29.5 C
Phnom Penh

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ថា​មេ​ឧក្រិដ្ឋជន​អនឡាញ​មួយ​ភាគ​ធំ​ជា​ជនជាតិ​ថៃ​សម្ងំ​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ព្រមាន​ប្រទេស​ថៃ កុំ​លាប​ពណ៌​មក​លើ​ប្រទេស​កម្ពុជា ទាក់ទង​នឹង​បញ្ហា​ឧក្រិដ្ឋកម្ម​អនឡាញ ពីព្រោះ​មេ​ឧក្រិដ្ឋជន​អនឡាញ​មួយ​ភាគ​ធំ គឺជា​ជនជាតិ​ថៃ ដែល​បាន​មក​សម្ងំ​លួចលាក់​បើក​ដំណើរការ​នៅ​ប្រទេស​កម្ពុជា ធ្វើ​ឲ្យ​អន្តរជាតិ​យល់​ច្រឡំ​ថា​កម្ពុជា​ជា​ទីតាំង​លាក់​ឧក្រិដ្ឋជន​អនឡាញ ខណៈ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​បាន​យ៉ាង​ល្អ​បំផុត។

លោក ហេង សិទ្ធី បាន​បញ្ជាក់​តាមរយៈ​ក្រុម​គ្រួសារ​របស់​លោក​មក​កាន់​សារព័ត៌មាន​អាមេរិក The Cambodia daily ថា លោក​សូម​ឱ្យ​ប្រទេស​ថៃ មាន​ភាព​ថ្លៃថ្នូរ​បន្តិច​កុំ​លាប​ពណ៌​មក​លើ​ប្រទេស​កម្ពុជា ពាក់ព័ន្ធ​នឹង​បញ្ហា​អនឡាញ ព្រោះ​មេ​ឧក្រិដ្ឋជន​អនឡាញ​ទាំងនោះ​មួយ​ភាគ​ធំ គឺជា​ជនជាតិ​ថៃ។

ប្រភព​ដដែល​បាន​អះអាង​ថា ការ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​អនឡាញ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​បាន​ល្អ​បំផុត ដើម្បី​កុំ​ឲ្យ​អន្តរជាតិ​យល់​ច្រឡំ ជាពិសេស​ថៃ បាន​ចោទប្រកាន់​មក​លើ​កម្ពុជា​ថា​ជា​ទីតាំង​លាក់​ឧក្រិដ្ឋជន​អនឡាញ ខណៈ​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ លោក​សង្កេត​ឃើញ​ថា​មាន​មេខ្លោង​ឧក្រិដ្ឋកម្ម​អនឡាញ​ដែល​ជា​ជនជាតិ​ថៃ បាន​មក​សម្ងំ​លួចលាក់​បើក​ដំណើរការ​នៅ​ប្រទេស​កម្ពុជា។

ក្រុម​គ្រួសារ​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី បាន​អះអាង​ថា ឧក្រិដ្ឋកម្ម​អនឡាញ​ពិបាក​នឹង​កំណត់​ទីតាំង ពីព្រោះ​ពួកគេ​អាច​ប្រើ​មធ្យោបាយ​ពង្រាយ​បុគ្គលិក​ដោយ​មិន​ប្រមូលផ្ដុំ ហើយ​ប្រើ​ប្រព័ន្ធ​ម៉ាឌឺប៊ត ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​ទាំងមូល។ គ្រួសារ​លោក ហេង សិទ្ធី អះអាង​ទៀត​ថា លោក ហេង សិទ្ធី សំណូមពរ​ឱ្យ​ក្រសួង​មហាផ្ទៃ ចាត់​វិធានការ​ម៉ឺងម៉ាត់​បំផុត និង​កំណត់​មុខសញ្ញា​ឱ្យ​មាន​ប្រសិទ្ធភាព ហើយ​ត្រូវ​ធ្វើ​ដូច​ភ្លៀង​រលឹម។

លោក ហេង សិទ្ធី អះអាង​ថា បើ​ដេក​ដក​ដង្ហើម​ចោល​ដដែល លោក​ស្ម័គ្រចិត្ត​ចូល​បម្រើ​កងទ័ព​ដើម្បី​ការពារ​ប្រទេស​តាម​ច្បាប់​កងទ័ព ប្រសិនបើ​ធ្វើ​ខុស​អាច​បាញ់​លោក​ចោល​ភ្លាមៗ​នៅ​នឹង​កន្លែង​ក៏​បាន។ លោក​អះអាង​ថា លោក​ចង់​រួម​ចំណែក​កសាង​ជាតិ ដើម្បី​ជា​ការ​ដឹងគុណ​ចំពោះ​សន្តិភាព។

លោក​អះអាង​ថា លោក​ជា​ជនជាតិ​ខ្មែរ​មាន​ឈាមជ័រ​ជា​ខ្មែរ ពេលនេះ​លោក​នៅ​ប្រទេស​ខ្មែរ លោក​មិន​ដែល​រត់​ទៅ​ណា​ទេ បើសិនជា​លោក​មាន​បំណង​ចង់​រត់​មែន នោះ​សមត្ថភាព និង​ប្រាជ្ញា​របស់​លោក ប្រហែលជា​ទៅ​ដេក​សោយសុខ​នៅ​ប្រទេស​អង់គ្លេស អាមេរិក ឬ​បារាំង បាត់​ទៅ​ហើយ។

