32.1 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ហៅ​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ស្រុក​មក​រៀន​ពី​បច្ចេកទេស​កិច្ចការ​ព្រំដែន​ឱ្យ​ច្បាស់លាស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ស្រុក ទៅ​កម្ពុជា​ដោយ​ផ្ទាល់ ឬ​ចាត់​អ្នក​តំណាង​មក​សិក្សា​ពី​អ្នក​បច្ចេកទេស​លើ​កិច្ចការ​ព្រំដែន​ក៏បាន ដើម្បី​ឱ្យ​ពួកគេ​មាន​សមត្ថភាព​និយាយ​ពី​កិច្ចការ​ព្រំដែន​សម​ហេតុផល។

លោក ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ វិច្ឆិកា នេះ​ថា ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា កំពុង​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង លោក​មិន​ចង់​ឆ្លើយឆ្លង​ជាមួយ​អ្នក​នយោបាយ​ខ្មែរ​មួយ​ចំនួន​នោះ​ទេ។

លោក​អះអាង​ថា រហូត​មក​ដល់​ពេលនេះ ការ​និយាយ​ពាក់ព័ន្ធ​នឹង​កិច្ចការ​ព្រំដែន​របស់​ក្រុម​ប្រឆាំង ដូចជា​លោក អ៊ុំ សំអាន ជាដើម ហាក់ដូចជា​គ្មាន​អ្វី​ច្បាស់លាស់ ឬ​អាច​យក​ជា​ការ​បាន​ឡើយ ទាំង​មូលដ្ឋាន​បច្ចេកទេស​ផែនទី ទាំង​មូលដ្ឋាន​ច្បាប់ និង​ឯកសារ​យោង​នានា។

នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ​បញ្ជាក់​ថា ទោះ​លោក​មិន​ចង់​ឆ្លើយតប​ជាមួយ​ក្រុម​ប្រឆាំង​ពី​បញ្ហា​ព្រំដែន​ក៏ដោយ ប៉ុន្តែ​ពេល​ខ្លះ​ក៏​មាន​ការ​ចាំបាច់​ក្នុង​ការ​លើកឡើង​នូវ​ចំណុច​មួយ​ចំនួន​ដែរ ដើម្បី​កុំ​ឱ្យ​ពួកគេ​ប្រឌិត​រឿង​មិន​ពិត​ក្នុង​ចេតនា​កេង​ចំណេញ​នយោបាយ និង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ច្រឡំ​មក​លើ​រាជរដ្ឋាភិបាល​នោះ។

នៅ​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ នេះ អតីត​មន្ត្រី​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​ក្រៅ​ស្រុក អះអាង​ថា តំបន់ Pong Nam Ron គឺជា​តំបន់​ដែល​ជាប់​នឹង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង ហើយ​ក៏​ជា​អតីត​តំបន់​មូលដ្ឋាន​យោធា​ខ្មែរក្រហម​ដែល​លោក អៀង សារី បាន​កាន់កាប់ និង​មាន​លោក អ៊ី ឈាន ជា​មេទ័ព​នា​សម័យ​សង្គ្រាម​ស៊ីវិល​ក្នុង​ទសវត្ស​ឆ្នាំ​១៩៨០។

ប្រភព​ដដែល បញ្ជាក់​ថា ពេល​នេះ រដ្ឋាភិបាល​កម្ពុជា បាន​ទទួលស្គាល់​ព្រំដែន​ថ្មី​នៅ​តំបន់​នោះ ដែល​ធ្វើ​ឱ្យ​ខ្មែរ​បាត់បង់​ទឹកដី​ជាច្រើន​គីឡូម៉ែត្រ​ការ៉េ​ទៅ​ប្រទេស​ថៃ ក្រោយ​បញ្ចប់​ការ​បោះ​បង្គោល​រណប​បណ្ដោះអាសន្ន​ពី​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៥២ ដល់​បង្គោល​ព្រំដែន​លេខ​៥៩ កាលពី​ពេល​ថ្មីៗ​នេះ។

