28.2 C
Phnom Penh

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ស្នើសុំ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត អនុញ្ញាត​ឱ្យ​គាត់​ចូល​បម្រើ​កងទ័ព​ជួរមុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​គ្រួសារ​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ស្នើសុំ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អនុញ្ញាត​ឱ្យ​លោក ហេង សិទ្ធី នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន និង​អនុញ្ញាត​ឱ្យ​គាត់​ចូល​បម្រើ​កងទ័ព​ជួរមុខ​ដើម្បី​ការពារ​ជាតិ​មាតុភូមិ។

ក្រុម​គ្រួសារ​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន នៅ​ថ្ងៃទី​២៥ កញ្ញា ថា លោក ហេង សិទ្ធី បាន​ស្នើសុំ​រាជរដ្ឋាភិបាល​ចូល​បម្រើ​កងទ័ព​ជួរមុខ​ដោយ​ស្ម័គ្រចិត្ត ក្នុង​បំណង​យក​ចំណេះ​ជំនាញ​ដែល​ខ្លួន​មាន​ខាង​វិស័យ​យោធា មក​បម្រើ​ជាតិ​ពេល​គ្រាអាសន្ន ក្នុង​នាម​រូបលោក​មាន​ឈាមជ័រ​ខ្មែរ​មួយ​រូប។

ប្រភព​ដដែល​អះអាង​ថា លោក ហេង សិទ្ធី បាន​ស្នើ​ទៅ​កាន់​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួង​យុត្តិធម៌ សុំ​អនុញ្ញាត​ឲ្យ​លោក​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន និង​ដើម្បី​បាន​ចូលរួម​បម្រើ​កងទ័ព បម្រើ​ជាតិ​ការពារ​ទឹកដី​ពី​សត្រូវ​ឈ្លានពាន​ដែល​កំពុង​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​កម្ពុជា ក្នុង​ពេលនេះ ព្រោះ​កិច្ចការ​ការពារ​ជាតិ គឺជា​ឧត្ដមគតិ​ដែល​គាត់​មាន​រហូត​មក ហើយ​លោក ហេង សិទ្ធី ក៏​នឹង​មិន​គេចវេះ​ពី​ការ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ដែរ។

អតីត​អ្នកឧកញ៉ា​រូប​នេះ​បញ្ជាក់​ថា ការ​រក​យុត្តិធម៌​ចំពោះ​រូបលោក​ពុំ​មែន​ជា​រឿង​ដែល​ត្រូវ​ខ្វល់ខ្វាយ​នោះ​ទេ ព្រោះ​លោក​ជឿជាក់​លើ​រដ្ឋាភិបាល​ទាំងស្រុង ដ្បិត​ការ​លើកឡើង​របស់​លោក​កន្លង​មក រដ្ឋាភិបាល​បាន​ចាត់​វិធានការ​បាន​យ៉ាង​ល្អ​បំផុត​ជាបន្តបន្ទាប់។

លោក ហេង សិទ្ធី អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ គាំទ្រ​ជួយ​ជ្រោមជ្រែង​រដ្ឋាភិបាល​យក​ឈ្នះ​សត្រូវ ទាំង​ផ្នែក​ការទូត និង​យោធា ខណៈ​រូបលោក​ក៏​មាន​បំណង​ចង់​ចូលរួម​ការពារ​ទឹកដី​ដើម្បី​សន្តិភាព​ដែល​បាន​មកពី​ការ​លះបង់​របស់​ប្រមុខ​ដឹកនាំ​កម្ពុជា ដូច​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដែរ។

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ត្រូវ​បាន​ប៉ូលិស​អន្តរជាតិ អាំងទែប៉ូល (INTERPOL) ចាប់​បញ្ជូន​ខ្លួន​ពី​ប្រទេស​រុស្ស៊ី ទៅ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៥ ក្រោម​ការ​ធ្វើ​បត្យាប័ន​រវាង​រដ្ឋាភិបាល​ទាំង​ពីរ បន្ទាប់ពី​ត្រូវ​បាន​តុលាការ​កម្ពុជា ចោទប្រកាន់​ពី​បទ «គំរាមកំហែង​ហែក​កេរ្តិ៍​មាន​ស្ថាន​ទម្ងន់​ទោស» តាម​បញ្ញត្តិ​មាត្រា​៣៧២ និង​មាត្រា​៣៧៤ នៃ​ក្រមព្រហ្មទណ្ឌ។

គេ​កត់សម្គាល់​ឃើញ​ថា ចាប់តាំងពី​ចុង​ឆ្នាំ​២០២៤ មក លោក ហេង សិទ្ធី បាន​ទម្លាយ​រឿងអាស្រូវ​របស់​អ្នក​មាន​អំណាច អ្នក​មាន​លុយ មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា ពី​ម្នាក់​ទៅ​ម្នាក់​ជា​ហូរហែ​លើ​បណ្ដាញ​សង្គម ដូចជា រឿង​ពុករលួយ និង​រឿង​បើក​ដៃ​ឱ្យ​មាន​ល្បែងស៊ីសង ជាដើម។

យ៉ាងណាក៏ដោយ អ្នក​ដែល​ត្រូវ​លោក ហេង សិទ្ធី ចោទប្រកាន់ បាន​ចេញ​មក​បដិសេធ​ជាបន្តបន្ទាប់ និង​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ រហូត​ចៅក្រម​ស៊ើបសួរ​សម្រេច​ចោទប្រកាន់​លោក ហេង សិទ្ធី តាម​ផ្លូវ​ច្បាប់ និង​បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០២៤ តែម្តង។

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ធ្លាប់​មាន​តួនាទី​អគ្គនាយក​ក្រុមហ៊ុន Maritime Group និង​ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ​ផ្តល់​គោរមងារ​ជា​ឧកញ៉ា កាលពី​អំឡុង​ឆ្នាំ​២០១៤ និង​ត្រូវ​បាន​ផ្តល់​គោរមងារ​ជា​អ្នកឧកញ៉ា​មួយ​កម្រិត​ទៀត​នៅ​ចុង​ខែ​មករា ឆ្នាំ​២០២១ បន្ទាប់ពី​លោក​បាន​ចូលរួម​កិច្ចការ​មនុស្សធម៌​ជាច្រើន ក្នុង​នោះ លោក​ធ្លាប់​បរិច្ចាគ​លុយ​ជាច្រើន​ដល់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន និង​កាកបាទ​ក្រហម​កម្ពុជា​របស់​អ្នកស្រី ប៊ុន រ៉ានី ផង​ដែរ។

ជាក់ស្តែង អតីត​អ្នកឧកញ៉ា​រូប​នេះ​ធ្លាប់​បរិច្ចាគ​ថវិកា ១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដល់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការ​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ នៅ​ឆ្នាំ​២០២០ ជាដើម៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស