កូនប្រុសច្បងរបស់លោក ហ៊ុន សែន អះអាងថា កម្ពុជាមិនចោលអាមេរិកចាប់យកចិន ហើយក៏មិនចោលចិនចាប់យកអាមេរិកដែរ គឺកម្ពុជាប្រកាន់គោលជំហរ «ខ្លួនមួយជិះទូកពីរ» ដើម្បីប្រយោជន៍សេដ្ឋកិច្ចកម្ពុជា និងពលរដ្ឋខ្មែរតែប៉ុណ្ណោះ។
លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងកម្មវិធីសម្ពោធកំពង់ផែទេសចរណ៍អន្តរជាតិកំពត នៅថ្ងៃចន្ទ នេះថា គោលនយោបាយការបរទេសរបស់កម្ពុជាប្រកាន់យកឯករាជភាព ធ្វើមិត្តគ្រប់ប្រទេសទាំងអស់ ដោយមិនយកប្រទេសណាមួយជាសត្រូវឡើយ ដូច្នេះកម្ពុជានឹងមិនចោលអាមេរិក ស្រវាចិន ឬចោលចិន ស្រវាអាមេរិកឡើយ។
កូនប្រុសមេដឹកនាំបក្សកាន់អំណាចរូបនេះបញ្ជាក់ថា កម្ពុជាមិនចូលបក្សសម្ព័ន្ធណាមួយដើម្បីប្រឆាំង ឬបង្កបញ្ហាជាមួយប្រទេសណាឡើយ។ ការរាប់អានរបស់កម្ពុជាជាមួយចិន គឺជាកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស ដោយការគោរពគ្នា និងផ្អែកលើមូលដ្ឋានច្បាប់នានា ព្រោះកម្ពុជាមិនរណបប្រទេសណាមួយនោះទេ។
ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២១ មេសា នេះថា កម្ពុជាត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍អព្យាក្រឹត្យដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីចៀសផុតពីការទាញទម្លាក់របស់មហាអំណាចទៅក្នុងសង្គ្រាមភូមិសាស្ត្រនយោបាយ។
លោក មាជ សុវណ្ណារ៉ា អះអាងថា លោកគាំទ្រការអះអាងរបស់លោក ហ៊ុន ម៉ាណែត ដែលថាត្រូវចាប់យកទាំងចិន និងអាមេរិក សម្រាប់ប្រយោជន៍របស់កម្ពុជា ដូច្នេះរដ្ឋាភិបាលក៏ត្រូវរកមូលហេតុពិតប្រាកដដែលអាមេរិកដាក់របាំងពន្ធ ៤៩% នៅពេលនេះដែរ ព្រោះកន្លងមក កម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីទីផ្សារអាមេរិករហូតដល់ជិត ១ម៉ឺនលានដុល្លារអាមេរិកក្នុងមួយឆ្នាំៗក្នុងពេលដែលកម្ពុជាអាចរកបានពីចិន ត្រឹមតែជាង ១ពាន់លានដុល្លារនោះ។
កាលពីថ្ងៃទី១៧ ខែមេសា ថ្មីៗនេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជា ស្របពេលដែលកម្ពុជារងនូវការដំឡើងពន្ធគយ ៤៩% លើទំនិញរបស់ខ្លួនទៅកាន់ទីផ្សារអាមេរិក។ ក្នុងដំណើរទស្សនកិច្ចនេះ កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជិត ៤០ (៣៧កិច្ចព្រមព្រៀង) ពាក់ព័ន្ធនឹងវិស័យសំខាន់ៗមួយចំនួន ដូចជា៖
- ការវិនិយោគ,
- វិស័យពាណិជ្ជកម្ម,
- វិស័យអប់រំ,
- វិស័យហិរញ្ញវត្ថុ,
- វិស័យព័ត៌មាន,
- ការងារយុវជន,
- វិស័យកសិកម្ម,
- វិស័យសុខាភិបាល,
- វិស័យធនធានទឹក,
- វិស័យទេសចរណ៍,
- វិស័យកិច្ចការនារី និងវិស័យមួយចំនួនផ្សេងទៀតផងដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

