ប្រជាពលរដ្ឋរងគ្រោះក្នុងគម្រោងអភិវឌ្ឍន៍ដីឡូត៍ឧកញ៉ា ឡេង ណាវ៉ាត្រា ជាង ១០០នាក់ បានប្រមូលផ្ដុំគ្នានៅថ្ងៃព្រហស្បតិ៍ ដោយហៅអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថាជាជនឆបោក និងទាមទារឱ្យចេញមុខដោះស្រាយការខកខានប្រគល់ផ្ទះ និងដីឡូត៍ដែលពួកគេបានទិញពីក្រុមហ៊ុនរបស់គាត់អស់ជាច្រើនឆ្នាំកន្លងមកនោះ។
ពលរដ្ឋរងគ្រោះក្នុងគម្រោងផ្លូវជាតិលេខ ៦A និងគម្រោងជ្រែ១០០ នៃក្រុមហ៊ុនអចលនទ្រព្យឧកញ៉ា ឡេង ណាវ៉ាត្រា ប្រមាណជាង ១០០នាក់ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នេះ បានឈរកាន់បដា និងប្រើគ្រឿងឧគ្ឃោសនស័ព្ទបំពងសំឡេងដោយនាំគ្នាបិទផ្លូវនៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីទាមទារយុត្តិធម៌។
ពលរដ្ឋរងគ្រោះទាំងនោះស្រែកខ្លាំងៗព្រមៗគ្នាតាមឧបករណ៍បំពងសំឡេងថា ឧកញ៉ា ឡេង ណាវ៉ាត្រា គឺជាឧកញ៉ាបោកប្រាស់ ព្រោះគាត់តែងតែបង្ហាញលុយ និងរថយន្តទំនើបដែលជាកម្មសិទ្ធិរបស់ខ្លួន ប៉ុន្តែបែរជាមិនយកលុយដែលខ្លួនបង្អួតទាំងនោះមកចាក់ដីបំពេញដីឡូត៍ និងសាងសង់ផ្ទះល្វែងដែលពលរដ្ឋរងគ្រោះបានទិញទៅវិញ។
ពលរដ្ឋទាំងនេះសរសេរអក្សរធំៗលើផ្ទាំងបដាដោយភ្ជាប់ជាមួយរូបថតឧកញ៉ា ឡេង ណាវ៉ាត្រា ថា «ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវតែសងលុយពួកគេដែលបានទិញផ្ទះក្នុងគម្រោងជ្រែ១០០ ត្រឡប់ឲ្យពួកគេវិញ»។ ចំណែកបដាខ្លះសរសេរថា «ឧកញ៉ាមានលុយថតបង្អួតដាក់ហ្វេសប៊ុក លុយចាយទិញសម្ភារៈទំនើបៗ និងអាហារថ្លៃៗ តែមិនមានលុយសាងសង់ផ្ទះដែលពួកគេបានទិញ»។
ពលរដ្ឋរងគ្រោះក្នុងគម្រោងផ្លូវជាតិលេខ ៦A និងគម្រោងជ្រែ១០០ ស្នើឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួយរកយុត្តិធម៌ ព្រោះពួកគេបានចាញ់បោកក្នុងគម្រោងដីឡូត៍របស់ឧកញ៉ា ឡេង ណាវ៉ាត្រា អស់ជាច្រើនឆ្នាំមកហើយ។
ការចេញតវ៉ាទាមទារនេះ ធ្វើឡើងបន្ទាប់ពីឧកញ៉ា ឡេង ណាវ៉ាត្រា បានចេញមុខដោះស្រាយការខកខានការប្រគល់ផ្ទះឱ្យនាយទាហានខ្មែរម្នាក់ដែលបានចេញតវ៉ាជាមួយក្រុមហ៊ុនកាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ មន្ត្រីយោធាខ្មែរមួយរូបឈ្មោះ វ៉ិត គឹមសាន ដែលចាញ់បោកគម្រោងដីឡូត៍ផ្លូវជាតិលេខ ៦A របស់ឧកញ៉ា ឡេង ណាវ៉ាត្រា បានអង្វរសុំឱ្យប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ជួយធ្វើអន្តរាគមន៍រកដំណោះស្រាយ ក្រោយក្រុមហ៊ុននេះមិនប្រគល់ផ្ទះឱ្យខ្លួនអស់ជាច្រើនឆ្នាំ។
ក្រោយការចេញមុខទាមទារនេះ ឧកញ៉ា ឡេង ណាវ៉ាត្រា បានអះអាងកាលពីថ្ងៃទី១៤ ខែមករា ថា ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងការយោគយល់របស់លោក វ៉ិត គឹមសាន ព្រមទទួលយកដំណោះស្រាយ ក្រុមហ៊ុននឹងរៀបចំបន្តការសាងសង់តាមស្មារតីអង្គប្រជុំក្នុងខែមករា ឆ្នាំ២០២៦ នេះបន្តទៀត។
