32.1 C
Phnom Penh

ក្រសួង​មហាផ្ទៃ​កម្ពុជា ច្រានចោល​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន CNA ជុំវិញ​អំពើ​ឆបោក​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​មហាផ្ទៃ ចាត់ទុក​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន CNA ដែល​បាន​ផ្សាយ​ថា អំពើ​ឆបោក​នៅ​កម្ពុជា មិន​ទៅ​ណា​ឆ្ងាយ ដោយសារ​ប្រតិបត្តិការ​របស់​សមត្ថកិច្ច​បង្ក្រាប​បាន​តែ​បុគ្គល​តូចតាច​នោះ ថា​ជា​ការ​ផ្សាយ​មិន​ឆ្លុះបញ្ចាំង​ការពិត។

ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​មួយ​នៅ​ថ្ងៃទី​២៦ វិច្ឆិកា នេះ​ថា ប្រទេស​កម្ពុជា ប្រកាន់​គោលការណ៍​ប្រឆាំង​ដាច់ខាត​គ្រប់​ឧក្រិដ្ឋកម្ម​ឆ្លងដែន​តាំងតែ​ពី​ដើម​រៀង​មក ខណៈ​ប្រទេស​អភិវឌ្ឍន៍​នានា ក៏​កំពុង​ប្រឈម​ដោះស្រាយ និង​បង្ក្រាប​បទល្មើស​នេះ​ដូច​គ្នា​ដែរ ព្រោះ​ឧក្រិដ្ឋកម្ម​ឆ្លងដែន គឺជា​ឧក្រិដ្ឋកម្ម​ដែល​គ្មាន​ប្រទេស​ណា​តែឯង​អាច​មាន​លទ្ធភាព​លុបបំបាត់​បាន​ឡើយ។

ប្រភព​ដដែល លើកឡើង​ថា បច្ចុប្បន្ន​នេះ មិន​ត្រឹមតែ​កម្ពុជា​ទេ​ដែល​ជា​ប្រទេស​រងគ្រោះ​ដោយ​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ​ដែល​កំពុង​កើតមាន​ពាសពេញ​តំបន់ និង​សកលលោក សូម្បី​ប្រទេស​អភិវឌ្ឍន៍​ផ្សេង​ទៀត ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​នេះ​ដែរ។ ហេតុ​នេះ​ហើយ ទើប​កម្ពុជា​ស្វាគមន៍​នូវ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ពាក់ព័ន្ធ​នៃ​បណ្តា​ប្រទេស​ជា​មិត្ត​ទាំងអស់។

ក្រសួង​មហាផ្ទៃ អះអាង​ថា សេចក្តី​រាយការណ៍​របស់​គេហទំព័រ CNA មិន​ត្រឹមតែ​ប៉ះពាល់​ដល់​កម្ពុជា ទេ តែ​ក៏​ប៉ះពាល់​ដល់​ក្រុម​ការងារ​នៃ​ប្រទេស​ជា​ដៃគូ (TASK FORCE) ថែមទៀត ដែល​ក្នុង​នោះ កម្ពុជា បាន​ផ្ដល់​កិច្ចសហប្រតិបត្តិការ​យ៉ាង​សកម្ម និង​ជិតស្និទ្ធ​រហូត​មក។

ប្រភព​ដដែល​បញ្ជាក់​ថា ថ្វីត្បិតតែ​ទទួល​បាន​លទ្ធផល​ដូច​បច្ចុប្បន្ន​នេះ​ក្តី ប៉ុន្តែ​សមត្ថកិច្ច​កម្ពុជា​នៅតែ​ខិតខំ​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​ជា​ប្រចាំ ដើម្បី​សុខ​សុវត្ថិភាព​របស់​សង្គម​ជាតិ​ខ្លួន​ផង និង​សម្រាប់​ប្រជាពលរដ្ឋ​រងគ្រោះ​នៃ​បណ្តា​ប្រទេស​អន្តរជាតិ​ជា​មិត្ត ដែល​កំពុង​ផ្តល់​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សមត្ថកិច្ច​កម្ពុជា ផង​ដែរ។

កាលពី​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ទីភ្នាក់ងារ​សារព័ត៌មាន​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​សិង្ហបុរី CNA បាន​ធ្វើ​សេចក្តី​រាយការណ៍​មួយ​ដោយ​ដាក់​ចំណងជើង​ថា «មជ្ឈមណ្ឌល​ឆបោក​នៅ​កម្ពុជា មិន​ទៅ​ណា​ទេ ដោយសារ​ប្រតិបត្តិការ​របស់​សមត្ថកិច្ច​បង្ក្រាប​បាន​តែ​បុគ្គល​តូចតាច»។ ចំណែកឯ​ប្រតិបត្តិការ​បង្ក្រាប​អំពើ​ឆបោក​នេះ គ្រាន់តែ​ចង់​បង្ហាញ​ថា​សមត្ថកិច្ច​កំពុង​ធ្វើការ​យ៉ាង​សកម្ម​ប៉ុណ្ណោះ។

ប្រភព​ដដែល​អះអាង​ថា ពេលនេះ​ប្រទេស​កំពុង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ជា​លក្ខណៈ​អន្តរជាតិ​យ៉ាង​តឹងរ៉ឹង បន្ទាប់ពី​មាន​ការ​ចោទប្រកាន់​អំពី​ទំនាក់ទំនង​បោកប្រាស់​ជាមួយ​ក្រុមហ៊ុន Prince Group និង​ការ​ស្លាប់​របស់​និស្សិត​កូរ៉េខាងត្បូង ម្នាក់ ក្នុង​សំណុំរឿង​ឆបោក​កាលពី​ពេល​ថ្មីៗ​នេះ។

យ៉ាងណាក៏ដោយ យោង​របាយការណ៍​ក្រសួង​មហាផ្ទៃ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៦ វិច្ឆិកា នេះ បាន​ឱ្យ​ដឹង​ថា កម្ពុជា​បាន​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ចំនួន ២៤​លើក​ក្នុង​ឆ្នាំ​២០២៥ នេះ ក្នុង​នោះ​តាម​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ដោយ​ផ្ទាល់​ចំនួន ១៣​លើក និង​តាម​កិច្ចសហប្រតិបត្តិការ​ជាមួយ​សមត្ថកិច្ច​បរទេស​ចំនួន ១១​លើក។

របាយការណ៍​ដដែល អះអាង​ថា ក្នុង​ប្រតិបត្តិការ​នេះ បាន​ឃាត់​ខ្លួន​ជនបរទេស​ជិត ២​ពាន់​នាក់ (១៨៥៩​នាក់) និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចំនួន ១១​ករណី ព្រមទាំង​ឃាត់​ខ្លួន​ជនសង្ស័យ​ជា​មេខ្លោង និង​មុខសញ្ញា​ដែល​ងាយ​នឹង​ប្រព្រឹត្ត​បទល្មើស​ម្តង​ទៀត​ជាង ១០០​នាក់​ផង​ដែរ (១៤៨​នាក់)៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស