អតីតមេធាវីសាលាក្ដីខ្មែរក្រហម លើកឡើងថា មូលហេតុនៃភាពគឃ្លើនពីភាគីថៃ មកលើប្រទេសកម្ពុជា ជុំវិញការឈ្លានពានទឹកដី និងសង្គ្រាម ៥ថ្ងៃ គឺដោយសារមានការគាំទ្រពីចិន ព្រោះថាបើចិន ពិតជាមិត្តល្អដែកថែបចំពោះកម្ពុជា ដោយស្មោះត្រង់មែន ចិនគួរតែផ្អាកសមយុទ្ធជាមួយថៃ ក្នុងពេលនេះ។
អតីតមេធាវីសាលាក្ដីខ្មែរក្រហម លោក កង ឫទ្ធិគិរី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៩ កញ្ញា ថា បើចិន ជាមិត្តល្អរបស់កម្ពុជាមែន ពេលនេះទោះបីចិន មានផែនការធ្វើសមយុទ្ធកងទ័ពអាកាសជាមួយថៃ ពីមុនមកហើយក៏ដោយ ក៏ត្រូវតែផ្អាកសិនដែរ ដ្បិតកម្ពុជា ជាមិត្តគ្រប់ជ្រុងជ្រោយរបស់ចិន ដែលកំពុងតែរងគ្រោះដោយសារតែទ័ពអាកាសថៃ វាយប្រហារដើម្បីឈ្លានពានទឹកដីមិត្តដែកថែបរបស់ខ្លួន។
លោក កង ឫទ្ធិគិរី លើកឡើងថា សមយុទ្ធទ័ពអាកាសថៃ និងចិន ក្នុងពេលនេះ បង្ហាញឱ្យឃើញថា ចិនគាំទ្រថៃ មិនត្រឹមតែផលប្រយោជន៍សេដ្ឋកិច្ច និងយោធានោះទេ ប៉ុន្តែគឺដើម្បីគ្រប់គ្រងតំបន់អាស៊ានទាំងមូលតែម្តង ដែលនេះគឺជាមូលហេតុពិត ឬជាជំងឺលាក់ពុតរបស់ចិន ចំពោះប្រទេសកម្ពុជា ដែលកំពុងតែញាំញីសន្តិសុខរបស់កម្ពុជា នាពេលនេះ។
គួររំឭកថា មេដឹកនាំរាជរដ្ឋាភិបាលខ្មែរនៃគណបក្សប្រជាជនកម្ពុជា ទាំងលោក ហ៊ុន សែន ជាឪពុក ទាំងលោក ហ៊ុន ម៉ាណែត ជាកូន សុទ្ធតែនិយាយថា រស់ដោយដង្ហើមខ្លួនឯង កុំរស់ដកដង្ហើមនឹងគេ។
អតីតមេធាវីសាលាក្ដីខ្មែរក្រហមរូបនេះ បញ្ជាក់ថា ពេលនេះ ថៃកំពុងរកវិធីគ្រប់បែបយ៉ាងទាញចិន ចេញពីកម្ពុជា ដ្បិតចិន ជាប្រភពអាវុធ និងជំនាញបច្ចេកវិទ្យាផ្គត់ផ្គង់កងទ័ពប្រទេសកម្ពុជា រហូតមក ដូច្នេះ ថ្ងៃអនាគត ខ្សែបន្ទាត់ព្រំដែនកម្ពុជាទាំងអស់អាចនឹងត្រូវគូរដោយឈាមយុទ្ធជនខ្មែរដែលប្រយុទ្ធជាមួយសត្រូវឈ្លានពានទឹកដីជាតិរបស់ខ្លួន។
កាលពីថ្ងៃទី១៥ ខែកញ្ញា សារព័ត៌មានរដ្ឋចិន ស៊ិនហួ (Xinhua) បានចុះផ្សាយថា ចិននិងថៃ បានកំណត់ពេលធ្វើសមយុទ្ធហ្វឹកហ្វឺនកងទ័ពដែនអាកាសរួមគ្នារហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៥ នេះ។
ប្រភពដដែល បញ្ជាក់ថា ចិននឹងបញ្ជូនយន្តហោះយោធាជាច្រើនប្រភេទ និងកងទ័ពការពារដែនអាកាសដើម្បីចូលរួមហ្វឹកហ្វឺនសមយុទ្ធនេះ ក្នុងនោះ ចិនក៏បានបញ្ជូនយន្តហោះ J10C ដែរ ដើម្បីសាកកម្លាំងយន្តហោះ Gripen ដែលថៃ បានទិញពីប្រទេសស៊ុយអែត ហើយក៏ជាយន្តហោះដែលថៃ បានប្រើវាយប្រហារលើប្រទេសកម្ពុជា ដែរ។
ជុំវិញបញ្ហានេះ អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម បណ្ឌិត មាស នី លើកឡើងកាលពីថ្ងៃពុធ ទី១៧ កញ្ញា ថា ឆ្នាំ២០២៥ នេះ ថៃបានចំណាយថវិកាជាតិប្រមាណ ៨៥០០លានដុល្លាសម្រាប់ធ្វើទំនើបកម្មយោធាដើម្បីការពារជាតិ ហើយក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងនេះ ថៃក៏បានទិញឧបករណ៍យោធាពីចិន ប្រមាណជា ៣០ ទៅ ៤០ភាគរយដែរ។
ឧទាហរណ៍ជាក់ស្តែងថ្មីមួយទៀត កាលពីថ្ងៃទី១៨ ខែកញ្ញា កាសែត The Nation បានចុះផ្សាយថា អគ្គមេបញ្ជាការនៃកងនាវាចរណ៍ថៃ លោក ជីរ៉ាភុល វង់វីត (Jirapol Wongwit) បានចុះហត្ថលេខាកែសម្រួលលើកិច្ចព្រមព្រៀងទិញនាវាមុជទឹកដែលថៃ បានចុះកុងត្រាទិញពីចិន ជាច្រើនឆ្នាំមកហើយនោះ។ ប្រភពដដែលបញ្ជាក់ថា ចិនបានសន្យាបណ្តុះបណ្តាលនាវិកសម្រាប់នាវាមុជទឹក និងការថែទាំ រួមទាំងការផ្ទេរបច្ចេកវិទ្យាផងដែរ ដើម្បីប្រតិបត្តិការវាប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព បន្ទាប់ពីថៃ បានបង់លុយប្រមាណជា ៦០% ក្នុងតម្លៃសរុប ៣៩០លានដុល្លារអាមេរិករួចមក។
ទាក់ទិននឹងបញ្ហានេះ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងកាលពីពេលថ្មីៗនេះថា មិត្តភាពដែកថែបរវាងកម្ពុជា និងចិន មិនមែនជាមិត្តចងដៃចងជើងមិនឱ្យពង្រឹងទំនាក់ទំនងជាមួយប្រទេសដទៃនោះទេ ត្បិតទំនាក់ទំនងអន្តរជាតិ គ្មានមិត្ត គ្មានសត្រូវឡើយ គឺមានតែផលប្រយោជន៍ប៉ុណ្ណោះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

