គួជៀ ជូស្ហ៊ី (Guojia Zhuxi) ឬប្រធាន ស៊ី ជីនពីង មេដឹកនាំចិនកុម្មុយនីស្ត នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ចំថ្ងៃខួប ៥០ឆ្នាំនៃការឡើងកាន់អំណាចដោយចលនាទ័ពព្រៃខ្មែរក្រហម តបតាមការអញ្ជើញពីព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសសមាជិកអាស៊ាន វៀតណាម និងម៉ាឡេស៊ី។
យោងតាមការផ្សាយពីក្រសួងការបរទេសនៃប្រទេសកម្ពុជា ចុះថ្ងៃទី១១ ខែមេសា សេចក្តីប្រកាសបានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅរាជាណាចក្រកម្ពុជា លោក ស៊ី ជីនពីង នឹងចូលគាល់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងព្រះបរមរាជវាំង។
លោកប្រធាន ស៊ី នឹងជួបពិភាក្សាជាមួយលោក ហ៊ុន សែន ប្រធានបក្សប្រជាជនកម្ពុជា និងប្រធានព្រឹទ្ធសភា និងជួបជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្ដីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្ដូរយោបល់អំពីបញ្ហាតំបន់ និងអន្តរជាតិដែលមានការចាប់អារម្មណ៍ដូចគ្នា។
ប្រភពដដែលបានឲ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរ និងបង្កើនសារសំខាន់បន្ថែមទៀតដល់ចំណងមិត្តភាពស្រោបដែក និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយក៏មានឯកសារជាច្រើនដែលរំពឹងថានឹងត្រូវបានចុះហត្ថលេខាក្នុងឱកាសទស្សនកិច្ចនេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យនានា។
ក្រុមអ្នកឃ្លាំមើលសង្គមបានលើកជាចម្ងល់ថា ហេតុអ្វីលោក ស៊ី ជីនពីង មកដល់ប្រទេសកម្ពុជាចំថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដែលចំថ្ងៃខួប ៥០ឆ្នាំនៃការឡើងកាន់អំណាចដោយពួកខ្មែរក្រហមជាកូនអុក ដោយបានបង្កសោកនាដកម្មដ៏ធំធេងនៅប្រទេសកម្ពុជា និងដែលប្រវត្តិសាស្ត្របានបញ្ជាក់ពីការបានជាប់ពាក់ព័ន្ធនឹងប្រទេសចិន។ តើវាជារឿងចៃដន្យ ឬយ៉ាងណា ដែលប្រមុខរដ្ឋចិនមកបំពេញទស្សនកិច្ចនៅកម្ពុជាចំថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នោះ?
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ខាងមុខ គឺជាខួបទី៥០ឆ្នាំនៃការឡើងកាន់អំណាចនៃបក្សកុម្មុយនីស្តកម្ពុជា ដែលបង្កើតរបបគ្រប់គ្រងហៅថា «កម្ពុជាប្រជាធិបតេយ្យ»។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ បាននាំមកនូវវិនាសកម្មដល់ប្រទេសជាតិ និងប្រជាជនខ្មែរយ៉ាងធ្ងន់ធ្ងរ។
តទៅនេះជាការវិភាគព័ត៌មាន៖
អ្នកកាសែតខ្មែរ អ្នកកាសែតបរទេស អ្នកវិភាគសេរី ទាំងខ្មែរ ទាំងបរទេស ឆ្ងល់ដូចគ្នាថា ហេតុអ្វីមេដឹកនាំចិន មិនរើសថ្ងៃផ្សេង?
ទោះជាយកលេស ឬមូលហេតុអ្វីមួយមកសំអាងថា រើសយកថ្ងៃផ្សេងមិនបានក៏ដោយ គេថាចិនកុម្មុយនីស្តមិនខ្វល់នឹងខ្មែរមានអារម្មណ៍គិតយល់យ៉ាងណានោះទេ។
ទោះជាពលរដ្ឋខ្មែរមួយនគរមិនសប្បាយចិត្តនឹងមេដឹកនាំចិន ធ្វើទស្សនកិច្ចចំថ្ងៃគេជម្លៀសពលរដ្ឋចេញទីក្រុង ទីប្រជុំជន ឲ្យទៅនៅព្រៃភ្នំក្រំថ្ម ស្មសាន ជាថ្ងៃផ្តើមដំណើរឆ្ពោះទៅរកទីលានវាលមរណៈក៏ដោយ ក៏គ្មាននរណាហ៊ានចេញវាចាដែរ ពីព្រោះក្រុងប៉េកាំង ដឹងថាស្រុកខ្មែរជាកូនបំណុល ហើយអ្នកដឹកនាំគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ក៏ធ្លាប់មានចំណែកនៅក្នុងចលនាតស៊ូនៃបក្សកុម្មុយនីស្តកម្ពុជា ធ្លាប់ជាយុទ្ធមិត្តជាមួយបក្សកុម្មុយនីស្តចិន ដែរ ថ្វីបើមានការជួយជ្រោមជ្រែងពីបក្សកុម្មុយនីស្តយៀកណាម ផ្ទាល់ក៏ដោយ។
ក្នុងជំរំ ឬសាលាមនោគមន៍វិជ្ជាឆ្វេងនិយម គេហៅថា កុម្មុយនីស្តអន្តរជាតិ ក្នុងគំនិតអ្នកដឹកនាំយៀកណាម គេហៅថា «បីនាក់បងប្អូន»។
គួជៀ ជូស្ហ៊ី (Guojia Zhuxi) ឬប្រធាន ស៊ី ជីនពីង ដឹងច្បាស់ថា ថ្ងៃទី១៧ មេសា ថ្ងៃផ្តើមនៃឆ្នាំសូន្យសម្រាប់ប្រជាជាតិខ្មែរ ជាថ្ងៃចងគំនុំផ្ដួចផ្ដើមដោយបក្សប្រជាជនកម្ពុជា បំពេញបំណងរៀមច្បងហាណូយ ឲ្យខ្មែរស្អប់ខ្មែរក្រហមចិននិយម ដែលសម្លាប់កម្មាភិបាលជាមនុស្សរបស់គេ ដូចជា ទូ សាមុត ស ភិម ជាដើម។
ថ្មីៗនេះ លោក ហ៊ុន សែន បានគំរាមចាប់ផ្ដន្ទាទោសដាក់គុកចំពោះជនណានិយាយថា «គ្មានអំពើប្រល័យពូជសាសន៍នៅប្រទេសកម្ពុជា»។
ទស្សនកិច្ចរបស់លោកប្រធាន ស៊ី នៅថ្ងៃខ្មៅងងឹតនេះ ប្រៀបបាននឹងទះកំផ្លៀងខ្មែរទាំងស្តេច ទាំងរាស្ត្រ ទាំងសង្ឃ។ ចំណែកឯលោក ហ៊ុន សែន បុរសខ្លាំងមានតែនិយាយដោះសាឲ្យខ្មែរបំភ្លេចអតីតកាលជូរចត់មួយគ្រាសិន ព្រោះថាមិត្តស្រោបដែក ឬដែកថែបរកពេលផ្សេងមិនបាន ដូច្នេះមានតែបំពេញបំណងម្ចាស់បំណុលប៉ុណ្ណោះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

