28.8 C
Phnom Penh

អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ដាក់​ឱ្យ​ប្រតិបត្តិការ​ជា​ផ្លូវការ​ក្រោម​បំណុល​ចិន ៥០​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ព្យាករ​តែ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ថា កំណើន​សេដ្ឋកិច្ច​នឹង​ស្រុត​ចុះ​ត្រឹម ៥% ក្នុង​ឆ្នាំ​២០២៥ ពី​ការ​ទស្សន៍ទាយ​ថា​កើន ៦,២% នោះ ពលរដ្ឋ​ខ្មែរ​អបអរ​សាទរ​នឹង​សមិទ្ធផល​ថ្មី​ដែល​ដាក់​ឱ្យ​ដំណើរការ​នៅ​ថ្ងៃទី​៩ ខែ​កញ្ញា នេះ គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ (Techo International Airport)។

ប៉ុន្តែ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នៅ​ក្រុង​តាខ្មៅ ឬ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ជា​ច្រក​ទ្វារ​ថ្មី​របស់​ប្រទេស​កម្ពុជា ឆ្ពោះ​ទៅ​កាន់​ពិភពលោក ក្នុង​ការ​បោះ​ជំហាន​ដ៏​សំខាន់​មួយ​សម្រាប់​វិស័យ​អាកាសចរណ៍ និង​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ទៅ​ថ្ងៃ​អនាគត។

គេ​រំពឹង​ថា អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ នឹង​ទទួល​អ្នក​ដំណើរ​ពី ១៣ ទៅ ១៥​លាន​នាក់ និង​ទំនិញ ១៧៥០០០​តោន​ក្នុង​មួយ​ឆ្នាំ។ ដល់​ឆ្នាំ​២០៣០ ទទួល​ទេសចរ ៣០​លាន​នាក់ ហើយ​ឆ្នាំ​២០៥០ ទទួល ៥០​លាន​នាក់។

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៩ កញ្ញា នេះ​ថា អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​ចូល​ខ្លួន​មក​ជំនួស​មុខនាទី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​ក្លាយ​ជា​មជ្ឈមណ្ឌល​អាកាសចរណ៍​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

លោក ហ៊ុន សែន លើកឡើង​ថា វិស័យ​អាកាសចរណ៍ គឺជា​មធ្យោបាយ​ធ្វើ​ដំណើរ​ដឹកជញ្ជូន​មួយ​ក្នុង​ចំណោម​មធ្យោបាយ​ជាច្រើន​ដែល​អាច​ភ្ជាប់​ទំនាក់ទំនង​របស់​អ្នក​ទេសចរ ធុរកិច្ច នយោបាយ និង​បេសកកម្ម​ពហុ​បំណង និង​ជា​ប្រភព​សេដ្ឋកិច្ច​យ៉ាង​សំខាន់​សម្រាប់​ប្រទេស ជាពិសេស​ឈរ​លើ​គោលនយោបាយ​យ៉ាង​ជាក់លាក់​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ ទំនាក់ទំនង​ការទូត និង​គោលដៅ​ផ្សេងៗ​រាប់​មិន​អស់។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​បញ្ជាក់​ថា ក្នុង​ន័យ​នេះ កម្ពុជា​ក៏​បាន​ពង្រឹង និង​ពង្រីក​ខ្លួន​យ៉ាង​សកម្ម​ក្នុង​ការ​កសាង​អាកាសយានដ្ឋាន​កម្រិត​អន្តរជាតិ​ដែរ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​បម្រើ​ដល់​សេចក្តី​ត្រូវការ កំណើន​នៃ​ការ​ធ្វើ​ដំណើរ ការ​តភ្ជាប់​ទំនាក់ទំនង​យ៉ាង​សកម្ម​របស់​អ្នក​ដំណើរ ជាពិសេស​ការ​តម្រង់​គោលដៅ​មក​កាន់​កម្ពុជា​តែម្តង។

អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៥ នេះ ក្នុង​នោះ​ក្រុមហ៊ុន​អាកាសចរណ៍ Air Cambodia និង​ក្រុមហ៊ុន Singapore Airline គឺជា​ជើងហោះហើរ​ដែល​បាន​ចុះចត​ដំបូង​គេ​នៅ​ថ្ងៃ​ប្រតិបត្តិការ​ដំបូង​នេះ។

អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ត្រូវ​បាន​សាងសង់​លើ​ផ្ទៃដី​ប្រមាណ ២៦០០​ហិកតា ក្រោម​ទំហំ​ទឹកប្រាក់ ១,៥​ពាន់​លាន​ដុល្លារ​អាមេរិក ស្ថិត​នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល និង​ផ្នែក​ខ្លះ​នៃ​ស្រុក​បាទី ខេត្ត​តាកែវ ដែល​ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ និង​មាន​ចម្ងាយ​ប្រមាណ ២០​គីឡូម៉ែត្រ​ពី​កណ្ដាល​រាជធានី​ភ្នំពេញ។

អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ ត្រូវ​បាន​ចាត់​ថ្នាក់​ជា​អាកាសយានដ្ឋាន​លំដាប់ 4F ដែល​ជា​កម្រិត​ខ្ពស់​បំផុត​នៅ​ក្នុង​វិស័យ​អាកាសចរណ៍​អន្តរជាតិ ដែល​អាច​ទទួល​យន្តហោះ​គ្រប់​ប្រភេទ រួម​ទាំង​យន្តហោះ​ខ្នាត​យក្ស​ផង​ដែរ ដូចជា Airbus A380 និង Boeing 747 ជាដើម និង​មាន​សមត្ថភាព​អាច​ទទួល​អ្នក​ដំណើរ​បាន​រហូត​ដល់ ១៣​លាន​នាក់​ក្នុង ១​ឆ្នាំ រួម​ទាំង​អាច​ផ្ទុក​ទំនិញ​បាន​រហូត​ដល់ ២៦០០០​តោន​ថែមទៀត។ អាកាសយានដ្ឋាន​ទំនើប​នេះ មាន​ផ្លូវ​ឡើង​ចុះ​បី ប្រវែង ៤​ពាន់​ម៉ែត្រ តម្រង់​ទិស​ផ្ទុយ​គ្នា ៥០ និង ២៣​អង្សា​លើ​ផែនទី។

អាកាសយានដ្ឋាន​នេះ​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Overseas Cambodia Investment Corporation (OCIC) ដែល​ជា​កម្មសិទ្ធិ​របស់​ឧកញ៉ា ពុង ឃាវសែ ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ ទោះជា​ក្រុមហ៊ុន​នេះ​មាន​ភាគហ៊ុន ៥១% ធនាគារ​អភិវឌ្ឍន៍​ចិន មាន​ភាគហ៊ុន ៤៩% ក្តី ប៉ុន្តែ​ចិន មាន​សិទ្ធិ​កាន់កាប់​យ៉ាងតិច ៥០​ឆ្នាំ តាម​ទម្រង់​សាងសង់ គ្រប់គ្រង​ប្រតិបត្តិការ និង​ផ្ទេរ​ដៃ (BOT) ពីព្រោះ​ចិន ប្រើ​ទុន​ប្រមាណ ១១០០​លាន​ដុល្លារ​ពី​គម្រោង​គំនិត​ផ្តើម​ខ្សែក្រវាត់ និង​ថ្នល់ (BRI)។ ចំពោះ​ភាគហ៊ុន​រវាង​ក្រុមហ៊ុន​ឧកញ៉ា ពុង ឃាវសែ និង​រាជរដ្ឋាភិបាល​វិញ ដែល​តំណាង​ដោយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល គឺ OCIC មាន ៩០% រដ្ឋ​មាន ១០%។ ម្ចាស់​ហ៊ុន​ដាក់​ទុន​ជាមួយ​ក្រុមហ៊ុន OCIC ក្នុង​ក្រុមហ៊ុន​វិនិយោគទុន​សំណង់​អាកាសយានដ្ឋាន​កម្ពុជា CAIC រួម​គ្នា joint venture ទាំង​ក្រុង​ស្រុក ទាំង​ក្រៅ​ស្រុក ក្នុង​ទឹកប្រាក់ ៤៤៤​លាន​ដុល្លារ មាន​ធនាគារ FTB ១០​លាន​ដុល្លារ; ធនាគារ​ហត្ថា ១៥​លាន​ដុល្លារ; ធនាគារ Prince ១៥​លាន​ដុល្លារ; មីក្រូហិរញ្ញវត្ថុ AMK ១​លាន​ដុល្លារ; ធនាគារ Cathay United Bank, First Commercial Bank, Mega International Commercial Bank, Taiwan Cooperative Bank, and Union Commercial Bank ដាក់​ទុន ២៣​លាន​ដុល្លារ។

រីឯ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ថៃ PTT ដាក់​ទុន ១០០​លាន​ដុល្លារ សង់​ឃ្លាំង​ស្តុក​ប្រេងសាំង​យន្តហោះ។ ចំណែកឯ​ក្រុម​វិស្វកម្ម​សំណង់ គ្រប់គ្រង ចាត់ចែង​ខាង​បច្ចេកទេស លក់ដូរ​វត្ថុ​អនុស្សាវរីយ៍ ម្ហូបអាហារ​ប្រមាណ​ជាង ១០​ក្រុមហ៊ុន សុទ្ធតែ​បរទេស​ទាំងអស់ មាន​តាំងពី​ចិន កូរ៉េខាងត្បូង សិង្ហបុរី អង់គ្លេស និង​បារាំង។ ក្រុមហ៊ុន​វិនិយោគទុន​សំណង់​អាកាសយានដ្ឋាន​កម្ពុជា CAIC រក​ទុន​តាមរយៈ​ការ​ចេញ​លក់​បណ្ណ​បំណុល ហៅថា ឥណទេយ្យ​បណ្ណ bond ដោយ​ធានា​ឲ្យ​ការប្រាក់ ៥,៥% ក្នុង​មួយ​ឆ្នាំ​ក្នុង​រយៈពេល​បី​ឆ្នាំ ហើយ​ធានារ៉ាប់រង​ដោយ​ក្រុមហ៊ុន OCIC របស់​ឧកញ៉ា ពុង ឃាវសែ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៥ ថ្លែង​ក្នុង​ពេល​ដែល​លោក​អញ្ជើញ​ជា​អធិបតីភាព​នៃ​ថ្ងៃ​ខួប ៨០​ឆ្នាំ​ថ្ងៃ​កំណើត​នគរបាល​ជាតិ​កម្ពុជា នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា គ្មាន​ប្រែ​ក្លាយ​វាល​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ទៅ​ជា​កន្លែង​ឯកជន​ណា​ទេ គឺ​ទុក​ជា​ទ្រព្យ​របស់​រដ្ឋ និង​ប្រើប្រាស់​ជា​សាធារណៈ ឬ​បម្រុង​ទុក​កន្លែង​នេះ​ទៅ​ជា​កន្លែង​សម្រាប់​ចុះចត​ព្រលាន​យន្តហោះ​កម្រិត​ណា​មួយ។

តាម​ព័ត៌មាន​ពី​ប្រភព​ផ្សេងៗ​វិញ រដ្ឋាភិបាល​នឹង​បិទ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ឬ​វាល​យន្តហោះ​ពោធិ៍ចិនតុង ជា​ស្ថាពរ​ជា​អចិន្ត្រៃយ៍៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស