28 C
Phnom Penh

វៀតណាម ជំរុញ​ឱ្យ​លោក ហ៊ុន សែន បង្កើន​ទំនាក់ទំនង​ក្នុង​ក្របខ័ណ្ឌ​បក្ស​ដើម្បី​ភ្ជាប់​យុវជន​ឱ្យ​កាន់តែ​ស្អិតល្មួត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គលេខាធិការ​គណបក្ស​កុម្មុយនីស្ត​វៀតណាម លោក តូ ឡឹម ជំរុញ​ឱ្យ​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បង្កើន​ទំនាក់ទំនង​ក្នុង​ក្របខ័ណ្ឌ​បក្ស​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ដើម្បី​ភ្ជាប់​យុវជន និង​យុវជន ឱ្យ​កាន់តែ​មាន​ភាព​ស្អិតល្មួត​បន្ថែម​ទៀត។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​នាំពាក្យ​ព្រឹទ្ធសភា លោក ជា ធីរិទ្ធ បាន​បង្ហោះ​សេចក្តី​សង្ខេប​ព័ត៌មាន​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក តូ ឡឹម កាលពី​រសៀល​ថ្ងៃ​ចន្ទ ទី​១ ខែ​កញ្ញា នៅ​ទីស្នាក់ការ​មជ្ឈិម​បក្ស​វៀតណាម ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។

លោក ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច ២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១ និង​ទី​២ ខែ​កញ្ញា នេះ ទៅ​កាន់​ប្រទេស​វៀតណាម ដើម្បី​ចូលរួម​ខួប ៨០​ឆ្នាំ​នៃ​បុណ្យ​ឯករាជ្យ​វៀតណាម។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក ហ៊ុន សែន បាន​អញ្ជើញ​ជួប​ប្រធាន​សភា​វៀតណាម លោក ជិន ថាញ់មិន ផង​ដែរ។

លោក ជា ធីរិទ្ធិ បន្ត​ថា អគ្គលេខាធិការ​គណបក្ស​កុម្មុយនីស្ត​វៀតណាម លោក តូ ឡឹម បាន​ថ្លែង​ថា លោក​ជំរុញ​បន្ថែម​ទៀត​ឱ្យ​ប្រទេស​ទាំង​ពីរ ជាពិសេស​ក្នុង​ក្របខ័ណ្ឌ​គណបក្ស បន្ត​ចែករំលែក​ផ្លាស់ប្ដូរ​នូវ​ដំណើរ​ទស្សនកិច្ច​ទៅវិញ​ទៅមក។

លោក ជា ធីរិទ្ធ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា លោក ហ៊ុន សែន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​បដិវត្តន៍​ខែ​សីហា កាលពី​ឆ្នាំ​១៩៤៥ ដែល​មាន​អត្ថន័យ​សម្រាប់​ប្រទេស​វៀតណាម និង​ក៏​ជា​ចំណុច​សំខាន់​មួយ​ដែល​កើតមាន​ចលនា​នៃ​ការ​តស៊ូ​ដើម្បី​ទាមទារ​ឯករាជ្យ ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក។

លោក ហ៊ុន សែន ក៏​បាន​លើក​ពី​ការ​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​លើ​វិស័យ​សេដ្ឋកិច្ច យោធា ពាណិជ្ជកម្ម ដែល​ប្រទេស​ទាំង​ពីរ​មាន​ភាព​រីកចម្រើន​នា​ពេល​បច្ចុប្បន្ន​នេះ។

ក្រុម​អ្នក​ឃ្លាំមើល​ព្រមាន​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​វៀតណាម កម្ពុជា​មិន​ទទួល​បាន​ប្រយោជន៍​អ្វី​ពី​ប្រទេស​វៀតណាម ទេ។ ជាក់ស្តែង រាល់​ជំនួប​រវាង​មន្ត្រី​រដ្ឋាភិបាល​វៀតណាម ជាមួយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ម្តងៗ វៀតណាម​តែង​ស្នើសុំ​ឱ្យ​ភាគី​កម្ពុជា ជួយ​សម្រួល​ការ​ស្នាក់នៅ​ដល់​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់​តាំងពី​ជំនាន់​លោក ហ៊ុន សែន នៅ​ដឹកនាំ រហូត​ដល់​លោក ហ៊ុន ម៉ាណែត ដឹកនាំ​បន្ត​នៅ​ពេលនេះ។

ប្រភព​ដដែល​អះអាង​ថា បើ​ពិនិត្យ​លើ​ទំនាក់ទំនង​រវាង​កម្ពុជា និង​វៀតណាម កន្លង​មក គឺ​មាន​តែ​វៀតណាម ទាញ​យក​ផល​ប្រយោជន៍​ពី​កម្ពុជា តែប៉ុណ្ណោះ សូម្បី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ដែល​កម្ពុជា វៀតណាម និង​ឡាវ កំពុង​សហការ​គ្នា​ដោយ​ការ​ដាក់​ខេត្ត​ចំនួន ១៣ ចូល​គ្នា​សព្វថ្ងៃ​នេះ ក៏​វៀតណាម កំពុង​ទាញ​ផល​ប្រយោជន៍​ពី​ខេត្ត​ខ្មែរ​ដែល​បាន​ដាក់​ចូល​ក្នុង​តំបន់​ត្រីកោណ​នេះ​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស