
លោកបន្ថែមថា សព្វថ្ងៃនេះ ពន្ធដែលរដ្ឋាភិបាលបានដាក់លើទំនិញអាមេរិកនាំចូលមកកម្ពុជាមានជិត ២ពាន់បន្ទាត់ពន្ធ (១៨៦៨បន្ទាត់ពន្ធ) ប៉ុន្តែក្នុងនោះ ជាង ២០០បន្ទាត់ពន្ធ (២១០បន្ទាត់ពន្ធ) លើទំនិញអាមេរិកដែលនាំចូលមកកម្ពុជានោះ គឺត្រូវរួចពន្ធទាំងអស់ ដែលមានន័យថា ពន្ធសូន្យ ដូចជា ទូរសព្ទដៃ ជាដើម ដោយឡែកទំនិញកម្ពុជានាំចូលទៅអាមេរិកបានបង់ពន្ធជាមធ្យម ១១% រហូតមក។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ពាក់ព័ន្ធរឿងពន្ធរបស់អាមេរិកនេះ កម្ពុជាបានគិតគូរតាំងពីជាង ២ខែមុនមកម្ល៉េះ ហើយរដ្ឋាភិបាលក៏បានគិតគូរទាំងជំហានទី១ និងជំហានទី២ រួចរាល់ហើយ ខណៈក្រុមការងារជំហានពីរដែលបានរៀបចំរួចរាល់មកនេះ គឺត្រៀមចាំឱ្យតែអាមេរិកបើកភ្លើងខៀវពេលណា គឺហោះទៅចរចាពេលនោះតែម្តង។
កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានកំណត់ពន្ធលើទំនិញនាំចូលទៅកាន់ទីផ្សាររបស់ខ្លួនឡើងវិញទៅលើប្រទេសជិត ២០០ (១៨៥ប្រទេស) ដែលក្នុងនោះក៏មានកម្ពុជាដែរ ដែលត្រូវកំណត់ពន្ធនាំចូលរហូតដល់ ៤៩% ដែលជាអត្រាជាប់ពន្ធខ្ពស់កប់ពពកជាងប្រទេសដែលជាសមាជិកអាស៊ានដទៃទៀត។
ជុំវិញបញ្ហានេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត បានលើកឡើងថា ទោះកម្ពុជាទម្លាក់តម្លៃពន្ធនាំទំនិញពីអាមេរិកដល់ ០% ក៏មិនមែនជាហេតុនាំឱ្យអាមេរិកទម្លាក់តម្លៃពន្ធ ៤៩% មកទាបវិញដែរ ព្រោះអ្វីដែលអាមេរិកចង់បានពីកម្ពុជានោះ គឺការបង់ពន្ធលើទំនិញរបស់កម្ពុជា ដើម្បីឱ្យជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានភាពស្មើគ្នាប៉ុណ្ណោះ។
កាលពីថ្ងៃទី៤ មេសា លោក ហ៊ុន ម៉ាណែត បានចេញលិខិតមួយទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយសន្យាទម្លាក់ពន្ធលើទំនិញនាំចូលពីអាមេរិកដែលមានអត្រា ៣៥% មកនៅត្រឹមតែ ៥% វិញ លើទំនិញ ១៩ប្រភេទ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី៦ មេសា ទីភ្នាក់ងារសារព័ត៌មាន AP បានចុះផ្សាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងមិនដកវិធានការពន្ធលើទំនិញនាំចូលពីបរទេសដាច់ខាត លុះត្រាតែបណ្ដាប្រទេសនានាធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

