លោក ហ៊ុន ម៉ាណែត អះអាងថា ប្រទេសកម្ពុជាមានត្រីច្រើនរហូតដល់លក់មិនអស់ ដោយសារការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់មានប្រសិទ្ធភាពនាពេលកន្លងមក។
លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីប្រារព្ធទិវាមច្ឆជាតិនៅថ្ងៃទី១ ខែកក្កដា នេះថា ឆ្នាំ២០២៥ នេះ បរិមាណត្រីមានការកើនឡើងជាងមុន ប៉ុន្តែនៅតែអាចធានាតម្លៃមិនកើនឡើងសម្រាប់អ្នកទទួលទាន ដែលនេះគឺជារឿងល្អសម្រាប់កម្ពុជា។
លោក ហ៊ុន ម៉ាណែត លើកឡើងថា ការធានាឱ្យបាននូវផលត្រីសម្រាប់ពលរដ្ឋគ្រប់គ្នា គឺជារឿងល្អ ដូច្នេះត្រូវសហការគ្នាថែរក្សាបឹងធម្មជាតិរួម ដើម្បីធ្វើឱ្យកើនទិន្នផលត្រីកាន់តែខ្លាំងឡើងបន្ថែមទៀត។
លោកបន្តថា ការកើនឡើងទិន្នផលត្រីឆ្នាំនេះ ក៏បង្ហាញពីការសម្រេចដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលក្នុងការលុបឡូត៍នេសាទកាលពីជាង ១០ឆ្នាំមុនដែរ ដើម្បីប្រយោជន៍ដល់ប្រជានេសាទ និងពលរដ្ឋទូទាំងប្រទេស។
នាយករដ្ឋមន្ត្រីខ្មែររូបនេះ បញ្ជាក់ថា នេះក៏ជាលទ្ធផលដែលបង្ហាញថា វិស័យកសិកម្មកម្ពុជាពិតជាមានភាពធន់ចំពោះការប្រែប្រួលអាកាសធាតុ និងវិបត្តិខាងក្រៅ រួមទាំងលទ្ធភាពទ្រទ្រង់សន្តិសុខស្បៀងពេញលេញនៅគ្រប់កាលៈទេសៈ មិនថាក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩ ឬគ្រោះធម្មជាតិអ្វីនោះឡើយ។
នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ នេះ កម្ពុជាប្រារព្ធទិវាមច្ឆជាតិ ១ កក្កដា ស្ថិតនៅបឹងទន្លេបាទី ខេត្តតាកែវ ដើម្បីបំផុសចលនាថែរក្សាពូជត្រីឱ្យមាននៅក្នុងដែនទឹកធម្មជាតិផង និងបង្កើនផលត្រីនៅទូទាំងប្រទេសផង ដោយលែងពូជត្រី ២០ប្រភេទចូលទន្លេប្រមាណជា ១លាន ៥សែនក្បាល។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បង្ហាញរបាយការណ៍ក្នុងទិវាមច្ឆជាតិ ១ កក្កដា ថា រដ្ឋបាលជលផលគឺជាអនុវិស័យធំទី២ របស់ក្រសួងកសិកម្ម ក្នុងនោះ ឆ្នាំ២០២៤ កន្លងទៅ កម្ពុជាសម្រេចបានផលនេសាទទឹកសាបជិត ៤៧ម៉ឺនតោន កើនឡើងជាង ៩% (៩,៥%) បើធៀបនឹងឆ្នាំ២០២៣ ដោយសារការទប់ស្កាត់បទល្មើសនេសាទមានប្រសិទ្ធភាព។
ទោះជាបែបនេះក្តី ប្រជានេសាទដែលរស់នៅក្នុងខេត្តជាប់បឹងទន្លេសាប ដូចជាខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ បានលើកឡើងថា វិធានការរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់បទល្មើសនេសាទ គឺជាវិធានការល្អក្នុងការថែរក្សាត្រីក្នុងបឹងទន្លេសាប ប៉ុន្តែក៏មានបញ្ហាខ្លះដែរ។ បញ្ហាគឺនៅត្រង់ថា រដ្ឋាភិបាលបានត្រឹមតែដាក់វិធានការទប់ស្កាត់បទល្មើសនេសាទ ប៉ុន្តែរដ្ឋមិនបានបង្រៀនប្រជានេសាទឱ្យចេះចិញ្ចឹមត្រីនោះទេ ដែលបញ្ហានេះធ្វើឱ្យពលរដ្ឋមួយចំនួនធំពិបាកក្នុងការប្រកបរបរនេសាទដើម្បីចិញ្ចឹមជីវិតយ៉ាងខ្លាំង ព្រោះកន្លងមក ពួកគេធ្លាប់តែប្រកបរបបនេសាទក្នុងបឹងធម្មជាតិនេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

