មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te នៅថ្ងៃសុក្រ ទី៣១ តុលា នេះ បានប្រកាសថា កោះតៃវ៉ាន់ មិនមានបំណងចង់គាំទ្រគំនិតរបស់ទីក្រុងប៉េកាំង នៅក្នុងគម្រោង «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» នោះទេ។
តាមបណ្ដាញផ្សាយព័ត៌មាន NBC News លោកប្រធានាធិបតី Lai Ching-te ប្ដេជ្ញាប្រឹងប្រែងថែរក្សាសេរីភាព ការពារអធិបតេយ្យ ព្រមទាំងលទ្ធិប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានចុះផ្សាយអត្ថបទជាបន្តបន្ទាប់ដោយលើកឡើងថា ប្រសិនបើតៃវ៉ាន់ យល់ព្រមទទួលយកការអះអាងអធិបតេយ្យរបស់ចិន ទីក្រុងប៉េកាំង នឹងអនុញ្ញាតឱ្យអនុវត្តគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» ដែលក្រុងប៉េកាំង កំពុងអនុវត្តទៅលើទីក្រុងហុងកុង និងទីក្រុងម៉ាកាវ។
ដោយឆ្លើយតបនឹងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិន ដូចនេះ លោក Lai Ching-te ប្រធានាធិបតីកោះតៃវ៉ាន់ បានថ្លែងប្រាប់កងទ័ពតៃវ៉ាន់ ថា មានតែភាពរឹងមាំប៉ុណ្ណោះដែលអាចនាំមកនូវសន្តិភាពពិតប្រាកដ។
លោក Lai Ching-te ដែលច្រានចោលគោលនយោបាយប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីររបស់លក្ខខណ្ឌចិន លោកបានបញ្ជាក់ថា តៃវ៉ាន់នឹងបន្តថែរក្សាការពារសិទ្ធិសេរីភាព និងប្រព័ន្ធរដ្ឋធម្មនុញ្ញបែបប្រជាធិបតេយ្យ ព្រោះថានៅតៃវ៉ាន់ ពុំមានគណបក្សនយោបាយធំៗណាមួយបានប្រកាសគាំទ្រគំនិត «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» នេះឡើយ។
ជាមួយគ្នានេះ លោក Lai Ching-te ថ្លែងបែបចំអកថា តៃវ៉ាន់និងចិន មិនមានមួយណាគួរចំណុះឱ្យមួយណានោះទេ។ ចំណែកឯអធិបតេយ្យជាតិតៃវ៉ាន់ ក៏មិនអាចត្រូវបាននរណាឈ្លានពានដាច់ខាត។
តាមការស្ទង់មតិរបស់ប្រព័ន្ធផ្សព្វផ្សាយកោះតៃវ៉ាន់ ប្រជាជនកោះតៃវ៉ាន់ ជាង ៧៥ភាគរយមិនយល់ស្របឱ្យរដ្ឋាភិបាលដាក់បញ្ចូលតៃវ៉ាន់ ក្រោមដំបូលរបស់បក្សកុម្មុយនីស្តក្រុងប៉េកាំង នោះទេ ព្រោះកោះតៃវ៉ាន់ ជាប្រព័ន្ធប្រជាធិបតេយ្យឯករាជ្យ មិនក្រោមការចង្អុលបង្គាប់ដូចទីក្រុងហុងកុង ឬទីក្រុងម៉ាកាវ នោះទេ។ ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ បានធ្លាក់នៅក្រោមដំបូលរបស់បក្សកុម្មុយនីស្តចិន នៅក្នុងឆ្នាំ១៩៩៧ និងឆ្នាំ១៩៩៩ ព្រោះតែអតីតអាណានិគមអង់គ្លេស បានប្រគល់ដែនដីពីរនេះទៅឱ្យទីក្រុងប៉េកាំង។
ប្រធានាធិបតី ស៊ី ជីនពីង និងសមភាគីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានរាយការណ៍ថា មិនបានលើកឡើងអំពីកោះតៃវ៉ាន់ នោះទេ។ លោក ត្រាំ និយាយថា ប្រាប់អ្នកសារព័ត៌មានថា ករណីតៃវ៉ាន់ មិនស្ថិតក្នុងគំនិតរបស់លោកចង់លើកឡើងនៅចំពោះលោក ស៊ី ជីនពីង នោះទេ។
ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលចិន បាននិយាយថា ចិនដាច់ខាតនឹងមិនបោះបង់ចោលនូវជម្រើសនៃការប្រើប្រាស់កម្លាំងជុំវិញការទាញកោះតៃវ៉ាន់ ធ្វើសមាហរណកម្មដែនដីរដ្ឋបាលនៃក្រុងប៉េកាំង នោះទេ។