លោក​សូម​ប្រកាស​ឲ្យ​សាធារណជន​មេត្តា​ជ្រាប​ថា លោក​ជា​ខ្មែរ មាន​ឬ​ក្រ​មិន​សំខាន់ ទស្សនៈ​ខុស​គ្នា​មិន​សំខាន់ សំខាន់​បំផុត​គឺ​ពេល​ប្រទេស​ជាតិ​កំពុង​ជួប​បញ្ហា​នៃ​ការ​ឈ្លានពាន​ពី​បរទេស គឺ​ត្រូវតែ​ចេះ​រួបរួម​គ្នា មិន​មែន​សម្ងំ​នៅ​ក្រៅ​ប្រទេស ហើយ​មក​វាយប្រហារ​ប្រទេស​ខ្លួនឯង​នោះ​ទេ។

លោក ហេង សិទ្ធី អះអាង​ថា លោក​គាំទ្រ​រដ្ឋាភិបាល​ដោះស្រាយ​តាមរយៈ​នយោបាយ​ការទូត ដើម្បី​រក្សា​សន្តិសុខ និង​សន្តិភាព​ស្ថិរភាព​សង្គម តែ​បើ​គ្មាន​ជម្រើស ឬ​ក៏​មាន​ការ​ឈ្លានពាន​ទ្រង់ទ្រាយ​ធំ​ណា​មួយ​នោះ លោក​ជឿជាក់​ថា​រដ្ឋាភិបាល​ក៏​មិន​ឱ្យ​សត្រូវ​ហោះ​រំលង​បាន​ដែរ។

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ត្រូវ​បាន​ប៉ូលិស​អន្តរជាតិ​អាំងទែប៉ូល (INTERPOL) ចាប់​បញ្ជូន​ខ្លួន​ពី​ប្រទេស​រុស្ស៊ី ទៅ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៥ ក្រោម​ការ​ធ្វើ​បត្យាប័ន​រវាង​រដ្ឋាភិបាល​ទាំង​ពីរ បន្ទាប់ពី​ត្រូវ​បាន​តុលាការ​កម្ពុជា ចោទប្រកាន់​ពី​បទ «គំរាមកំហែង​ហែក​កេរ្តិ៍​ដែល​មាន​ស្ថាន​ទម្ងន់​ទោស» តាម​បញ្ញត្តិ​មាត្រា​៣៧២ និង​មាត្រា​៣៧៤ នៃ​ក្រមព្រហ្មទណ្ឌ។

គេ​កត់សម្គាល់​ឃើញ​ថា ចាប់តាំងពី​ចុង​ឆ្នាំ​២០២៤ មក លោក ហេង សិទ្ធី បាន​ទម្លាយ​រឿងអាស្រូវ​របស់​អ្នក​មាន​អំណាច អ្នក​មាន​លុយ មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា ពី​ម្នាក់​ទៅ​ម្នាក់​ជា​ហូរហែ​លើ​បណ្ដាញ​សង្គម ដូចជា រឿង​ពុករលួយ និង​រឿង​បើក​ដៃ​ឱ្យ​មាន​ល្បែងស៊ីសង ជាដើម។

គណៈកម្មការ​ត្រួតពិនិត្យ​សេដ្ឋកិច្ច និង​សន្តិសុខ​សហរដ្ឋ​អាម៉េរិក-ចិន (The U.S.-China Economic and Security Review Commission – USCC) បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៨ ខែ​កក្កដា ថា ប្រតិបត្តិការ​បោកប្រាស់​នៅ​កម្ពុជា កំពុង​ផ្ទុះ​ឡើង​គួរ​ឱ្យ​កត់សម្គាល់ ខណៈ​យុទ្ធនាការ​បង្ក្រាប​អំពើ​បោកប្រាស់​ទាំងនោះ​ម្តងម្កាល គឺ​ដើម្បី​កាត់បន្ថយ​សម្ពាធ​អន្តរជាតិ​ប៉ុណ្ណោះ។

កម្ពុជា ឡាវ ថៃ និង​ភូមា ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជា​ចំណុច​កណ្ដាល​នៃ​មជ្ឈមណ្ឌល​បោកប្រាស់ ក្នុង​នោះ តារា​សម្ដែង​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Wang Xing ក៏​ត្រូវ​បាន​ឃើញ​ថា​ត្រូវ​គេ​ចាប់​ពង្រត់​នៅ​ក្នុង​ប្រទេស​ថៃ និង​ជួញដូរ​ចូល​ទៅ​ក្នុង​មជ្ឈមណ្ឌល​បោកប្រាស់​មួយ​នៅ​ក្នុង​ប្រទេស​ភូមា កាលពី​ពេល​ថ្មីៗ​នេះ​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស