ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អះអាងថា សាកសពពលករខ្មែរ ២នាក់ប្តីប្រពន្ធរស់នៅខេត្តបន្ទាយមានជ័យ ត្រូវបានរកឃើញបន្ថែមទៀតនៅថ្ងៃទី១៤ ឧសភា នេះ ដែលជាប់នៅក្រោមអគារបាក់រលំដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសថៃ កាលពីចុងខែមីនា កន្លងទៅ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្ដីពីមរណភាពនៃពលករខ្មែរដែលបណ្តាលមកពីការរញ្ជួយដីនៅប្រទេសថៃ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នេះថា សាកសពប្តីប្រពន្ធពលករខ្មែរ ២នាក់ដែលបានស្លាប់ក្នុងគ្រោះរញ្ជួយដីក្នុងទីក្រុងបាងកក ប្រទេសថៃ ទើបនឹងត្រូវបានរកឃើញក្នុងគំនរអគារបែកបាក់នៅថ្ងៃទី១៤ ឧសភា នេះ និងកំពុងត្រៀមបញ្ជូនត្រឡប់ទៅកម្ពុជាវិញ។
ប្រភពដដែលអះអាងថា យោងតាមលទ្ធផលនៃការពិនិត្យកោសល្យវិច័យ DNA របស់វិទ្យាស្ថានវេជ្ជសាស្ត្រកោសល្យវិច័យនៃមន្ទីរពេទ្យនគរបាលជាតិប្រទេសថៃ បញ្ជាក់ថា សាកសពទាំងពីរនាក់ប្តីប្រពន្ធនេះ គឺពិតជាឈ្មោះ សាន់ សឿន និងភរិយាឈ្មោះ សុខ គឹមសី ដែលបានទទួលមរណភាពក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ ពិតប្រាកដមែន។
ក្រសួងការងារកម្ពុជា បញ្ជាក់ថា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ ក្រសួងស្ថាប័ន និងមន្ត្រីពាក់ព័ន្ធ កំពុងរៀបចំសម្របសម្រួលបែបបទដើម្បីដឹកសពជនរងគ្រោះទាំង ២នាក់នេះត្រឡប់មកប្រទេសកម្ពុជាវិញ។
កាលពីដើមខែមេសា ឆ្នាំ២០២៥ កញ្ញា សាន់ ដែន ដែលត្រូវជាប្អូនស្រីជនរងគ្រោះឈ្មោះ សាន់ សឿន និងអ្នកស្រី សុខ គឹមសី ដែលរស់នៅភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានអះអាងថា បងប្រុសរបស់ខ្លួនធ្វើការងារជាជាងក្រាលការ៉ូ ក៏បានបាត់ខ្លួនទាំងពីរនាក់ប្តីប្រពន្ធអំឡុងពេលធ្វើការក្នុងហេតុការណ៍បាក់រលំអគារក្នុងប្រទេសថៃ។
ជុំវិញបញ្ហានេះ ក្រសួងការងារកម្ពុជា បានបង្ហាញថា គិតត្រឹមថ្ងៃទី១៤ ខែឧសភា នេះ មានមនុស្សជាង ១០០នាក់បានស្លាប់ (១០៩នាក់) ១៩នាក់រងរបួស និង ៤នាក់ទៀតកំពុងបាត់ខ្លួនក្នុងហេតុការណ៍បាក់រលំអគារដោយសារគ្រោះរញ្ជួយដីក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា កន្លងទៅនោះ។
របាយការណ៍ដដែលបញ្ជាក់ថា ក្នុងហេតុការណ៍នេះ មានពលករខ្មែរ ៤នាក់បានស្លាប់ និង ២នាក់ទៀតរងរបួស ក្នុងនោះ ជនរងគ្រោះម្នាក់បានបាក់កែងជើង និងម្នាក់ទៀតរបូតគន្លាក់ជង្គង់។
កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ប្រទេសថៃ មានគ្រោះរញ្ជួយដីកម្រិតធ្ងន់រហូតបណ្តាលឱ្យអគារកម្ពស់ ៣០ជាន់បាក់រលំ និងមានកម្មកររាប់សិបនាក់ជាប់នៅក្នុងអគារនោះ។
ជុំវិញហេតុការណ៍បាក់រលំអគារនេះ អាជ្ញាធរថៃ បានបើកការស៊ើបអង្កេតលើគុណភាពសំណង់អគារដែលបាក់រលំនោះ ដោយយកសំណាកដែកក្នុងគំនរបាក់បែកនោះទៅធ្វើពិសោធ ហើយជាលទ្ធផលបានបង្ហាញថា ដែកដែលប្រើសម្រាប់សាងសង់អគារនោះមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសំណង់ឡើយ។
ជនជាតិចិន ម្នាក់ និងជនជាតិថៃ ៣នាក់ដែលជាអ្នកទទួលខុសត្រូវលើការសាងសង់អគារបាក់រលំនោះ ត្រូវបាននគរបាលថៃ ចាប់ខ្លួនភ្លាមៗ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