គម្រោងដីឡូត៍ និងផ្ទះល្វែងផ្លូវជាតិលេខ ៦A និងគម្រោងជ្រែ១០០ របស់ឧកញ៉ា ឡេង ណាវ៉ាត្រា បានខកខានផ្តល់ដី និងផ្ទះឱ្យអតិថិជនតាំងពីអំឡុងឆ្នាំ២០២៣ មក ក្នុងនោះ ភស្តុតាងទិញ-លក់រវាងក្រុមហ៊ុន និងអតិថិជនជាច្រើនបានបង្ហាញថា ក្រុមហ៊ុនមួយនេះមិនបានអនុវត្តតាមកិច្ចសន្យាទេ ហើយបើគិតតាំងពីពេលដែលចុះកិច្ចសន្យាមក រហូតដល់ពេលនេះ គឺមានរយៈពេលប្រមាណជា ៧ឆ្នាំហើយ។
ជាក់ស្តែង កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៣ អតិថិជនរងគ្រោះពីការទិញលំនៅឋានក្នុងបុរីឧកញ៉ា ឡេង ណាវ៉ាត្រា បានលាតត្រដាងថា ក្រុមហ៊ុនអចលនទ្រព្យរបស់ឧកញ៉ារូបនេះបានរំលោភកិច្ចសន្យាទិញ-លក់ផ្ទះជាមួយខ្លួនជាច្រើនឆ្នាំ ព្រោះខាងភាគីក្រុមហ៊ុនមិនបានសាងសង់ផ្ទះឱ្យខ្លួនដូចមានចែងក្នុងកិច្ចព្រមព្រៀងឡើយ ព្រោះថាបើគិតមកដល់ឆ្នាំ២០២៦ នេះ ប្រហែលជា ៧ឆ្នាំហើយដែលក្រុមហ៊ុនមិនបានផ្តល់ផ្ទះ និងដីឱ្យអតិថិជនទាំងនោះ។
បន្ថែមពីនេះ អតិថិជនខ្លះទៀតបានទម្លាយថា ខ្លួនបានទិញផ្ទះពីបុរី ឡេង ណាវ៉ាត្រា ក្នុងគម្រោងផ្លូវជាតិលេខ ៦A ដោយចុះកិច្ចសន្យារយៈពេល ២៤ខែ ក្រុមហ៊ុននឹងសង់ផ្ទះឱ្យរួចរាល់ ប៉ុន្តែមកដល់ពេលនេះ ក្រុមហ៊ុនមិនទាន់បានសង់ផ្ទះឱ្យខ្លួននៅឡើយទេ គិតចាប់តាំងពីខែតុលា ឆ្នាំ២០២១ មក ខណៈរូបគេបានបង់លុយផ្តាច់ទៅឱ្យក្រុមហ៊ុនអស់ជិត ២ម៉ឺនដុល្លារអាមេរិកទៅហើយនោះ (១៧៨០០ដុល្លារ)។
ទាក់ទិននឹងបញ្ហានេះ អតីតឧកញ៉ា ហេង សិទ្ធី ដែលកំពុងជាប់ឃុំដោយសារការទម្លាយរឿងអាស្រូវត្រកូលហ៊ុន បានអះអាងកាលពីពេលកន្លងទៅថា ការដែលឧកញ៉ា ឡេង ណាវ៉ាត្រា លក់ដីខ្យល់ និងផ្ទះខ្យល់ឱ្យប្រជាពលរដ្ឋ ដោយសារតែគាត់ធ្វើតាមបញ្ជារបស់ឧកញ៉ា ហ៊ុន តូ ប៉ុណ្ណោះ។
អតីតពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូង ឡេង ភត្រា ដែលគេស្គាល់ជាទូទៅថាឧកញ៉ា ឡេង ណាវ៉ាត្រា ប្រើពេល ៤ឆ្នាំក្នុងអាជីវកម្មអចលនទ្រព្យចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៤ បានក្លាយជាអ្នកមានទ្រព្យធនស្តុកស្តម្ភ។
ក្រោយក្លាយជាសេដ្ឋីវ័យក្មេង ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបង្ហាញលុយដែលខ្លួនបានផ្តល់ឱ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ជាលុយសុទ្ធក្រោមរូបភាពជំនួយមនុស្សធម៌ផ្សេងៗរហូតដល់ជាង ២០លានដុល្លារអាមេរិកផងដែរ ដែលនាំឱ្យមានការសង្ស័យថា ឧកញ៉ារូបនេះកំពុងតែឈរឈ្មោះរកស៊ីលាងលុយកខ្វក់ឱ្យអ្នកមានអំណាចកំពូលនៅប្រទេសកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

