ជ័យជម្នះរបស់គណបក្សស្និទ្ធនឹងអឺរ៉ុប នៃប្រទេសម៉ុលដាវី នៅក្នុងការបោះឆ្នោតសភា កាលពីថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ដោយឈ្នះគណបក្សលម្អៀងរុស្ស៊ី បង្ហាញថាប្រជាជននៃអតីតរដ្ឋសូវៀត នៅអឺរ៉ុបខាងកើតមួយនេះ មិនសម្រេចឱ្យប្រទេសរបស់ពួកគេស្ថិតក្រោមឥទ្ធិពលរុស្ស៊ី នោះឡើយ។
នៅក្នុងការបោះឆ្នោតនេះ គណបក្សសកម្មភាព និងសាមគ្គីភាព (PAS) ដែលកំពុងកាន់អំណាចនៅប្រទេសម៉ុលដាវី ទទួលបានជោគជ័យក្នុងការបន្តកាន់អំណាច ដោយឈ្នះសំឡេងគាំទ្រជាង ៥០% ឬប្រហែល ៥៥អាសនៈ ក្នុងចំណោមអាសនៈសរុប ១០១សំឡេងនៅក្នុងសភា។
លទ្ធផលនេះធានាថា ប្រទេសម៉ុលដាវី នឹងបន្តដំណើរលើផ្លូវជាមួយអឺរ៉ុប ដូចដែលគោលនយោបាយរបស់គណបក្សសកម្មភាព និងសាមគ្គីភាព បានអនុម័ត។
ជោគជ័យនេះក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលមួយចំនួន ដោយសារប្រទេសនេះត្រូវបានរុស្ស៊ី លូកដៃមកប៉ះពាល់ និងញាំញីជាយូរមកហើយ ជាពិសេសមុនការបោះឆ្នោតសភានៅថ្ងៃទី២៨ ខែកញ្ញា ដែលរុស្ស៊ី បង្កើនសម្ពាធខ្លាំងទៅលើឆន្ទៈរបស់ប្រជាជនម៉ុលដាវី ដោយម៉ាស៊ីនឃោសនារបស់រុស្ស៊ី ផ្ដើមវាយប្រហារខ្លាំងដើម្បីឱ្យប្រជាជនម៉ុលដាវី បោះឆ្នោតចូលហិបឆ្នោតរបស់គណបក្សដែលមាននិន្នាការខ្លាំងទៅរករុស្ស៊ី។
បន្ទាប់ពីការគ្រប់គ្រងរយៈពេល ៤ឆ្នាំ ក្រោមការដឹកនាំរបស់អ្នកស្រីប្រធានាធិបតី Maia Sandu គណបក្សសកម្មភាព និងសាមគ្គីភាព នៅតែអាចរក្សាបានសំឡេងឆ្នោតភាគច្រើន ទោះបីជាប្រទេសមួយនេះកំពុងប្រឈមមុខនឹងវិបត្តិថាមពល កំណើនអតិផរណាដល់ទៅ ៣៥% និងសង្គ្រាមអ៊ុយក្រែន ដែលកើតឡើងនៅជាប់ព្រំដែនក៏ដោយ។
លទ្ធផលនេះក្លាយជាសញ្ញាដ៏សំខាន់មួយថា ម៉ុលដាវី កំពុងបន្តជ្រើសរើសផ្លូវប្រកាន់ខ្ជាប់ទៅកាន់អឺរ៉ុប និងបន្តការទប់ស្កាត់ឥទ្ធិពលរបស់រុស្ស៊ី។
បើទោះបីជាមានសម្ពាធ និងការមិនសប្បាយចិត្តជាសាធារណៈចំពោះរដ្ឋាភិបាលក៏ដោយ ជម្រើសចុងក្រោយសម្រាប់អ្នកបោះឆ្នោតម៉ុលដាវី បានក្លាយជារឿងសាមញ្ញ និងបង្ហាញយ៉ាងច្បាស់ក្នុងការបន្តផ្លូវសមាហរណកម្មម៉ុលដាវី នៅក្នុងសហភាពអឺរ៉ុប។
ប្រទេសប៉ូឡូញ អាល្លឺម៉ង់ និងបារាំង បានចេញសេចក្ដីថ្លែងការណ៍រួមភ្លាមៗអបអរសាទរជ័យជម្នះរបស់គណបក្សសកម្មភាព និងសាមគ្គីភាព របស់អ្នកស្រីប្រធានាធិបតី Maia Sandu។
សេចក្ដីថ្លែងការណ៍រួមនៃប្រទេសទាំងបីនេះ បានហៅជ័យជម្នះរបស់គណបក្សកំពុងកាន់អំណាចនៅម៉ុលដាវី ជាការបង្ហាញថា រុស្ស៊ីគ្មានឥទ្ធិពលទៅលើប្រជាជនម៉ុលដាវី ហើយក៏មិនអាចទាញប្រទេសអតីតរដ្ឋសូវៀត មួយនេះ ឱ្យទៅនៅជាមួយខ្លួនបានទៀតឡើយ។
ថ្លែងទៅកាន់ប្រជាជនម៉ុលដាវី និងអ្នកស្រី Maia Sandu ប្រធានាធិបតីម៉ុលដាវី នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានសរសេរលើបណ្ដាញសង្គម X ថា អ្នកស្រី Maia Sandu បានបញ្ឈប់រុស្ស៊ី ក្នុងការប៉ុនប៉ងកាន់កាប់តំបន់អឺរ៉ុបទាំងមូល ហើយថាមេរៀននេះល្អណាស់សម្រាប់អឺរ៉ុបទាំងអស់គ្នា។
លោកនាយករដ្ឋមន្ត្រីប៉ូឡូញ បន្តរៀបរាប់ថា មេរៀននេះបានជះលទ្ធផលល្អដល់ការគាំទ្រសេដ្ឋកិច្ចអឺរ៉ុបនៃកិច្ចសហប្រតិបត្តិការពិសេសជាមួយនឹងម៉ុលដាវី ក្នុងការទាញប្រយោជន៍រួមគ្នា។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ អឺរ៉ុប និងអាមេរិក បានផ្ដល់ឱ្យមូលនិធិទៅកាន់រដ្ឋាភិបាលរបស់ប្រធានាធិបតី Maia Sandu នៅពេលដែលប្រទេសអតីតរដ្ឋសហភាពសូវៀត មួយនេះ ប្រឈមនឹងការធ្វើបាតុកម្មករណីវិបត្តិថាមពល អតិផរណា និងការធ្លាក់ចុះសេដ្ឋកិច្ច។
នៅឆ្នាំ២០២៣ ទីភ្នាក់ងារជំនួយអភិវឌ្ឍន៍អាមេរិក USAID បានជួយប្រទេសនេះ ៣០០លានដុល្លារលើការធានាថាមពលក្នុងពេលដែលអាមេរិកក្រោមរដ្ឋការរបស់លោក ចូ បៃដិន ព្យាយាមទប់ទល់ឥទ្ធិពលរបស់រុស្ស៊ី និងជួយពង្រឹងគោលនយោបាយថាមពលរបស់ប្រទេសម៉ុលដាវី ដែលកាត់ផ្ដាច់ការប្រើប្រាស់ថាមពលរបស់រុស្ស៊ី។
យ៉ាងណា ក្រោយមក ពេលលោក ត្រាំ ចូលកាន់តំណែង លោកបានបង្កកជំនួយដែលត្រូវបន្ថែមទៅឱ្យម៉ុលដាវី ដោយទុកអឺរ៉ុបជាអ្នកចេញមុខរ៉ាប់រងជំនួសអាមេរិក។
ក្រោយពីលោក ត្រាំ សម្រេចលែងផ្ដល់ជំនួយឱ្យម៉ុលដាវី សហភាពអឺរ៉ុបបានសម្រេចលើកគម្រោងផ្ដល់ជំនួយដល់ទៅ ២ពាន់លានដុល្លារក្រោមមូលនិធិពិសេស ដើម្បីការពង្រឹងឯករាជភាពថាមពលសម្រាប់ប្រទេសម៉ុលដាវី។ ជំនួយនេះធ្លាក់មកចំពេលល្អ ព្រោះតែរដ្ឋាភិបាលរបស់ម៉ុលដាវី ដែលជាអ្នកគាំទ្រអឺរ៉ុប ហាក់ធ្លាក់សំឡេងគាំទ្រទៅកាន់ក្រុមប្រឆាំង ហើយមានការកើនឡើងភាពក្រីក្រ។
ការបោះឆ្នោតនៅម៉ុលដាវី ដែលយុវជនប្រទេសម៉ុលដាវី ចេញទៅបោះឆ្នោតមានអត្រាច្រើនជាងការបោះឆ្នោតអាណត្តិមុនៗ ជាការបង្ហាញច្បាស់ណាស់ថាយុវជនទាំងនោះសម្រេចទៅនៅជាមួយអឺរ៉ុប ហើយពិតជាចង់ឱ្យអឺរ៉ុបទាញយកម៉ុលដាវី ជាសមាជិករបស់ខ្លួនឱ្យបានឆាប់បំផុត។
ប្រទេសម៉ុលដាវី មានព្រំដែនជាប់នឹងអ៊ុយក្រែន។ ប្រទេសនេះមានប្រជាជនជិត ៣លាននាក់។ ម៉ុលដាវី បានបំបែកខ្លួនពីសូវៀត នៅឆ្នាំ១៩៩១។ ចំណែកតំបន់ Transnistria គឺជាដែនដីអបគមន៍នៃប្រទេសម៉ុលដាវី ជាដែនដីមួយក្រោមឥទ្ធិពលរបស់រុស្ស៊ី យ៉ាងខ្លាំង។
រុស្ស៊ី ព្យាយាមបញ្ជូនទ័ពថែមទៀតទៅតំបន់នេះផងដែរ ប៉ុន្តែរដ្ឋាភិបាលរបស់ប្រធានាធិបតី Maia Sandu ប្រឆាំងដាច់ខាត។ យ៉ាងណា នៅលើដែនដីអបគមន៍ Transnistria អាចមានកងទ័ពរុស្ស៊ី រួចទៅហើយ ប៉ុន្តែមិនអាចដឹងថាមានចំនួនប៉ុន្មានពាន់នាក់នោះទេ។ រុស្ស៊ី បានបញ្ជូនទ័ពចូលទៅតំបន់អបគមន៍ម៉ុលដាវី នៅមុនរុស្ស៊ី លើកទ័ពឈ្លានពានអ៊ុយក្រែន នៅខែកុម្ភៈ ឆ្នាំ២០២២។
ដោយបារម្ភខ្លាំងថាម៉ុលដាវី អាចធ្លាក់ក្នុងដៃសហព័ន្ធរុស្ស៊ី សហភាពអឺរ៉ុបបានដាក់ចេញផែនការទាញយកម៉ុលដាវី ជាសមាជិករបស់ខ្លួនឱ្យបានឆាប់បំផុត ឬយ៉ាងហោចណាស់នៅត្រឹមឆ្នាំ២០២៨៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

