រដ្ឋាភិបាលបារាំង បញ្ជាក់ថា គោលការណ៍ទាំងឡាយដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា នៅតែជាតម្លៃសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាព ចីរភាព ការគោរពសិទ្ធិ និងសេរីភាពជាមូលដ្ឋានដដែល។
ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី២៣ តុលា នេះថា កាលពី ៣៤ឆ្នាំមុន កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខាបង្កើតឡើងដើម្បីបិទបញ្ចប់ជម្លោះដែលកើតមានជាច្រើនឆ្នាំនៅកម្ពុជា និងបានបើកផ្លូវទៅកាន់ការវិលត្រឡប់មកវិញនៃសន្តិភាព និងការកសាងប្រទេសកម្ពុជា ឡើងវិញ។
ស្ថានទូតដដែលនេះ អះអាងថា ប្រទេសបារាំង ដែលបានធ្វើជាសហប្រធានក្នុងការនាំទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នៅតែប្រកាន់ខ្ជាប់យ៉ាងពេញលេញចំពោះមរតកនៃគោលការណ៍នានាក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាសព្វថ្ងៃនេះ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ (Paris Peace Accords) គឺជាកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយដើម្បីបញ្ចប់ជម្លោះនៅកម្ពុជា ក្នុងគោលបំណងឈានទៅរកការបង្រួបបង្រួមជាតិ ការគោរពសិទ្ធិមនុស្ស ការធានាឯករាជភាព ការពារបូរណភាពទឹកដី និងការការពារអធិបតេយ្យជាតិរបស់កម្ពុជា។
កិច្ចព្រមព្រៀងនេះ មានកិច្ចព្រមព្រៀងពីរ និងសេចក្តីថ្លែងការណ៍មួយ ក្នុងនោះ កិច្ចព្រមព្រៀងទី១ គឺស្តីអំពីការដោះស្រាយជម្លោះនៅកម្ពុជា ខណៈកិច្ចព្រមព្រៀងទី២ គឺស្តីអំពីការគោរពឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងអព្យាក្រឹត្យរបស់កម្ពុជា ដោយឡែកសេចក្តីថ្លែងការណ៍ គឺស្តីអំពីការកសាងកម្ពុជា ឡើងវិញ។
ជុំវិញបញ្ហានេះ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនជុំវិញខួបលើកទី៣៤ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ តុលា នេះថា ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្គ្រាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ គឺ ប៉ុល ពត។
លោក ហ៊ុន សែន បញ្ជាក់ថា រហូតដល់ចុងឆ្នាំ១៩៩៨ ក្រោយលេចចេញនូវនយោបាយឈ្នះឈ្នះរបស់លោក ទើបសង្គ្រាមស៊ីវិលនៅកម្ពុជា ត្រូវបានបញ្ចប់ទាំងស្រុង ដែលពលរដ្ឋខ្មែរទូទាំងប្រទេសបានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃនេះ។
ប៉ុន្តែក្រុមអ្នកសង្កេតការណ៍និយាយថា ប្រសិនបើគ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទេ នោះនយោបាយឈ្នះឈ្នះរបស់លោក ហ៊ុន សែន ក៏គ្មានរូបរាងដែរ។ ពួកគេនិយាយថា នយោបាយឈ្នះឈ្នះរបស់លោក ហ៊ុន សែន នេះហើយដែលកំពុងទាញទម្លាក់នាវាកម្ពុជា ឲ្យដាំក្បាលចូលបាតសមុទ្រកាន់តែជ្រៅទៅៗ តាមរយៈការដឹកនាំតាមបែបផ្ដាច់ការ ញាំញីទៅដោយអំពើពុករលួយជាប្រព័ន្ធ ការរំលោភអំណាច ការរំលោភសិទ្ធិមនុស្ស ការសម្លាប់គោលការណ៍ប្រជាធិបតេយ្យ ការបើកដៃឲ្យមានឧក្រិដ្ឋកម្មឆបោកតាមអនឡាញពេញផ្ទៃប្រទេស ការធ្វើឲ្យរបងព្រំដែនមានភាពរខិករខក់ និងការបណ្តែតបណ្តោយឲ្យសេដ្ឋកិច្ចរបស់ប្រទេសងើបមុខមិនរួច ជាដើម៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