លោក Peng Qingen អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ របស់រដ្ឋាភិបាលចិន បានលើកឡើងថា ការបង្រួបបង្រួមគ្នាដោយសន្តិវិធីជាមួយតៃវ៉ាន់ ក្នុងស្តង់ដា «ប្រទេសមួយ ប្រព័ន្ធពីរ» គឺជាជម្រើសដ៏ល្អ ដែលជាការជៀសវាងការប្រើកម្លាំងទ័ព។
តាមលោក Peng ក្រុងប៉េកាំង មានឆន្ទៈបង្កើតឱកាសគ្រប់គ្រាន់សម្រាប់ការបង្រួបបង្រួមដោយសន្តិវិធី ដែលកំពុងប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីសម្រេចគោលដៅនេះ តែដាច់ខាតនឹងមិនបោះបង់ចោលជម្រើសនៃការប្រើប្រាស់កម្លាំងទ័ពក្នុងចំណាត់ការចាំបាច់។
សូមរំឭកថា នៅលើកោះតៃវ៉ាន់ សព្វថ្ងៃនេះ មានប្រជាជនជាង ២៣លាននាក់។ របបដឹកនាំលើដែនដីកោះតៃវ៉ាន់ គឺការប្រកាន់តាមមាគ៌ាប្រជាធិបតេយ្យសេរីពហុបក្ស ដែលយកឆន្ទៈម្ចាស់ឆ្នោតជាអ្នកកំណត់គោលការណ៍ដឹកនាំរដ្ឋ។ កោះតៃវ៉ាន់ នៅតែប្រកាន់របបប្រជាធិបតេយ្យតាងនាមឱ្យសាធារណរដ្ឋចិន របស់អតីតប្រធានាធិបតី Chiang Kai-shek ដែលមានមកដល់សព្វថ្ងៃនេះ។
របបសាធារណរដ្ឋចិន បានចាញ់សង្គ្រាមស៊ីវិលនឹងកងទ័ពបដិវត្តន៍ចិន ខណៈរដ្ឋធានីប៉េកាំង បានធ្លាក់នៅក្រោមកងទ័ពនៃក្រុមកម្មាភិបាល ម៉ៅ សេទុង នៅក្នុងខែមករា ឆ្នាំ១៩៤៩។ ក្នុងឆ្នាំ១៩៤៩ នោះហើយដែលលោកប្រធានាធិបតីចាញ់សង្គ្រាម Chiang Kai-shek លើកគណៈរដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋទៅតាំងវិមានរដ្ឋាភិបាលនៅទីក្រុងតៃប៉ិះ មកទល់នឹងសព្វថ្ងៃនេះ។
របបនេះ បានបាត់របូតអាសនៈរបស់ខ្លួននៅអង្គការសហប្រជាជាតិនៅក្នុងឆ្នាំ១៩៧១ ហើយអាសនៈនេះបានធ្លាក់ទៅទីក្រុងប៉េកាំង តាមរយៈសេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិលេខ ២៧៥៨ ដែលអនុម័តទទួលស្គាល់របបប្រជាមានិតចិន ជារដ្ឋតំណាងពលរដ្ឋចិន នៅអង្គការសហប្រជាជាតិ ហើយតំណាងរបស់ចិន ក៏ក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរហូតទល់នឹងសព្វថ្ងៃ។ ចំពោះតៃវ៉ាន់ វិញ ពុំមានអាសនៈតំណាងរបស់ខ្លួននៅអង្គការសហប្រជាជាតិនោះទេ។
បច្ចុប្បន្ន ប្រទេសដែលនៅពីក្រោយរដ្ឋាភិបាលកោះតៃវ៉ាន់ និងការពាររបបប្រជាធិបតេយ្យកោះតៃវ៉ាន់ យ៉ាងខ្លាំង គឺសហរដ្ឋអាមេរិក។ គ្រប់រដ្ឋការ និងប្រធានាធិបតីសហរដ្ឋអាមេរិក នៅតែប្រកាន់ខ្ជាប់សន្ធិសញ្ញាយោធាជាមួយរបបសាធារណរដ្ឋចិនកោះតៃវ៉ាន់ តាំងពីឆ្នាំ១៩៧១ មក។ សហរដ្ឋអាមេរិក តែងតែប្រឆាំងដាច់ខាតមិនឱ្យទីក្រុងប៉េកាំង លើកទ័ពវាយកាន់កាប់ដែនដីកោះតៃវ៉ាន់។ ទីក្រុងវ៉ាស៊ីនតោន តែងតែអះអាងការធ្វើសមាហរណកម្មដែនកោះតៃវ៉ាន់ នៅក្រោមទីក្រុងប៉េកាំង វាអាស្រ័យលើឆន្ទៈរបស់ប្រជាជនកោះតៃវ៉ាន់ តែយ៉ាងណា ប្រជាជនតៃវ៉ាន់ និងប្រជាជនចិន ជាសាច់ឈាម និងអម្បូរជាតិសាសន៍តែមួយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