យ៉ាងណាក៏ដោយ អតីត​មេ​ខ្មែរក្រហម និង​ជា​អតីត​អភិបាល​ខេត្ត​ប៉ៃលិន លោក អ៊ី ឈាន សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ វិច្ឆិកា នេះ​ដែរ​ថា តំបន់​ចន្លោះ​ព្រំដែន​លេខ​៥២ និង​៥៩ កាលពី​សម័យ​សង្គ្រាម​ត្រូវ​បាន​កាន់កាប់​ដោយ​លោក សុន សេន មិនមែន​លោក អៀង សារី ទេ គ្មាន​ការ​បាត់បង់​ទឹកដី​ទៅ​ប្រទេស​ថៃ ឡើយ ក្នុង​នាម​លោក​ជា​សាក្សី​រស់​ម្នាក់​ដែល​ធ្លាប់​កាន់កាប់​តំបន់​នោះ។

អតីត​មេ​ខ្មែរក្រហម​រូប​នេះ​ចាត់ទុក​ការ​លើកឡើង​របស់​មន្ត្រី​បក្ស​ប្រឆាំង ដែល​ថា​លោក​ធ្លាប់​អះអាង​ពី​ការ​បាត់បង់​ទឹកដី​ខ្មែរ​រាប់​រយ​ម៉ែត្រ​នៅ​តំបន់ Pong Nam Ron ជាប់​ស្រុក​កំរៀង ខេត្ត​បាត់ដំបង ទៅ​ប្រទេស​ថៃ ថា​ជា​ការ​ប្រឌិត ញុះញង់ កេង​ចំណេញ​នយោបាយ​ក្នុង​ចេតនា​បង្ក​ចលាចល​សង្គម​ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ កាសែត​ថៃ ខៅស៊ុត (Khaosod) បាន​រាយការណ៍​កាលពី​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ថា ក្រុម​ចម្រុះ​ថៃ-កម្ពុជា បាន​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​បណ្ដោះអាសន្ន​ប្រវែង​ជាង ៨​គីឡូម៉ែត្រ (៨,៣​គីឡូម៉ែត្រ) និង​ដាំ​បង្គោល​ព្រំដែន​បណ្ដោះអាសន្ន​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៥២ និង​លេខ​៥៩ ក្នុង​ស្រុក​ពុងណាំរ៉ុន ខេត្ត​ចាន់បុរី កាលពី​ថ្ងៃ​អង្គារ ដើម​សប្តាហ៍​នេះ។

កាសែត​ថៃ ដដែល​នេះ​បញ្ជាក់​ថា បេសកកម្ម​នេះ​សម្រេច​បាន ១០០% ដោយ​បាន​ដំឡើង​បង្គោល​ចំនួន ១៦៦​បង្គោល ខណៈ​ចំណុច​សំខាន់​បំផុត​នោះ គឺ​ការ​បោះ​បង្គោល​ព្រំដែន​បណ្ដោះអាសន្ន​នេះ គឺ​ផ្អែក​លើ​ទីតាំង​កំណត់​ព្រំដែន​ដើម​ដែល​បាន​បង្កើត​ឡើង​ជាង ១២០​ឆ្នាំ​មុន មិនមែន​ប្រើប្រាស់​តាម​ផែនទី​ខ្នាត ១/២០០០០០ នោះ​ទេ។

ជុំវិញ​បញ្ហា​នេះ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន បាន​ចេញ​សេចក្តី​ប្រកាស​កាលពី​ថ្ងៃទី​២៦ វិច្ឆិកា អំពី​ការងារ​ចុះ​វាស់វែង និង​បោះ​បង្គោល​បណ្ដោះអាសន្ន​នេះ​ថា​ជា​ការ​វាស់វែង​ឈរ​លើ​មូលដ្ឋាន​នៃ​ឯកសារ​គតិយុត្តិ ដែល​បន្សល់​ទុក​ពី​អាណាព្យាបាល​បារាំង៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស