33.8 C
Phnom Penh

មនុស្សរាប់​ពាន់​នាក់​ហែ​ក្បួន​ក្នុង​ទីក្រុង​ប្រមាណ ៨០​ទីក្រុង​លើ​ពិភពលោក ដើម្បី​គាំទ្រ​មេដឹកនាំ​បក្ស​ប្រឆាំង​វេណេហ្ស៊ុយអេឡា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកគាំទ្រ​មេដឹកនាំ​បក្ស​ប្រឆាំង​វេណេហ្ស៊ុយអេឡា អ្នកស្រី María Corina Machado បាន​ដើរ​ក្បួន​បាតុកម្ម​សន្តិវិធី​នៅ​ក្នុង​ទីក្រុង​មិន​តិច​ជាង ៨០ ជុំវិញ​ពិភពលោក ក្នុង​គោលបំណង​បង្ហាញ​ការ​គាំទ្រ​ដល់​អ្នកស្រី María Corina Machado ដែល​អ្នកស្រី​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទទួល​ពានរង្វាន់​ណូបែល​សន្តិភាព​នៅ​ទីក្រុង​អូស្លូ ប្រទេស​ន័រវែស។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន The Washington Times ចុះផ្សាយ​នៅ​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​សារព័ត៌មាន​រាយការណ៍​ថា បាន​នាំគ្នា​ដើរ​ដង្ហែ​ក្បួន​នៅ​ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ ទីក្រុង Utrecht ប្រទេស​ហុឡង់ដ៍ និង​ទីក្រុង​ផ្សេង​ទៀត​ដែល​បន្ថែម​លើស​ពី​ការ​ស្រឡាញ់​អ្នកស្រី Machado គឺ​ការ​ជំរុញ​ឱ្យ​ប្រទេស​វេណេហ្ស៊ុយអេឡា ឲ្យ​ទៅ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ពិតប្រាកដ​ឆាប់ៗ​ឡើងវិញ។

ព្រឹត្តិការណ៍​នេះ កើតឡើង​ចំ​ពេល​ប្រទេស​វេណេហ្ស៊ុយអេឡា ធ្លាក់​ក្នុង​សភាពការណ៍​នៃ​ការ​អូស​បន្លាយ​នៃ​សម្ពាធ​យោធា​សហរដ្ឋ​អាមេរិក​នៃ​រដ្ឋការ​របស់​លោក ដូណាល់ ត្រាំ ជាច្រើន​សប្ដាហ៍​មក​ហើយ។

សហរដ្ឋ​អាមេរិក បាន​បង្ហាញ​វត្តមាន​ទ័ព​របស់​ខ្លួន​ក្នុង​ចំនួន​ដ៏​ច្រើន​មិន​ធ្លាប់​មាន​ចាប់ពី​សង្គ្រាម​ត្រជាក់ និង​ធំ​ជាង​យុទ្ធនាការ​វាយប្រហារ​មេដឹកនាំ​លីប៊ី ហ្កាដាហ្វី ទៅ​ទៀត។ លោក ម៉ាឌូរ៉ូ ជឿជាក់​ថា ផែនការ​អាមេរិក​នៃ​រដ្ឋការ​លោក ត្រាំ សំដៅ​ទៅ​លើ​របប​ដឹកនាំ​របស់​លោក ជាជាង​ធ្វើ​សង្គ្រាម​គ្រឿងញៀន។

ជុំវិញ​សភាពការណ៍​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា ដ៏​តានតឹង​នេះ អ្នកស្រី Machado បាន​និយាយ​នៅ​ក្នុង​សារ​វីដេអូ​មួយ។ អ្នកស្រី​បាន​លើក​ទឹកចិត្ត​ពលរដ្ឋ​របស់​អ្នកស្រី​ថា៖ «យើង​កំពុង​រស់នៅ​ក្នុង​ការ​ឆ្លងកាត់​ពេលវេលា​នៃ​ភាព​ស្ងប់ស្ងាត់​របស់​យើង ការ​ផ្ដន្ទាទោស​សេរីភាព​របស់​យើង ប៉ុន្តែ​ប្រទេស​របស់​យើង​កំពុង​ត្រូវ​បាន​គេ​សាកល្បង​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ដ៏​អាក្រក់​មួយ​ដែល​យើង​បាន​តស៊ូ​ប្រឆាំង​របប​ផ្ដាច់ការ​មួយ​នេះ​អស់​ជាច្រើន​ឆ្នាំ។»

អ្នកស្រី Machado សង្កត់​ធ្ងន់​ថា ឥឡូវ​នេះ​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជាជន​វេណេហ្ស៊ុយអេឡា ត្រូវ​បាន​ទទួលស្គាល់​ដោយ​រង្វាន់​ណូបែល​សន្តិភាព​ដ៏​មាន​សារសំខាន់​នេះ។

អ្នកស្រី Machado បាន​ឈ្នះ​ពានរង្វាន់​ណូបែល​សន្តិភាព​កាលពី​ថ្ងៃទី​១០ ខែ​តុលា ដោយសារ​ការ​លះបង់​របស់​អ្នកស្រី​ដើម្បី​សម្រេច​បាន​ការ​ផ្លាស់ប្ដូរ​ពី​របប​ផ្ដាច់ការ​ទៅ​របប​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រជាជាតិ​អាមេរិក​ខាងត្បូង​មួយ​នេះ​ឡើងវិញ។

គណៈកម្មការ​ណូបែល​ន័រវែស បាន​ហៅ​អ្នកស្រី Machado ជា​ស្ត្រី​ដ៏​អង់អាច​មួយ​រូប​ដែល​រក្សា​អណ្ដាតភ្លើង​នៃ​លទ្ធិប្រជាធិបតេយ្យ​ដែល​កំពុង​ឆេះ​ចំ​ពេល​ភាព​ងងឹត​កំពុង​កើន​ឡើង​នៅ​ក្នុង​របប​លោក ម៉ាឌូរ៉ូ។

អ្នកស្រី Machado បច្ចុប្បន្ន​មាន​អាយុ ៥៨​ឆ្នាំ។ អ្នកស្រី​ជា​មេដឹកនាំ​បក្ស​ប្រជាជន​រួបរួម។ អ្នកស្រី​បាន​ឈ្នះ​ការ​បោះឆ្នោត​បឋម​ក្នុង​ពេល​ឈរឈ្មោះ​ប្រជែង​នឹង​លោក Maduro នៅ​ក្នុង​ការ​បោះឆ្នោត​ស្ទង់មតិ​នៅ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៤ ដោយ​អ្នកស្រី​បាន​ឈ្នះ​ភ្លូកទឹកភ្លូកដី​លើ​លោក ម៉ាឌូរ៉ូ។ តែ​ដល់​ជិត​ថ្ងៃ​បោះឆ្នោត លោក ម៉ាឌូរ៉ូ ប្រើ​ល្បិច​ចោទ​អ្នកស្រី​ពី​បទ​បង្ក​ការ​ញុះញង់​មាន​ផែនការ​ផ្ដួល​របប​របស់​លោក។

ដោយ​មើល​ឃើញ​ដូចនេះ រដ្ឋអំណាច​របស់​រដ្ឋាភិបាល​លោក ម៉ាឌូរ៉ូ បាន​រារាំង​អ្នកស្រី Machado ពី​ការ​ឈរឈ្មោះ​ដណ្ដើម​តំណែង​ប្រធានាធិបតី ធ្វើ​ឱ្យ​អ្នកស្រី Machado ពុំ​មាន​សិទ្ធិ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ឡើយ។

យ៉ាងនេះ​ក្ដី ពេល​នោះ​គណបក្ស​របស់​អ្នកស្រី​បាន​សម្រេច​តែងតាំង​អ្នក​ការទូត​ចូលនិវត្តន៍ គឺ​លោក Edmundo González ឱ្យ​ឈរឈ្មោះ​បេក្ខជន​ប្រធានាធិបតី​ជំនួស​អ្នកស្រី។

លោក González ក៏បាន​ឈ្នះ​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី និង​បោះឆ្នោត​សភា​នៅ​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៤ ផង​ដែរ។ នេះ​បើ​តាម​របាយការណ៍​របស់​អ្នក​សង្កេតការណ៍​ជាតិ​ឯករាជ្យ និង​អន្តរជាតិ។ តែ​ក្រោយ​មក ត្រូវ​បាន​គណៈកម្មការ​បោះឆ្នោត​វេណេហ្ស៊ុយអេឡា ប្រកាស​ថា​បក្ស​សង្គម​និយម​របស់​លោក ម៉ាឌូរ៉ូ ជា​អ្នក​ឈ្នះ​ទៅវិញ។

ចាប់ពី​លោក ម៉ាឌូរ៉ូ ឈ្នះ​ឆ្នោត​មក លោក González រង​នូវ​ការ​គំរាមកំហែង​រហូត​លោក​សម្រេច​រត់​ចាកចេញ​ពី​ប្រទេស​វេណេហ្ស៊ុយអេឡា ជា​ប្រទេស​កំណើត​របស់​លោក​ទៅ​រស់នៅ​អេស្ប៉ាញ។

ក្រោម​ការ​ដឹកនាំ​របស់​លោក ម៉ាឌូរ៉ូ និង​ក្រោម​រដ្ឋអំណាច​របស់​បក្ស​សង្គម​និយម​របស់​លោក ម៉ាឌូរ៉ូ បើ​យោង​តាម​របាយការណ៍​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ បាន​ឱ្យ​ដឹង​ថា ការ​បោះឆ្នោត​មាន​ការ​គាបសង្កត់​យ៉ាង​ខ្លាំង ការ​ដក​សិទ្ធិ ការ​ចាប់​ខ្លួន និង​ការ​រំលោភ​សិទ្ធិ​នយោបាយ​កើតមាន​សឹង​គ្រប់​រូបភាព។ អ្នកទោស​នយោបាយ​កើន​ឡើង​ដល់​ទៅ​ជិត ១០០០​នាក់។

អ្នកស្រី Machado ដែល​ដើម្បី​សុវត្ថិភាព ក៏​អ្នកស្រី​ត្រូវ​បាន​រស់​លាក់​ខ្លួន ដែល​គេ​មិន​ដឹង​ថា​អ្នកស្រី​កំពុង​រស់នៅ​ទីណា​ពិតប្រាកដ​ទេ​នៅ​ពេលនេះ។ អ្នកស្រី Machado យ៉ាងណាមិញ​លើកឡើង​ថា ប្រសិនបើ​របប​លោក ម៉ាឌូរ៉ូ ត្រូវ​បាន​ផ្ដួល​រំលំ គឺ​រយៈពេល ១០០​ថ្ងៃ ប្រទេស​វេណេហ្ស៊ុយអេឡា នឹង​ប្រែ​មុខមាត់​ថ្មី ហើយ​អ្នកស្រី​នឹង​នាំ​វេណេហ្ស៊ុយអេឡា សម្រេច​គម្រោង​ដ៏​ធំ​មហិមា​បំផុត គឺ​ទំហំ​សាច់ប្រាក់​ជាង ២​ទ្រីលាន​ដុល្លារ នឹង​ត្រូវ​បាន​ត្រឡប់​មកវិញ ដោយ​ត្រូវ​យក​មក​ធ្វើការ​អភិវឌ្ឍ​វេណេហ្ស៊ុយអេឡា ឡើងវិញ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស